ភ្នំពេញៈ ក្រសួងបរិស្ថាន​កំពុង​ពិភាក្សា​ពី​សេចក្តី​ព្រាង​ដំបូង​នៃ​គោលការណ៍​ណែនាំ និង​វិញ្ញាបនបត្រកម្ម អគារ​បៃតង​នៅ​ប្រទេស​កម្ពុជា​ដោយ​យក​លំនាំ​បញ្ចូល​គ្នា រវាង​ប្រព័ន្ធ​អគារ​បៃតង​នៃ​ប្រទេស​អាល្លឺម៉ង់ និង​សាធារណរដ្ឋ​កូរ៉េ ដោយ​អគារ​បៃតង​បាន​ផ្តល់​ប្រយោជន៍​ជាច្រើន​ចំពោះ​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។

លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី ៣ ខែសីហា បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​អនឡាញ​ដោយ​មាន​ការចូលរួម​ពី​លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​តំណាង​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​គ្រឹះស្ថានសិក្សា​មួយចំនួន​ទៀត ដើម្បី​ពិភាក្សា ប្រមូល​មតិ និង​បង្ហាញ​សេចក្ដីព្រាង​ដំបូង​នៃ​គោលការណ៍​ណែនាំ និង​វិញ្ញាបនបត្រកម្ម​អគារ​បៃតង​នៅ​កម្ពុជា។

បើតាម​ក្រសួង​បរិស្ថាន សិក្ខាសាលា​នេះ​ក៏​បាន​លើកយក​លក្ខណវិនិច្ឆ័យ និង​សូចនាករ​លម្អិត​ក្នុង​ការពិភាក្សា​នៅ​ថ្ងៃទី ៤-៥ ខែសីហា​នេះ​លើ​គោលបំណង​ទី ១ បង្ហាញ និង​ពិភាក្សា​ពី​សេចក្តីព្រាង​ដំបូង​នៃ​គោលការណ៍​ណែនាំ និង​វិញ្ញាបនបត្រកម្ម​អគារ​បៃតង។

ទី ២ ប្រមូល​មតិយោបល់ និង​គំនិត ស្តីពី​ការរៀបចំ​ស្ថាប័ន​សម្រាប់​ប្រតិបត្តិការ និង​គ្រប់គ្រង​ប្រព័ន្ធ​គោលការណ៍​ណែនាំ និង​វិញ្ញាបនបត្រកម្ម​អគារ​បៃតង Cam GCGB(Cambodia''s Guidelines and Certification for Green Buildings) និង​ទី ៣ ពិភាក្សា​ពី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត Cam GCGB នាពេល​អនាគត​ និង​កំណត់​អនុសាសន៍​សមស្រប។

លោក ទិន ពន្លក ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​បរិស្ថាន ក្នុងនោះ​ក៏បាន​ផ្តោត​សំខាន់​លើ​ទស្សនវិស័យ និង​គោលការណ៍​នៃ​ការអភិវឌ្ឍ​បៃតង​នៅក្នុង​ចក្ខុវិស័យ និង​ទិសដៅ​នៃ​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន។

លោក​ថ្លែងថា៖ «អគារ​បៃតង​បានផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម រួមមាន​កិច្ចគាំពារ​បរិស្ថាន​ការអភិរក្ស​ជីវចម្រុះ។ ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ប្រសិទ្ធភាព​ធនធាន​ចាប់តាំងពី​ដំណាក់កាល​រចនា​អគារ រហូត​ដល់​អគារ​ក្លាយជា​សំណង់ ព្រមទាំង​ការសន្សំសំចៃ​ថ្លៃ​ប្រតិបត្តិការ​ក៏ដូចជា​ការលើក​កម្ពស់​ផាសុកភាព គុណភាព​ជីវិត​ដល់​អ្នកប្រើប្រាស់​អគារ​ជាដើម»។

លោក វ៉ាន់ មុនីនាថ លើកឡើង​ថា អគារ​ភាគច្រើន​ទាំង​អគារ​ដែល​កំពុង​ប្រើប្រាស់ និង​អគារ​កំពុង​សាងសង់​ថ្មី គឺ​មាន​ការពិចារណា​តិចតួច​អំពី​គោល​គំនិត​អគារ​បៃតង ដែល​ប្រើប្រាស់​នូវ​ធនធាន​សាងសង់​ច្រើន។ ប្រើប្រាស់​ថាមពល ទឹក និង​បញ្ចេញ​សំណល់​ច្រើន ដែល​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​អគារ​ទាំងនោះ​នឹង​នៅតែ​ប្រើប្រាស់ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​ទៀត។

លោក​បញ្ជាក់ថា គោល​គំនិត​អគារ​បៃតង ផ្ដោតលើ​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការបំពុលបរិយាកាស តាមរយៈ​ការប្រើប្រាស់​ទឹក​តិច។ ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ដី ការប្រើប្រាស់​សម្ភារ​សំណង់​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ ការកាត់បន្ថយ​សំណល់ ការកាត់បន្ថយ​ផលប៉ះពាល់​លើ​សហគមន៍​ក្នុងពេល​សាងសង់ និង​ពេល​ប្រើប្រាស់​អគារ។ នេះ​គឺជា​ទស្សនទាន​ថ្មី​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ការរីកចម្រើន​នៃ​សំណង់​កំពុងតែ​រីកដុះដាល​យ៉ាងខ្លាំង។

លោក​ថ្លែងថា៖ «ការបញ្ចូល​គំនិត​អគារ​បៃតង​ទៅក្នុង​ការរចនា​អគារ​សំណង់ និង​ប្រតិបត្តិការ ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ប្រទេស​កម្ពុជា មិនទាន់មាន​គោលការណ៍​ណែនាំ​ការប្រតិបត្តិ​អគារ​បៃតង និង​ការទទួល​ស្គាល់​សម្រាប់​ការសាងសង់​ ឬ​កែសម្រួល​ផ្ទះ និង​អគារ​ដែល​កំពុង​ប្រើប្រាស់​នៅឡើយ»។

តាមរយៈ​កិច្ចប្រជុំ​រយៈពេល ១ ថ្ងៃ​កាលពី​ម្សិលមិញ​អង្គ​សិក្ខាសាលា បានបង្ហាញ​លទ្ធផល​សំខាន់ៗ​មួយចំនួន រួមមាន​ទី ១ បាន​ពិនិត្យ​ជារួម​លើ​ទិដ្ឋភាព​នៃ​ការរៀបចំ​លក្ខណវិនិច្ឆ័យ និង​ការវាយតម្លៃ​សេចក្តីព្រាង​គោលការណ៍​ណែនាំ និង​វិញ្ញាបនបត្រ​អគារ​បៃតង​របស់​កម្ពុជា ដែល​បាន​យក​លំនាំ​បញ្ចូល​គ្នា​រវាង​ប្រព័ន្ធ​អគារ​បៃតង​អាល្លឺម៉ង់ (DGNB)និង​ប្រព័ន្ធ​របស់​សាធារណរដ្ឋ​កូរ៉េ (G-SEED)។

ក្នុងនោះ​អង្គសិក្ខាសាលា​បានទទួល​សំណួរ និង​មតិយោបល់​កែលម្អ​ជុំវិញ​បច្ចេកទេស​នៃ​ការរៀបចំ​ការជ្រើសរើស​លក្ខណវិនិច្ឆ័យ​ដែល​សមស្រប​សម្រាប់​បរិបទ​កម្ពុជា​ទាំង​អគារ​សាងសង់ (ថ្មី) និង​អគារ​កំពុង​ប្រើប្រាស់​ជាដើម។

ទី ២ បាន​ពិនិត្យ​លើ​គោល​គំនិត​ក្នុង​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង និង​ដំណើរការ​គោលការណ៍​ណែនាំ និង​វិញ្ញាបនបត្រ​អគារបៃតង​នៅ​កម្ពុជា ដោយបាន​ជ្រើសរើស​យក​ជម្រើស​ចំនួន ២ ក្នុងនោះ ជម្រើស​ដែលមាន គឺ រដ្ឋាភិបាល​ជា​អ្នកដឹកនាំ និង​គ្រប់គ្រង និង​ជម្រើស​ទី ២ គឺ​វិស័យ​ឯកជន ឬ​អង្គការ​ជា​អ្នកប្រតិបត្តិ​គោលការណ៍​ណែនាំ៕