បន្ទាយមានជ័យៈ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី ៦ ខែសីហា​នេះ​បាន​ដុត​កម្ទេច​កាំភ្លើង​កែច្នៃ​ជាង ១៤០ ដើម ដែល​កាំភ្លើង​ទាំងនេះ គឺ​ដកហូត​បានជា​បន្តបន្ទាប់​ពី​អ្នក​ល្មើសច្បាប់។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង​ទទួល​ការងារ​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ​ថ្លែង​នៅក្នុង​ពិធី​ដុត​កម្ទេច​កាំភ្លើង​កែច្នៃ​ទាំងនោះ​ថា កាំភ្លើង​ដែល​បាន​ដុតចោល​ថ្ងៃនេះ គឺជា​កាំភ្លើង​កែច្នៃ​ពី​ឈើ មាន​ដូចជា​បាញ់​គ្រាប់កិប ខ្លះ​ប្រើ​ខ្យល់​បាញ់​គ្រាប់កង់ និង​កាំភ្លើង​ស្នាកេះ​មាន​ចំនួន​សរុប ១៤០ ដើម។

លោក​បន្តថា កាំភ្លើង​ទាំងនេះ​គឺ​បាន​ប្រមូល​ពី​ប្រជាពលរដ្ឋ​ទាំង ៩ ស្រុក/ក្រុង​ក្នុង​ខេត្ត ដែល​ប្រព្រឹត្ត​បទល្មើស​ និង​អ្នក​រក្សាទុក​ដើម្បី​បាញ់​កណ្ដុរ សត្វផ្សេងៗ តាំងពី​ឆ្នាំ ២០១៧ ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន។

លោក​ ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឱ្យ​ដឹង​ដែរ​ថា ការដុត​កម្ទេច​កាំភ្លើង​កែច្នៃ​ថ្ងៃនេះ គឺជា​ការរួមចំណែក​ធ្វើយ៉ាងណា​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គ្មាន​បទល្មើស លួច​ឆក់ ប្លន់ និង​អំពើ​ល្មើសច្បាប់​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​ជូន​ពលរដ្ឋ​ និង​សង្គម។

លោកស្នងការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ទាំងឡាយ បើ​មាន​ការច្នៃ​ផលិត​ ឬ​រក្សាទុក​កាំភ្លើង​កែច្នៃ​ និង​គ្រាប់​យុទ្ធភណ្ឌ​ផ្សេងៗ​ត្រូវ​សហការណ៍​ និង​ប្រគល់ជូន​សមត្ថកិច្ច បើ​ក្នុង​ករណី​រកឃើញ​ថា មាន​បទល្មើស​នឹងត្រូវ​ផ្ដន្ទាទោស​តាមច្បាប់៕