ភ្នំពេញៈ បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ប្រភេទ AstraZeneca ដែលជា​ជំនួយ​ទ្វេភាគី​របស់​រដ្ឋាភិបាល​ជប៉ុន​ជំហាន​ទី ២ ជូន​ដល់​ប្រទេស​កម្ពុជា​ចំនួន ៦៦៨ ០០០ ដូស​បន្ថែមទៀត នឹង​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​របស់​កម្ពុជា​នៅ​យប់​ថ្ងៃទី ៦ ខែ​សីហា​នេះ។ នេះ​បើ​យោងតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ប្រាប់​សារព័ត៌មាន។

ជំនួយ​វ៉ាក់សាំង​កូវីដ ១៩ (Astra Zeneca) ចំនួន ៣៣២ ពាន់ដូស​ ជំហាន​ទី១ របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ដឹក​មកដល់​កម្ពុជា​រួចហើយ​កាលពី​រាត្រី​ថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២១ ដោយ​មាន​ការប្រគល់​ទទួល​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

បើតាម​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ជំនួយ​វ៉ាក់សាំង​កូវីដ ១៩ (Astra Zeneca) ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​ជំងឺ​កូវីដ ១៩ នៅលើ​សកលលោក ហើយ​រដ្ឋាភិបាល​ជប៉ុន​មាន​ការរីករាយ​ក្នុង​ការផ្តល់​វ៉ាក់សាំង​ AstraZeneca ប្រមាណ​មួយ​លានដូស ដែល​បាន​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​ឱ្យ​ប្រទេស​កម្ពុជា។

នៅក្នុង​លិខិត​របស់លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រី​ជប៉ុន​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសរសេរ​ថា៖ «ខ្ញុំ​សង្ឃឹមថា​ជំនួយ​លើក​នេះ​នឹង​រួមចំណែក​ជួយ​ដល់​វិធានការ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូវីដ ១៩ នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ជួយ​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ដែលជា​មិត្ត​ដ៏សំខាន់​របស់​ប្រជាជន​ជប៉ុន»៕