ភ្នំពេញ៖ ក្រុម​ការងារ​ស្រង់​ទិន្នន័យ​ដីធ្លី​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់​ស្តែង​នៅ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​នៃ​ក្រសួង​បរិស្ថាន​បាន​ឯក​ភាព​ពិនិត្យ​លទ្ធភាព​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​កំណត់​ថ្ងៃ​ឱសានវាទ​ក្នុង​ការ​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ និង​តារាង​សម្រង់​ទិន្នន័យ​ឱ្យ​បាន​លឿន​បំផុត ដើម្បី​អាច​ផ្ទៀងផ្ទាត់ និង​បូក​សរុប​ជា​របាយការណ៍​ដាក់​ជូន​រដ្ឋមន្ត្រី​ពិនិត្យ​សម្រេច។

លោក សៅ សុភាព រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ស្រង់​ទិន្នន័យ​ដី​ធ្លី ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់​ស្តែង​នៅ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ កាល​ពី​ថ្ងៃទី ៥ ខែ​សីហា​នេះ បាន​ដឹកនាំ​កិច្ច​ប្រជុំ ពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​ការ​ស្រង់​ទិន្នន័យ​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់​ស្តែង​នៅ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នេះ។

កិច្ច​ប្រជុំ​នេះ ក៏​មាន​ការ​ចូលរួម​ពី​លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​ខេត្ត​សៀមរាប ព្រម​ទាំង​សមាជិក​ក្រុម​ការងារ​ទទួល​បន្ទុក​ស្រុក​នីមួយៗ​សរុប​ចំនួន ១២ នាក់។

ក្រសួង​បញ្ជាក់​ថា៖ «បន្ទាប់​ពី​កិច្ច​ពិភាក្សា​រួច ឯក​ឧត្តមប្រធាន លោក សៅ សុភាព បាន​ឯកភាព​ពិនិត្យ​លទ្ធភាព​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​កំណត់​ថ្ងៃ​ឱសាន​វាទ ក្នុង​ការ​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ shapefile និង​តារាង​សម្រង់​ទិន្នន័យ ឱ្យ​បាន​លឿន​បំផុត ដើម្បី​អាច​ផ្ទៀងផ្ទាត់ និង​បូក​សរុប​ជា​របាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​ ៣ ខែ កក្កដា ឆ្នាំ ២០២០ បាន​បញ្ជា​ផ្ទាល់​ទៅរ​ដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឱ្យ​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​ដោយ​កាត់​ចេញ​ពី​ដី​ដែល​ជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់​រដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​កាត់​ឆ្វៀល​ដី​ចេញ​ពី​តំបន់​ការពារ ដើម្បី​ចែក​ទៅ​ពលរដ្ឋ​ធ្វើ​កម្មសិទ្ធិ​នោះ គឺ​អនុវត្ត​សម្រាប់​តែ​ពលរដ្ឋ​ដែល​បាន​ទៅ​រស់នៅ និង​បង្ក​បង្កើន​ផល​លើ​ដី​តំបន់​ការពារ​នោះ​ពី ១០ ទៅ ២០ ឆ្នាំ​ប៉ុណ្ណោះ ជា​ពិសេស​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ​ជាដើម៕