ក្រចេះ: អភិបាលក្រុង​ក្រចេះ​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចុះ​អនុវត្ត​ការផ្អាក​អាជីវកម្ម​ផលិត​ស្រាស គ្មាន​ច្បាប់​អនុញ្ញាត និង​ទប់ស្កាត់​ការលក់​ស្រាស ក្លែងក្លាយ​គ្មាន​គុណភាព ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព ឬ គ្រោះថ្នាក់​ដល់​អាយុជីវិត។

យោងតាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខ​ដោយ​លោក សេក ប៊ុនហេង អភិបាលក្រុង​ក្រចេះ ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី ៦ ខែ​សីហា​នេះ មាន​សមាសភាព​ចំនួន ៨ រូប រួមទាំង​ចៅសង្កាត់​ទាំង ៥ របស់​ក្រុង​ក្នុ​ងនោះ​អភិបាលក្រុង​ក្រចេះ​លោក សេក ប៊ុន ហេង ជា​ប្រធាន។

បើតាម​សេចក្តី​សម្រេច​នេះ ក្រុមការងារ​នេះ​មាន​តួនាទី និង​ភារកិច្ច​សហការ​ជាមួយ​មន្ទីរជំនាញ ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​បិតស្រាស​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ឱ្យ​មាន​ច្បាប់​អនុញ្ញាត​ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រោងចក្រ សិប្បកម្ម។

ទប់ស្កាត់​រាល់​ការលក់​ស្រាស​ក្លែងក្លាយ និង​ផលិត​ស្រាស​គ្មាន​គុណភាព។

ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​ផលិត​ស្រាស មិន​ត្រូវ​ប្រើប្រាស់​នូវ​សារធាតុ​គីមី​ហាមឃាត់ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​អ្នកប្រើប្រាស់។

ណែនាំ​ឱ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ឱ្យ​ផលិត​ស្រាស (ស្រា​អង្ករ) ត្រូវមាន​អនាម័យ និង​មាន​គុណភាព ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​ស្តង់ដា និង​ណែនាំ​ឱ្យ​ម្ចាស់​សិប្បកម្ម មាន​ផលិតផល​ស្រាស​ដែល​ខ្លួន​បាន​ផលិត​មក​វិភាគ​ឱ្យបាន​ទៀងទាត់​ជា​រៀងរាល់​ខែ៕