ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រៀបចំ​មណ្ឌល​ចត្តាឡីស័ក និង​មណ្ឌល​ព្យាបាល នៅតាម​បណ្តា​រាជធានី-ខេត្ត បន្ថែមទៀត ដើម្បី​ទទួលយក​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ព្រំដែន​គោក បន្ទាប់ពី​មាន​ករណី​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល​ចុងក្រោយ​នេះ និង​ការរកឃើញ​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើង​នៃ​មេរោគ​កូវីដ​បំប្លែង​ថ្មី ប្រភេទ​ដែលតា (Delta) លើ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ។

តាម​សារាចរណ៍​ណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ៦ ខែសីហា នេះ​បាន​បញ្ជាក់ថា កន្លងមក​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន។

បន្ថែម​លើ​វិធានការ​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ និង​កំពុង​អនុវត្ត​យ៉ាងសកម្ម​នូវ​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង ដែល​ត្រូវបាន​ចាត់ទុកជា​យុទ្ធសាស្ត្រ​គន្លឹះ និង​ជា​ខ្សែក្រវាត់​ការពារ សំខាន់​ជាងគេ ដើម្បី​បង្កើត​ឱ្យ​មាន​ភាពស៊ាំ​ក្នុង​សហគមន៍​ទប់ទល់​នឹង​មេរោគ​កូវីដ ១៩ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន​ក៏ដូចជា​ដើម្បី​ឈានឆ្ពោះ​ទៅ​បើក​ដំណើរការ ប្រទេសជាតិ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយ​នឹង​ជំងឺ​នេះ​តាម​គន្លង​ប្រក្រតីភាព​ថ្មី។

ទន្ទឹមនេះ រាជរដ្ឋាភិបាល​បាននិង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្តល់​ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ ទាំងអស់​ដោយ​ឥតគិតថ្លៃ​​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​របស់​រដ្ឋ​ទាំងអស់។

ផ្អែក​តាម​ស្ថានភាព​វិវត្ត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការរកឃើញ​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើង​នៃ​មេរោគ​កូវីដ ១៩ បំប្លែង​ថ្មី ប្រភេទ​ដែលតា លើ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ព្រំដែន​គោក ព្រមទាំង​ការធ្លាយ​ចូលក្នុង​សហគមន៍​ក្នុងពេល​ថ្មីៗ​នេះ​នូវ​មេរោគ ប្រភេទ​ថ្មី​នេះ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ព្រមទាំង​ខេត្តសៀមរាប ខេត្តកំពង់ធំ និង​រាជធានី​ភ្នំពេញ គឺជា​កង្វល់​ដ៏ធំ និង​ជាការ​គំរាមកំហែង​ជាប់​ជាប្រចាំ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​មេរោគ​ប្រភេទ​ថ្មី​នេះ​មាន​កម្រិត​នៃ​ការឆ្លង​រាលដាល​លឿន និង​កម្រិត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​មុន។

ចំពោះមុខ​ស្ថានភាព​ដែល​កំពុង​វិវត្ត​យ៉ាង​លឿន​គួរឱ្យ​បារម្ភ​នេះ និង​ក្នុងពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​ពុំទាន់​សម្រេច​បាន​ដោយ​ជោគជ័យ​ក្នុងការ​បង្កើតឱ្យ​មាន​ពេញលេញ​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍ សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ដោយសារ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ពុំទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់ចេញ​នូវ​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំងប្រទេស និង​វិធានការ​បិទខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​ខេត្ត សៀមរាប សម្រាប់​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។

វិធានការ​ទាំងនេះ​ត្រូវបាន​រំពឹងថា នឹង​ជួយ​ដល់​ការគ្រប់គ្រង និង​ការពន្យារ​ពេល​បាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ ១៩ ប្រភេទ Delta។

តាម​ការរំពឹងទុក បន្ទាប់ពី​ការបិទខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ត្រូវបាន​បញ្ចប់ ពលករ​ខ្មែរ ដែល​នឹង​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​នឹង​អាចមាន​ការកើនឡើង​ក្នុង​ចំនួន​ដ៏ច្រើន​ដែល​អាច​ហួស​ពី​សមត្ថភាព ទទួលយក​របស់​មណ្ឌល​ចត្តាឡីស័ក និង​មណ្ឌល​ព្យាបាល​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​បណ្ដា ខេត្ត​ជាប់​នឹង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ខណៈ​ដែល​មេរោគ​ប្រភេទ Delta ក៏ត្រូវ​បាន​បន្ត​រកឃើញ​ជា​បន្តបន្ទាប់​នៅក្នុង​ចំនួន​កាន់តែ​ច្រើនឡើង នៅក្នុង​សហគមន៍ ហើយ​មេរោគ​នេះ​កំពុងតែ​ពង្រីក​ខ្លួន​យ៉ាង​លឿន​ទៅកាន់​តំបន់​ផ្សេងទៀត ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​រាជធានី-ខេត្ត​ចំនួន ១៧ ដែលមាន​វត្តមាន​មេរោគ ប្រភេទ Delta ក្នុង​សហគមន៍។

ផ្អែក​តាម​ការវិវត្ត​ថ្មី​នៃ​សភាពការណ៍​នេះ និង​ដើម្បី​ត្រៀមលក្ខណៈ​ទុកជាមុន​ក្នុងការ​គ្រប់គ្រង​មេរោគ ប្រភេទ Delta ពិសេស​ករណី​នាំចូល​ពី​ប្រទេសជិតខាង​ជាប់​ព្រំដែន​កម្ពុជា ព្រមទាំង​ដើម្បី​ម្ចាស់ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​រាជធានី-ខេត្ត​នាពេល​ខាងមុខនេះ ដែល​បណ្តាលមកពី​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​ប្រភេទ Delta រាជរដ្ឋាភិបាល សូម​ធ្វើការ​ណែនាំ​ដល់​បណ្តា​រាជធានី-ខេត្ត​ និង​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី-ខេត្ត​ផងដែរ ដើម្បី​រៀបចំ​មណ្ឌល​នេះ៕

វីដេអូ៖