ភ្នំពេញ៖ គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) នៅ​ថ្ងៃទី ៦ ខែ​សីហា​នេះ បាន​អនុវត្ដ​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ឃាត់​ខ្លួន​មនុស្ស​ចំនួន ១ ៤១៩ នាក់ ឃាត់​យានយន្ត​បាន​ចំនួន ៥៨៤ គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន​ជាង ៦៧ លាន​រៀល។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់ គ.អ.ក បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី ៦ ខែ​សីហា​នេះ សមត្ថកិច្ច​បាន​អនុវត្ដ​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ៩៧៣ ទីតាំង ក្នុង​នោះ​អនុវត្ដ​វិធានការ​ច្បាប់​ចំនួន ៨៨៦ ករណី ឃាត់​ខ្លួន​មនុស្ស​ចំនួន ១ ៤១៩ នាក់ ឃាត់​យានយន្ត​បាន​ចំនួន ៥៨៤ គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន​ជាង ៦៧ លាន​រៀល។

បើ​តាម​លោក គឹម សន្តិភាព លទ្ធផល​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ការ​អនុវត្ត​វិធានការ​ច្បាប់​មាន​ចំនួន ៨៨៦ ករណី ឃាត់​ខ្លួន (អប់រំ និង​ពិន័យ) ចំនួន ១ ៤១៩ នាក់ (បញ្ជូន​ទៅ​តុលា​ការ) ២ នាក់។

បើ​យោង​តាម​ប្រកាស​អន្តរ​ក្រសួង​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី ៩ ខែ​មេសា ឆ្នាំ​នេះ បុគ្គល​ណា​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល ត្រូវ​ដាក់​ទណ្ឌកម្ម​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១ លាន​រៀល ទៅ ៥ លាន​រៀល ដោយ​មិន​គិត​ដល់​បទល្មើស​ព្រហ្ម​ទណ្ឌដ​ទៃ ដែល​ការ​ពិន័យ​នេះ ជា​សមត្ថកិច្ច​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៕