ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ប្រាប់​ដល់​ប្រធាន​មន្ទីរពេទ្យ​ថ្នាក់​ជាតិ មជ្ឈមណ្ឌល​ជាតិ មន្ទីរពេទ្យ​រាជធានី-ខេត្ត-ស្រុក-ខណ្ឌ មណ្ឌល​សុខភាព និង​សេវា​សុខាភិបាល​ឯកជន រួម​ជា​មួយ​នឹង​មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរ​សម្រាកព្យាបាល និង​មន្ទីរសម្ភព​រៀបចំ​ចាត់ចែង និង​អនុវត្ត​ការ​ទទួល​យក​អ្នក​ជំងឺ​ព្យាបាល​នៅ​តាម​សេវា​សាធារណៈ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ម៉ម ប៊ុនហេង ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃទី ៦ ខែសីហា នេះ​បាន​ឱ្យ​ដឹង​ថា រយៈកាល​កន្លង​មក​នេះ មាន​បាតុភាព​បាន​កើត​ឡើង​ជារឿយៗ ដែល​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ បាន​ទៅរក​កន្លែង​ព្យាបាល​នៅ​តាម​សេវា​សាធារណៈ​មន្ទីរពេទ្យរដ្ឋ និង​សេវា​សុខាភិបាល​ឯកជន (គ្លីនិកឯកជន) បែរ​ជា​មិន​ទទួល​យក​ពួកគាត់​មក​ធ្វើ​ការ​ព្យាបាល ដែល​ធ្វើឱ្យ​ជះ​ឥទ្ធិពល​មិន​ល្អ​មក​លើ​ក្រសួង​សុខាភិបាល និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូពេទ្យ។

ចំពោះ​បញ្ហា​នេះ ក្រសួង​សុខាភិបាល​សូម​ធ្វើការ​ណែនាំ ចំនួន ៥ ចំណុច មានដូចខាងក្រោមនេះ៖

១ ចំពោះ​មន្ទីរ​ពេទ្យជាតិ និង​មជ្ឈមណ្ឌលជាតិ ត្រូវតែ​ប្រកាន់​យក​គោលការណ៍​ទទួល​សង្គ្រោះ ព្យាបាល​អ្នកជំងឺ​ជា​ដាច់ខាត ដោយ​អាច​ប្រើប្រាស់​តេស្ដ​រហ័ស​រក​អង់ទីហ្សែន​កូវីដ១៩ ក្នុងការ​ញែក​អ្នកជំងឺ​កូវីដ ១៩​ឡើយ។

ក្នុង​ករណី​ដែល​ធ្វើ​តេស្ត​ទៅ​ឃើញ​អវិជ្ជមាន​កូវីដ ១៩ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​តាម​ផ្នែក និង​តាម​បច្ចេកទេស​ព្យាបាល​ធម្មតា និង​ក្នុង​ករណី​ធ្វើ​តេស្ត​ទៅ​ឃើញ​វិជ្ជមាន​កូវីដ ១៩ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​បន្ទប់​ដាច់​ដោយឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩។

មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ត្រូវមាន​លេខ​ទូរស័ព្ទ​សម្រាប់​ឱ្យ​អ្នកជំងឺ​មកពី​ខាង​ក្រៅ​ធ្វើការ​ទំនាក់ទំនង(មាន​ក្នុង​ឧបសម្ព័ន្ធ)។

២ ចំពោះ​មន្ទីរពេទ្យ​បង្អែក​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​មណ្ឌល​សុខភាព ក៏ត្រូវ​តែ​ប្រកាន់​យក​គោលការណ៍​ទទួល​សង្គ្រោះ ព្យាបាល​អ្នកជំងឺ​ជា​ដាច់ខាត ដោយ​អាច​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ ក្នុង​ការ​ញែក​អ្នកជំងឺ​កូវីដ១៩។

ក្នុង​ករណី​ធ្វើ​តេស្ត​ទៅ​ឃើញ​អវិជ្ជមាន​កូវីដ ១៩ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​តាម​ផ្នែក និង​តាម​បច្ចេកទេស​ព្យាបាល​ធម្មតា និង​ក្នុង​ករណី​ធ្វើតេស្ត​ទៅ​ឃើញ​វិជ្ជមាន​កូវីដ ១៩ ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​បន្ទប់​ដាច់​ដោយឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩។

ប្រសិន​បើ​មន្ទីរពេទ្យ​បង្អែក​ណា​គ្មាន​កន្លែង​ព្យាបាល​ជំងឺ​កូវីដ ១៩ ទេ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី ខេត្ត។

រាល់​ការ​បញ្ជូន​ត្រូវ​ធ្វើការ​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​មន្ទីរពេទ្យ​បង្អែក​រាជ ធានី ខេត្ត ដែល​មាន​ជូន​ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ ដោយ​ប្រាប់​ពី​មូលហេតុ​នៃ​ការបញ្ជូន និង​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​ត្រូវ​បញ្ជូន​ឱ្យ​បាន​ដឹង​ជា​មុន។

ក្រសួង​សុខាភិបាល​បន្ត​ទៀត​ថា ចំណែក​ចំណុចទី ៣ ចំពោះ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន (មន្ទីរពេទ្យ មន្ទីរពហុ​ព្យាបាល មន្ទីរសម្រាក​ព្យាបាល និង​មន្ទីរសម្ភព) ត្រូវ​តែ​ប្រកាន់​យក​គោលការណ៍ ទទួល​សង្គ្រោះ ព្យាបាល​អ្នកជំងឺ​ជា​ដាច់ខាត ដោយ​អាច​ប្រើប្រាស់​តេស្តរហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ ក្នុង​ការញែក​អ្នកជំងឺ​កូវីដ ១៩ បើ​សង្ស័យ​ថា អ្នកជំងឺ​មាន​ជំងឺ​កូវីដ ១៩។

ក្នុងករណី​ធ្វើតេស្ត​ទៅ​ ឃើញ​អវិជ្ជមាន​កូវីដ ១៩ ត្រូវ​ទទួល​យក​អ្នកជំងឺ​ព្យាបាល​ធម្មតា ទៅ​តាម​បច្ចេកទេស​ព្យាបាល និង​ក្នុង​ករណី​ធ្វើតេស្ត ទៅ​ឃើញ​វិជ្ជមាន​កូវីដ ១៩ ត្រូវដាក់​អ្នកជំងឺ​ក្នុង​បន្ទប់​ព្យាបាល​ដាច់​ដោយ​ឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ (ប្រសិន​បើមាន​ការ​អនុញ្ញាត​ឱ្យ​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ ពី​ក្រសួង​សុខាភិបាល) និង​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល អ្នកជំងឺ​កូវីដ ១៩ ឬ​មន្ទីរពេទ្យរដ្ឋ​ដែល​មាន​ព្យាបាល​អ្នកជំងឺ​កូវីជ ១៩ (ប្រសិន​បើ​ពុំមាន​ការអនុញ្ញាត​ឱ្យព្យាបាល​ជំងឺកូវីដ ១៩ ពី​ក្រសួង​សុខាភិបាល)។

នៅក្នុង​លិខិត​លោក ម៉ម ប៊ុនហេង បាន​ព្រមាន​ថា ក្នុង​ករណី​ដែល​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ណា ដែល​មិន​អនុវត្ត តាម​ការ​ណែនាំ​នេះ ក្រសួង​សុខាភិបាល​នឹង​មាន​វិធាន​ការ​បិទ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​នោះ មិនអនុញ្ញាត​ឱ្យ​ទទួល​ព្យាបាល​អ្នកជំងឺ​តទៅ​ទៀត​ឡើយ។

ចំណែក​ចំណុច​ទី៤ រាល់​ករណី​អ្នកជំងឺ​វិជ្ជមាន​កូវីដ ១៩ ដែល​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល​កូវីដ ១៩ ត្រូវ​ធ្វើការ​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​មណ្ឌល​ព្យាបាល​កូវីដ ១៩ ដែល​មាន​ជូន​ភ្ជាប់​ក្នុងឧបសម្ព័ន្ធ ដោយ​ប្រាប់​ពី​មូលហេតុ​នៃ​ការ​បញ្ជូន និង​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​ត្រូវ​បញ្ជូន​ឱ្យ​បាន​ដឹង​ជា​មុន។

ឯ​ចំណុច​ទី៥ ដែល​ជា​ចំណុច​ចុងក្រោយ អនុគណៈកម្មការ​បច្ចេកទេស និង​ព្យាបាល​កូវីដ ១៩ និង​នាយកដ្ឋាន​មន្ទីរពេទ្យ ត្រូវ​ត្រួតពិនិត្យ តាមដាន​ការងារ​នេះជាប្រចាំ និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ ក្នុង​ករណី​មាន​បាតុភាព​មិន​ប្រក្រតី​កើត​ឡើង៕

វីដេអូ៖