បន្ទាយមានជ័យៈ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បន្ត​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ ១៩ ចំនួន ១៨៥នាក់ បន្ថែមទៀត និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៣១៨នាក់ ខណៈ​អាជ្ញាធរ​ស្រុក​មង្គលបូរីនៃខេត្តនេះ បាន​សម្រេច​បិទ​ផ្សារ​តាយ៉ាវ ស្ថិត​នៅ​ក្នុង ឃុំ​ប្ញស្សីក្រោក នៅ​ថ្ងៃទី ៦ ខែសីហានេះ បន្ទាប់​ពី​រក​ឃើញ​អាជីវករ​ចំនួន ១៦នាក់ វិជ្ជមាន​ជំងឺកូវីដ ១៩។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី ៦ ខែសីហា បាន​ឱ្យ​ដឹង​ថា មាន​ករណី​ជា​សះស្បើយ​អ្នកជំងឺ​កូវីដ ១៩ ចំនួន ៣១៨ នាក់ និង​នៅ​ថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២១ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺកូវីដ ១៩ ដែល​ជា​ករណី​ឆ្លង​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ និង​ពលករ​វិលត្រលប់​ពី​ប្រទេសថៃ លើបុរសស្ត្រី​ជនជាតិ​ខ្មែរ ចំនួន ១៨៥ នាក់។

ជា​មួយ​គ្នា​នេះ អាជ្ញាធរ​ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាន​សម្រេច​បិទ​ផ្សារតាយ៉ាវ ស្ថិត​នៅ​ក្នុង ឃុំប្ញស្សីក្រោក នៅ​ថ្ងៃទី ០៦ ខែសីហា បន្ទាប់​ពី​មន្ត្រីសុខាភិបាល និង​អាជ្ញាធរ​បាន​ចុះ​ទៅ​យក​សំណាក​ធ្វើ​តេស្តរហ័ស​រក​ឃើញ​អាជីវករ​ចំនួន ១៦ នាក់ វិជ្ជមាន​ជំងឺកូវីដ ១៩។

អភិបាលស្រុក​មង្គលបូរី លោក រ័ត្ន ដាស៊ីណង់ ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមមន្ត្រី​សុខាភិបាល​បាន​ធ្វើការ​យក​សំណាក​ដោយ​ធ្វើ​តេស្តរហ័ស លើ​អាជីវករ​លក់ដូរ​នៅ​ផ្សារនេះចំនួន ៣២៦ នាក់ ដោយ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺកូវីដ ១៩ ចំនួន ១៦ នាក់។

លោក​អភិបាលស្រុក​រូបនេះ​បញ្ជាក់​ថា៖ «នៅ​ពេលនេះ​មន្ត្រី​សុខាភិបាល​កំពុង​តែ​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​យក​សំណាក​រក​មេរោគ​កូវីដ ១៩ នេះ​ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​កុំឱ្យ​ជំងឺ​ដ៏កាច​សាហាវ​នេះ ឆ្លង​រាលដាល​ចូល​ទៅ​តំបន់​ផ្សេងៗ​ទៀត»។

បើតាមលោក រ័ត្ន ដាស៊ីណង់ ក្នុង​ចំណោម​អ្នក​ឆ្លងជំងឺ​កូវីដ ១៩ នៅផ្សារតាយ៉ាវនេះ គឺ​ភាគ​ច្រើន​ជា​អាជីវករ​លក់ដូរ​ចម្រុះ​នៅ​ក្នុងផ្សារ ព្រមទាំង​បាន​ចម្លង​ទៅ​ឪពុក​ម្តាយ ព្រមទាំង​ទារកម្នាក់ អាយុ ៧ ខែ​ផងដែរ៕