ភ្នំពេញៈ ​ក្រោយ​បញ្ចប់​ការពិភាក្សា​សួរដេញដោល​អស់​រយៈពេល ១៩ លើក​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្រុមការងារ​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់ព័ន្ធ គ្រោង​ស្នើសុំ​គោលការណ៍​ឯកភាព​ធ្វើជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ នេះ​បើតាម​ក្រសួង​សាធារណការ។

ការឯកភាព​គ្នា​នេះ ក្រោយពី​ភាគី​ពាក់ព័ន្ធ​បាន​ជួបប្រជុំគ្នា​តាម​អនឡាញ និង​ដោយផ្ទាល់​រយៈពេល ២ ថ្ងៃ​នៅ​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៤ ខែសីហា។ កិច្ចប្រជុំ​នេះ​បាន​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មាន​ការចូលរួម​ពី​លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​រួម​នឹង​មន្ត្រី​ជំនាញ​ពី​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ទៀត។

លោក​ ស៊ុន ចាន់ថុល បាន​ស្នើឱ្យ​អង្គប្រជុំ​ទាំងមូល​ចូលរួម​ផ្តល់​ធាតុ​ចូល និង​មតិយោបល់​ឱ្យបាន​ផុលផុស ដើម្បី​បំពេញបន្ថែម​ទៅលើ​ចំណុច​ខ្វះខាត​នៃ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពន្លឿន​ការរៀបចំ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​នេះ​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ដាក់​ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង​នាពេលខាងមុខ។

លោក​បាន​ថ្លែងថា៖ «អង្គប្រជុំ​ពិភាក្សា​នេះ​បាន​ពិភាក្សា​លើ​ការប្រមូល​ធាតុ​ចូល ក៏ដូចជា​កែសម្រួល​អត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ​អក្ខរាវិរុទ្ធ​នៃ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ»។ លោក​ថា ច្បាប់​នេះ​គឺ​សំដៅ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ គោរព​ច្បាប់ចរាចរណ៍​ឱ្យបាន​ម៉ឺងម៉ាត់ និង​ឈានទៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យមក​នៅ​កម្រិត​ទាប​បំផុត។

បើតាម​ក្រសួង​សាធារណការ វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នេះ​បាន​ឆ្លងកាត់​ការសិក្សា និង​ប្រជុំពិភាក្សា​យ៉ាងផុលផុស​ពី​សំណាក់​ក្រុម​ការងារ​ជំនាញ​សរុប​ចំនួន ១៧ លើក​គិត​ចាប់ពី​ខែឧសភា ឆ្នាំ ២០២០ រហូតដល់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ និង​កិច្ចប្រជុំ​ពិភាក្សា​ចំនួន ២ លើក​បន្ថែមទៀត ដែល​បានបញ្ចប់​នៅ​ថ្ងៃទី ៤ ខែសីហា​ឆ្នាំ ២០២១។

ក្រសួង​ឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​នេះ អង្គប្រជុំ​បាន​ពិភាក្សា​លើ​វាក្យសព្ទ​មាត្រា​កែសម្រួល​ថ្មី និង​មាត្រា​បន្ថែម​ថ្មី​នៃ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​បាន​ឯកភាព​បញ្ចូល​ការកំណត់​ល្បឿន​បើកបរ នៅលើ​ផ្លូវ​ល្បឿន​លឿន​ចូលទៅក្នុង​អនុក្រឹត្យ​ស្តីពី​ការកំណត់​ល្បឿន​មុន​ដំណើរការ​ផ្លូវ​ល្បឿន​លឿន។

ក្រសួង​បញ្ជាក់ថា៖ «ដោយ​យល់ឃើញថា វិសោធនកម្ម​ច្បាប់​នេះ បាន​ធ្វើ​ឡើង​ជាច្រើន​លើក​ច្រើនសា និង​មាន​មាត្រា​ចំនួន ៤៨ ក្នុងចំណោម ៩២ មាត្រា ត្រូវបាន​ធ្វើ​វិសោធនកម្ម។ អង្គប្រជុំ​បាន​ឯកភាព​រៀបចំ​ចងក្រង​ខ្លឹមសារ កែសម្រួល​ពាក្យពេចន៍ ឃ្លា ប្រយោគ​នៃ​វិសោធនកម្ម​ច្បាប់​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​គោរព​ស្នើសុំ​គោលការណ៍​ឯកភាព​ធ្វើជា​ច្បាប់​ថ្មី​ពី​សម្តេច​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក»។

លោក ស៊ុន ចាន់ថុល ថ្លែងថា រយៈពេល​កន្លងមក​ការរឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការបង្កើន​ប្រាក់​ពិន័យ​របស់​រាជរដ្ឋាភិបាល​ទៅលើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​មិនមាន​បំណង​រកប្រាក់​ចំណេញ​ទេ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​ចង់ឃើញ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ​ទទួលបាន​សុខ​សុវត្ថិភាព គ្មាន​គ្រោះថ្នាក់ របួស និង​ស្លាប់ ដោយហេតុថា គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្សល់ទុក​នូវ​ពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និង​កុមារកំព្រា ដែល​ធ្វើឱ្យ​ងាយ​ធ្លាក់​ក្នុង​ភាពក្រីក្រ។

លោក​បន្តថា ក្រសួង​សាធារណការ សហការ​ជាមួយ​ក្រសួងមហាផ្ទៃ បាននិង​កំពុង​អភិវឌ្ឍ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក (App) និង​ដំណើរការ​រៀបចំ ប្រកាស​អន្តរក្រសួង​ស្ដីពី​នីតិវិធី​នៃ​ការដក និង​បំពេញ​ពិន្ទុ​ឡើងវិញ​សម្រាប់​បណ្ណ​បើកបរ។

លោក គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​កម្ពុជា ​អង្គការ​បង្ការ​របួស​អាស៊ី (AIP Foundation) គាំទ្រ​ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នេះ។ ប៉ុន្ដែ​លោក​បាន​ជំរុញ និង​លើកទឹកចិត្ដ​ឱ្យ​បន្ត​ពង្រឹង​ការអនុវត្ដ​លើ​ច្បាប់​ដែល​កំពុង​តែមាន​ស្រាប់​ឱ្យបាន​ម៉ឺងម៉ាត់ ជាប់លាប់ និង​មាន​តម្លាភាព ដើម្បី​ធានាបាន​នូវ​ការសង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ពី​គ្រោះថ្នាក់​ចរាចរណ៍។

លោក​ថ្លែងថា៖ «បច្ចុប្បន្ន​ខាង​អង្គការ​យើង នៅ​មិនទាន់​បាន​ចូលរួម​ក្នុង​ការធ្វើកំណែទម្រង់​ច្បាប់​នេះ​ទេ។ ដូច្នេះ​បើសិនជា​អាច​ខ្ញុំ​គិតថា​ស្ថាប័ន​រដ្ឋាភិបាល​គួរតែមាន​ការពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ដៃគូ​ដែល​ធ្វើ​ការងារ​លើ​ផ្នែក​ចរាចរណ៍​នេះ ដើម្បី​ផ្ដល់​ធាតុ​ចូល»។

លោក គឹម បញ្ញា បានឱ្យ​ដឹងថា អង្គការ​ធ្វើ​ការងារ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​មាន​ចំណុច​ច្រើន​ដែល​ចង់​ផ្ដល់​ធាតុ​ចូល និង​ធ្វើការ​កែតម្រូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ។ ដូច​ជាទី១ ការធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់ ៣ ប្រភេទ​ថ្មី ដែល​ផ្ទុក​ចំនួន​មនុស្ស​ច្រើន គួរ​ត្រូវ​កំណត់​លក្ខខណ្ឌ​ច្បាប់​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការអនុវត្ដ​ច្បាប់​ចរាចរណ៍​ជា​ប្រភេទ​ម៉ូតូ ឬ​ឡាន​ដើម្បី​អាច​ឱ្យ​អ្នករួមដំណើរ​ពាក់មួក​សុវត្ថិភាព ឬ​ត្រូវ​ពាក់​ខ្សែក្រវាត់។ ទី​២ ការកំណត់​ល្បឿន អតិបរិមា ៣០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​នៅ​តំបន់​ជុំវិញ​សាលារៀន។ ទី៣ ការតម្រូវ​ឱ្យ​អ្នកបើកបរ​ម៉ូតូ ប្រភេទ​កម្លាំង​ល្បឿន ១២៥ ស៊ីស៊ី (CC) ចុះក្រោម​ត្រូវតែ​ទទួល​បាន​ការបណ្ដុះបណ្ដាល​អំពី​បច្ចេកទេស និង​ច្បាប់ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​អ្នកបើកបរ​ម៉ូតូ​នៅតែ​មាន​កម្រិត​ខ្ពស់៕

វីដេអូ៖