ភ្នំពេញ៖ គិត​ចាប់​ពី​ថ្ងៃទី ១០ ខែ កុម្ភៈ ដល់​ថ្ងៃទី ៦ ខែ​សីហា​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ​សរុប​បាន​ជាង ៧,៩ លាន​នាក់ ក្នុង​នោះ​បាន​ចាក់​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់​ពី ១២ ដល់​ក្រោម ១៨ ឆ្នាំ បាន​ជាង ២២ ម៉ឺន​នាក់ ខណៈ​កម្ពុជា​កំពុង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដល់​ប្រជាពលរដ្ឋ​គោលដៅ​នៅ​ទូទាំង​ប្រទេស។

តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ឱ្យ​ដឹង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​កម្ពុជា គិត​ចាប់​ពី​ថ្ងៃទី ១០ ខែ​កុម្ភៈ ដល់​ថ្ងៃទី ៤ ខែ​សីហា ឆ្នាំ​នេះ អ្នក​ចាក់​វ៉ាក់សាំង​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ បាន​ចាក់​ចំនួន​ជាង ៧,៧ លាន​នាក់​ ស្មើ​នឹង​ជាង ៧៧ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់ និង​កុមារ និង​យុវវ័យ​អាយុ​ពី ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ ចាក់​បាន​ចំនួន​ជាង ២២ ម៉ឺន​នាក់ ស្មើ​នឹង ១១,៥៧ ភាគរយ ធៀប​នឹង​ចំនួន​គោល​ដៅ​ប្រមាណ ២ លាន​នាក់។

បើ​សរុប​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ទាំង​អ្នក​ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ រួម​នឹង​កុមារ និង​យុវវ័យ​អាយុ​ពី ១២ ឆ្នាំ​ទៅ​ក្រោម ១៨ ឆ្នាំ គិត​ត្រឹម​ថ្ងៃទី ៦ ខែ​សីហា​នេះ បាន​ចំនួន​សរុប​ជាង ៧,៩ លាន​នាក់​នៅ​ទូទាំង​ប្រទេស។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់​ប្រជាពល​រដ្ឋ​គោលដៅ និង​អាទិភាព តាម​គោលការណ៍​ស្ម័គ្រចិត្ដ និង​មិន​បង់​ថ្លៃ កាល​ពី​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ខណៈ​វ៉ាក់សាំង​ជា​ជំនួយ​របស់​ប្រទេស​​ជាមិត្ដ ដៃគូ​អភិវឌ្ឍន៍ និង​វ៉ាក់សាំង​ជា​ការ​បញ្ជា​ទិញ​របស់​កម្ពុជា​ដោយ​ផ្ទាល់ បាន​មក​ដល់​កម្ពុជា​ជា​បន្តបន្ទាប់។

តាម​ផែនការ​កម្ពុជា នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ប្រមាណ ១០ លាន​នាក់ និង​ចាក់​ជូន​កុមារ និង​យុវវ័យ​អាយុ​ចាប់​ពី ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ ប្រមាណ ២ លាន​នាក់​នៅ​ទូទាំង​ប្រទេស។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ដ្រី​នៅ​ក្នុង​ខែ​សីហា​នេះ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចំនួន ៧,៦ លាន​ដូស​បន្ថែម​ទៀត ដែល​នាំ​ឱ្យ​គិត​មក​ត្រឹម​ខែ​សីហា​នេះ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​សរុប​ប្រមាណ ២៦,៥ លានដូស។

លោក​នាយករដ្ឋ​មន្ដ្រី​បាន​ឱ្យ​ដឹង​ថា កម្ពុជា​នឹង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ សរុប​ចំនួន​ជាង ៣៥ លាន​ដូស ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​បញ្ជា​ទិញ និង​ជំនួយ​ពី​ប្រទេស​ជាមិត្ត និង​ជំនួយ​ពី​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភព​លោក៕