ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការរកឃើញ​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី B.1.617.2 (Delta) ចំនួន ៦៧ ករណី​នៅក្នុង​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី ៤ និង​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ នេះ​ឱ្យដឹងថា លទ្ធផល​នៃ​ការធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ ១៩ ដែល​បំប្លែង​ថ្មី​ប្រភេទ B 1,617-2 (Teltu) នៅ​ថ្ងៃទី ៤ ខែសីហា នៅក្នុង​ប្រទេស​កម្ពុជា​លើ​អ្នកដំណើរ​មកពី​បរទេស​តាម​ជើងហោះហើរ​ចំនួន ៣១ នាក់ (ស្រី ១៦ នាក់) និង​លើ​អាជីវករ​លក់​នំ​បញ្ចុក​ស្រះ​នៅក្នុង​ផ្សារ​តូច​ទួលសង្កែ​រាជធានី​ភ្នំពេញ ១ នាក់ (ប្រុស)។

ដោយឡែក​នៅ​ថ្ងៃទី ៥ ខែសីហា ប្រទេស​កម្ពុជា​ បាន​រកឃើញ​លើ​អ្នកដំណើរ​មកពី​បរទេស​តាម​ជើងហោះហើរ​ចំនួន ០២ នាក់ (ស្រី ០ នាក់) ប្រជាជន​អ្នកភូមិ​នៅក្នុង​សហគមន៍​ចំនួន ២៤ នាក់ (ស្រី ១០ នាក់) និង​ពលករ​មកពី​ប្រទេស​ថៃ​ចំនួន ៩ នាក់ (ស្រី ៦ នាក់) ។

បើតាម​ក្រសួង​សុខាភិបាល​វីរុស​ដែលតា (Delta) បាននិង​កំពុង​បន្ត​រាតត្បាត​វាយលុក​ចូលក្នុង​សហគមន៍​កម្ពុជា ជាពិសេស​ខេត្ត​ឧត្តរមានជ័យ រាជធានី​ភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម និង​កំពង់ធំ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ។

គិត​ចាប់ពី​ថ្ងៃទី ៣១ ខែមីនា រហូតមកដល់​ថ្ងៃទី ៥ ខែ​សីហា ឆ្នាំ ២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​បំប្លែង​ថ្មី​ដែលតា​សរុប​ចំនួន ៣២៧ នាក់ (ស្រី ១៥៧ នាក់)។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល​បាន​អំពាវនាវ ដោយ​ទទូច​ដល់​សាធារណជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​ឲ្យ​ស្របតាម​ពាក្យស្លោក​ដែលថា៖ “រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូវីដ ១៩ តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ សំដៅ​បង្ការ​គ្រប់គ្រង និង​កាត់ផ្ដាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូវីដ ១៩ ជាពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏​ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ជាយថាហេតុ​ណាមួយ"៕