ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​វគ្គ​ផ្តាច់ព្រ័ត្រ «កម្មវិធី​ជជែក​ដេញ​ដោល​យុវជន​ថ្នាក់​ជាតិ ២០២១» នៅ​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​លើកទី ២១ «ទិវា​អន្តរជាតិ​សម្រាប់​យុវជន» ក្រោម​ប្រធាន​បទ «ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ស្បៀង​អាហារ៖ យុវជន​ប្រកប​ដោយ​នវានុវត្តន៍ ដើម្បី​មនុស្ស​ជាតិ និង​សុខភាព​ជា​សកល»។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី ៦ ខែ​សីហា​នេះ ឱ្យ​ដឹង​ថា ឆ្លង​កាត់​វគ្គ​ប្រកួត​ជម្រុះ​យ៉ាង​ស្វិតស្វាញ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់​កាល​មួយ យុវជន​ឆ្នើម​ចំនួន ២ ក្រុម ក្រុម​ស្រប​មក​ពី​វិទ្យាល័យ​ប៊ែលធី​អន្តរជាតិ និង​ក្រុម​បដិសេធ​មក​ពី​សាលា​ចំណេះ​ទូទៅ​មីគីវ៉េ នឹង​ជួប​គ្នា​ក្នុង​សង្វៀន​វោហារស័ព្ទ នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​ប្រធានបទ «យុវជន​សតវត្សរ៍​ទី២១ ត្រូវ​មាន​ជំនាញ​សតវត្សរ៍​ទី​២១ ដើម្បី​ភាព​ជោគជ័យ​ក្នុង​ជីវិត» នៅ​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​យុវជន​នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ដោយ​ធនាគារ​កាណាឌីយ៉ា និង​អង្គការ UNFPA។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ កម្មវិធី​ជជែក​ដេញ​ដោល​យុវជន​ថ្នាក់​ជាតិ ២០២១ នឹង​ត្រូវ​រៀបចំ​ក្នុង​ទម្រង់​អនឡាញ​ទាំង​ស្រុង ដែល​បាន​ដំណើរការ​តាម​កម្មវិធី៖ ១ វគ្គ​ជម្រុះ​ជុំទី១ មាន ១៦ ក្រុម ជម្រុះ​យក​ ៨ ក្រុម។ ២ វគ្គ​ជម្រុះ​ជុំ​ទី២ ៨ ក្រុម ជម្រុះ​យក​តែ ៤ ក្រុម។ ៣ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ៤ ក្រុម ជម្រុះ​យក​តែ ២ ក្រុម និង​ទី៤ វគ្គ​ផ្តាច់ព្រ័ត្រ​មាន ២ ក្រុម ត្រូវ​ប្រកួត​យក​ជយលាភី​លេខ ១ និង​លេខ ២។

ក្រសួង​អប់រំ​បញ្ជាក់​ទៀត​ថា កម្មវិធី​ជជែក​ដេញដោល​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ជូន​នូវ «វេទិកា​សម្តែង​មតិ​របស់​យុវជន​កម្ពុជា» និង​ជា «សង្វៀន​វោហារសព្ទ» ដើម្បី​បណ្តុះបណ្តាល និង​ពង្រឹង​បំណិន​ស្រាវជ្រាវ ការ​និយាយ​ជា​សាធារណៈ​ការ​ដោះស្រាយ​បញ្ហា ការ​ធ្វើ​ការងារ​ជា​ក្រុម ការ​ច្នៃ​ប្រឌិត ការ​វិភាគ និង​សំយោគ ការ​ប្រាស្រ័យ​ទាក់ទង​ប្រកប​ដោយ​សន្តិសហវិជ្ជមាន ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​ជាតិ៕