ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ នេះ បាន​ប្រកាស​លុប​ចោល​បម្រាម​ហាម​ឃាត់ ការ​ធ្វើ​ដំណើរ​របស់​ជនជាតិ​ឥណ្ឌា និង​ជន​បរទេស​ទាំង​អស់​មក​ពី​ប្រទេស​ឥណ្ឌា ចូល​កម្ពុជា។ ការ​លុប​ចោល​នេះ ដោយ​យោង​តាម​ចំណារ​ឯកភាព​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​លុប​ចោល​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ស្តីពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ទាំង​អស់​នេះ គឺ​ដោយសារ​ស្ថានភាព​ការ​រីក​រាលដាល​ជំងឺ​កូវីដ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​សភាព​ធូរ​ស្រាល​ឡើង​វិញ។

ក្រសួង​បញ្ជាក់​ថា៖ «យោង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ ដោយ​យោង​តាម​សភាព​ធូរ​ស្រាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​សាធារណរដ្ឋ​ឥណ្ឌា ក្រសួង​សុខាភិបាល​សូម​ប្រកាស​លុប​ចោល​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ស្តីពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ទាំង​អស់ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល ៣ សប្តាហ៍ មុន​ចូល​មក​ប្រទេស​កម្ពុជា តាម​ផ្លូវ​អាកាស ឬ​តាម​ផ្លូវ​គោក»។

ក្រសួង​បញ្ជាក់​ថា សេចក្តី​ប្រកាស​នេះ នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ម៉ោង ២៣:៥៩ (ថ្ងៃទី ៦ ០០: ០១ ថ្ងៃទី ៧) ខែ​ សីហា ឆ្នាំ ២០២១ តទៅ៕

វីដេអូ៖