ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ​បាន​ថ្លែងថា ក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​យន្តការ​ដែល​ផ្ដោត​សំខាន់​លើ​ការពង្រឹង​សកម្មភាព​រួមគ្នា​ជាក់ស្ដែង ដោយ​ឈរ​ជា​មូលដ្ឋាន​ភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និង​ភាពសុខដុមរមនា នៅក្នុង​អាស៊ាន ដើម្បី​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ប្រឈម​រួម ដែល​តំបន់​យើង​ទាំងមូល​កំពុង​ជួបប្រទះ។

លោក​នាយក​រដ្ឋមន្ដ្រី​ថ្លែង​បែបនេះ​តាមរយៈ សារលិខិត​អបអរសាទរ​ទិវា​អាស៊ាន ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ២០២១។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា ក្នុង​ឆ្នាំនេះ​ប្រទេស​ព្រុយណេ​ដែលជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​មាន​ឆន្ទៈ​ជំរុញ​ដំណើរការ​អាស៊ាន​ឆ្ពោះទៅមុខ​បន្ថែមទៀត​ក្រោម​មូលបទ «យើង​យកចិត្ត​ទុកដាក់ យើង​ត្រៀមលក្ខណៈ យើង​រីកចម្រើន» ដែល​ស័ក្តិសម​បំផុត​ជាមួយ​នឹង​បញ្ហា​ប្រឈម​ដ៏ស្រួចស្រាល់​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​សង្គម នាពេល​បច្ចុប្បន្ន ដើម្បី​ឈានឆ្ពោះ​ទៅរក​ការសម្រេច​ទស្សនៈ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ ២០២៥។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី មិន​ដល់ ៥ ខែ​ទៀត​ទេ កម្ពុជា​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ជា​លើក​ទី ៣ គិត​ចាប់តាំងពី​បាន​ចូលរួម​ក្នុង​សមាគម​នេះ​ក្នុង​ឆ្នាំ ១៩៩៩។

លោក​បាន​ថ្លែងថា៖ «ក្នុងអំឡុងពេល​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ កម្ពុជា នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​យន្តការ ដែល​ផ្ដោត​សំខាន់​លើ​ការពង្រឹង​សកម្មភាព​រួមគ្នា​ជាក់ស្ដែង ដោយ​ឈរ​ជា​មូលដ្ឋាន​ភាព​បើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និង​ភាពសុខដុមរមនា​នៅក្នុង​អាស៊ាន ដើម្បី​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ប្រឈម​រួម ដែល​តំបន់​យើង​ទាំងមូល​កំពុង​ជួបប្រទះ»។

លោកនាយក​រដ្ឋមន្ដ្រី​បន្តថា៖ «កាន់តែ​សំខាន់​ជាងនេះទៅទៀត​ដោយមាន​ការគាំទ្រ និង​សាមគ្គីភាព​យ៉ាងរឹងមាំ​របស់​ប្រទេស​សមាជិក​អាស៊ាន​ និង​ដៃគូ​ខាងក្រៅ កម្ពុជា​នឹង​ខិតខំ​ធានា​ឱ្យបាន​នូវ​ការផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ជូន​ប្រជាជន នៅក្នុង​តំបន់​ទាំងមូល​ដោយ​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ»។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា អាទិភាព​ចំពោះមុខ​របស់​អាស៊ាន​នៅពេលនេះ គឺ​ការធានា​ឱ្យបាន​នូវ​លទ្ធផល​ជា​ទីគាប់ចិត្ត​បន្ថែមទៀត​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ដើម្បី​ងើប​ចេញ​ឱ្យ​ផុតពី​វិបត្តិ​វីរុស​កូវីដ ១៩ ជាមួយ​នឹង​ភាពធន់​កាន់តែ​រឹងមាំ​ខ្លាំងក្លា។

លោក​បាន​បញ្ជាក់ថា ការងារ​បន្ទាន់​របស់​យើង​គឺ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការអនុវត្ត​នូវ​វិធានការ​នានា ដែល​ស្ថិតក្រោម​យុទ្ធសាស្ត្រ​ទូលំទូលាយ​ទាំង ៥ នៃ​ក្របខ័ណ្ឌ​ស្ដារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​ដែល​រួមមាន ទី ១ ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ទី ២ ការពង្រឹង​សន្តិសុខ​មនុស្សជាតិ ទី ៣ ការពង្រីក​សក្តានុពល​នៃ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន និង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ ទី ៤ ការពន្លឿន​ផ្នែក​ព័ត៌មាន​ឌីជីថល​ប្រកប​ដោយ​បរិយាប័ន្ន និង ទី ៥ ការបោះ​ជំហាន​ឆ្ពោះទៅរក​អនាគត​ប្រកប​ដោយ​ចីរភាព​ និង​ភាពធន់​រឹងមាំ។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី កម្ពុជា​មាន​គោលបំណង​ជំរុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​ដោយ​ផ្តោតលើ​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ដែល​បាន​ឯកភាព​រួចហើយ ក្រោម​ផែនការ​លម្អិត​នៃ​សហគមន៍​ទាំង ៣ របស់​អាស៊ាន​នៅ​ឆ្នាំ ២០២៥ ក្នុងនោះ​រួមមាន​ផែនការមេ ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥ និង​ផែនការ​ការងារ​ដំណាក់កាល​ទី ៤ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន។

លោកនាយក​រដ្ឋមន្ដ្រី​សង្ឃឹមថា​ពេលដែល​យើង​បង្ហូតទង់​អាស៊ាន​នៅថ្ងៃនេះ (ទិវា​អាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២ ០២១) គ្រប់គ្នា​នឹង​ចងចាំ​នូវ​ដំណើរ​ដ៏វែងឆ្ងាយ​ដែល​បាន​ឆ្លងកាត់​អស់​ពេល​ជាង​ពាក់កណ្ដាល​សតវត្សរ៍​កន្លង​មកនេះ និង​មាន​មោទនភាព​ក្នុង​នាម​ជា​ប្រជាជន​អាស៊ាន​ចាប់តាំងពី​ការកកើត​អង្គការ​នេះ​មក។

លោក​បាន​ថ្លែងថា៖ «នៅពេលដែល​យើង​បន្តដំណើរ​រួម​គា្ន​ទៅមុខ ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា អាស៊ាន​ត្រៀមលក្ខណៈ​បាន​យ៉ាង​ល្អ​ក្នុង​ការជម្នះ​រាល់​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​គូសបញ្ជាក់​សាជាថ្មី​ថា យើង​មានការ ប្ដេជ្ញាចិត្ត និង​សមត្ថភាព​ក្នុង​ការពង្រឹង និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់​សម្រាប់​សុខុមាលភាព​ប្រជាជន​របស់​យើង»៕