ភ្នំពេញៈ រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ទុកពេល​ឱ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​លក់ដូរ​សម្ភារ​ ឬ​ទំនិញ​ផ្សេងៗ​លើ​ចំណីផ្លូវ​បេតុង និង​ប្រឡាយមេ ស្ថិតនៅ​ភូមិ​ត្រពាំងថ្លឹង ១ ភូមិ​ត្រពាំងថ្លឹង ២ ភូមិ​ត្រពាំង​ថ្លឹង ៣ និង​ភូមិ​ត្រពាំងថ្លឹង ៤ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍សែនជ័យ ជាពិសេស​នៅជាប់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​រយៈពេល ៥ ថ្ងៃ ឱ្យ​រុះ​រើចេញ។

តាម​សេចក្តី​ជូនដំណឹង​របស់​លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ថ្ងៃទី ៤ ខែសីហា បាន​ឱ្យ​ដឹងថា រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​សង្កេតឃើញ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន​បានធ្វើ​ការលក់ដូរ និង​សាងសង់​តូប​លក់ដូរ​រំលោភ​លើ​ចំណីផ្លូវ​សាធារណៈ និង​ផ្លូវ​សាធារណៈ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ សណ្តាប់ធ្នាប់ សោភ័ណភាព និង​សុវត្ថិភាព​សាធារណៈ។

លោក​បាន​សរសេរ​ថា៖ «ដូច្នេះ​ស្នើ​លោក/លោកស្រី បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​ដែល​លក់ដូរ និង​សាងសង់​តូប​លក់ដូរ​រំលោភ​លើដី​ចំណីផ្លូវ​សាធារណៈ និង​ផ្លូវ​សាធារណៈ​ខាងលើ​ត្រូវ​រុះរើ​ចេញ​ឱ្យអស់​ក្នុង​រយៈពេល ០៥ ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ»។

ក្នុង​ករណី​ប្រជាពលរដ្ឋ និង​អាជីវករ​​មិន​អនុវត្តតាម​ខ្លឹមសារ​សេចក្តី​ជូនដំណឹង​នេះ​ទេ រដ្ឋបាល​ខណ្ឌ​នឹង​មាន​វិធានការ​ចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារផ្សេងៗ ដែល​មាន​នៅលើ​ទីតាំង​នោះឡើយ។

ចំពោះ​រាល់​ការចំណាយ​ក្នុង​ការអនុវត្ត​ការងារ​រុះរើ​នេះ​ជា​បន្ទុក​របស់​លោក/លោកស្រី ដែល​ជា​ម្ចាស់​ទីតាំង​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង។ ក្នុងករណី​មាន​ការរារាំង រឹងរូស អាជ្ញាធរ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។

រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ​សង្ឃឹម​ជឿជាក់​លើ​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​នឹង​អនុវត្ត​តាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​នេះ​ជាពុំខាន​ឡើយ៕

វីដេអូ៖