ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា នៅក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ បទល្មើស​គ្រឿងញៀន​មាន​ការថយចុះ​គួរឱ្យកត់សម្គាល់ ដោយសារ​កងកម្លាំង​នគរបាលជាតិ​ដែល​មាន​ឆន្ទៈ​មោះមុត​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ។

លោក ស ខេង នៅក្នុង​ពិធី​ប្រគល់​រថយន្ត Ford Ranger Pick-Up ចំនួន ៨៧ គ្រឿង ​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ២៣ នា​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ បាន​ថ្លែងថា ទោះបី​ប្រទេស​កម្ពុជា និង​ពិភពលោក​កំពុង​ជួប​បញ្ហា​ជំងឺ​កូវីដ ១៩ ក៏ដោយ ក៏​កម្លាំង​នគរបាល​នៅតែ​ខិតខំ​ប្រឹងប្រែង​បន្ដ​បេសកកម្ម​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន។

លោក ស ខេង បន្តថា នៅក្នុង​អំឡុង​ពេលនេះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​រហូត​ដល់ ៨០ ភាគរយ ទៅ ៩០ ភាគរយ​ នៃ​បទល្មើស​សរុប​ដែល​បាន​កើតឡើង។

លោក​បញ្ជាក់ថា៖ «បទល្មើស​គ្រឿងញៀន​ក៏មាន​ការថយចុះ​បន្ដិច​មែន ក៏ប៉ុន្ដែ​គឺ​ចាត់ទុកថា ជា​ជោគជ័យ​មួយ​យ៉ាង​ធំ​ផងដែរ ក្នុង​ពេល​កូវីដ ១៩ នេះ ព្រោះ​ថា ទោះបី​កូវីដ ១៩ ក៏ដោយ ក៏មាន​ជន​ឆក់យក​ឱកាស​នេះ ដើម្បី​លួច​ផលិត និង​នាំចូល​នូវ​សារធាតុ​ញៀន​ផងដែរ»។

លោក ស ខេង បន្ថែមថា ចាប់តាំងពី​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​មក រហូត​ដល់​ពេលនេះ ការបង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ច្រើន​របស់​កម្លាំង​សមត្ថកិច្ច​បញ្ជាក់​ឱ្យឃើញ​ពី​ទឹកចិត្ត​ដ៏មោះមុត ពោលគឺ​ឆន្ទៈ​មោះមុត ចំពោះ​ការប្ដេជ្ញាចិត្ត​ដ៏ខ្លាំងក្លា​របស់​កម្លាំង​សមត្ថកិច្ច​ក្នុង​ពេល​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ។

លោក​ក៏បាន​ធ្វើការ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​បេសកកម្ម​របស់​សមត្ថកិច្ច ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើឲ្យ​កិច្ចការងារ​នេះ​ទទួល​បាន​លទ្ធផល​ល្អ៕