កំពតៈ រដ្ឋបាល​ខេត្តកំពត​បាន​ចាប់ផ្តើម​ពិភាក្សា​ទៅលើ​គម្រោង​ប្លង់គោល​នៃ​ការកែលម្អ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេវាកម្ម​ទេសចរណ៍​ឆ្នេរ​ព្រែក កំពង់​កណ្ដាល​ស្ថិតក្នុង​ឃុំ​ជុំគ្រៀល ក្នុង​ស្រុក​ទឹកឈូ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅ​តំបន់​នេះ។

ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹកមិញ​នេះ​ លោក ជាវ តាយ អភិបាលខេត្ត​កំពត​បាន​ជំរុញ​ឱ្យ​ក្រុមមន្ត្រី​ជំនាញ ខិតខំ​ប្រឹង​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​នៃ​ការអភិវឌ្ឍ​តំបន់ឆ្នេរ​ទេសចរណ៍​ឆ្នេរ​ព្រែកកំពង់​កណ្ដាល​នេះ​បាន​ប្រព្រឹត្តទៅ​ឱ្យបាន​លឿន​ឆាប់រហ័ស​ផ្អែកលើ​សោភណ្ឌភាព លក្ខណៈ​បច្ចេកទេស និង​ច្បាប់​អាច​ទទួល​យក​បាន។

លោក ជាវ តាយ ថ្លែងថា៖ «ក្នុង​កិច្ចប្រជុំ​នេះ​គឺជា​ការចូលរួម​ប្រមូល​មតិ​ឯកភាព​ពី​មន្ទីរជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការពិនិត្យ​ពិភាក្សា កែតម្រូវ​ទៅលើ​ភាពជាក់ស្ដែង ប្លង់គោល​នៃ​គម្រោង​ការកែលម្អ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេវាកម្ម​ទេសចរណ៍​ឆ្នេរ​ព្រែក​កំពង់កណ្ដាល ដែល​រដ្ឋបាល​ខេត្តកំពត​មាន​គម្រោង​ការអភិវឌ្ឍ​យូរ​មកហើយ»។

លោក​ថ្លែងបន្តថា៖ «កិច្ចប្រជុំ​នេះ​គឺជា​ការងារ​សំខាន់​ក្នុង​ការចូលរួម​មតិយោបល់ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​គម្រោង​នេះ​សម្រេច​បាន​ឆាប់រហ័ស ដើម្បី​ដាក់ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ជាតិ ពិនិត្យ និង​សម្រេច​ជាគោលការណ៍​ផ្លូវច្បាប់​ក្នុង​ដំណើរការ​អភិវឌ្ឍ​គម្រោង​នេះ»។

លោក​អភិបាលខេត្ត​ក៏​បាន​ស្នើ​សូមឱ្យ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​សហការគ្នា​ឱ្យបាន​ល្អ ដើម្បីឱ្យ​គម្រោងការ​អភិវឌ្ឍ​តំបន់ឆ្នេរ​នេះ បានសម្រេច​ជោគជ័យ សម្រាប់​ជា​សក្ដានុពល បម្រើ​សេវាកម្ម​ទេសចរណ៍ ខេត្តកំពត​ឱ្យ​បាន​កាន់តែ​រីកចម្រើន​បន្ថែមទៀត៕