ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​គ្រប់​ខណ្ឌ​ទូទាំង ប្រទេស (គ.វ.ក-១៩) បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ដែល​នៅ​សេសសល់​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី ៩ ខែសីហា​នេះ។

សេចក្ដី​ជូនដំណឹង​របស់ គ.វ.ក-១៩ ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ជូន​ដល់​អ្នក​ដែល​នៅ​សេសសល់​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ការជូនដំណឹង​នេះ គឺ​យោងតាម​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

តាម​សេចក្ដី​ជូនដំណឹង គ.វ.ក-១៩ នឹង​រៀបចំ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ ១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង ដែល​នៅ​សេសសល់​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ក្នុងនោះ​រួមទាំង ស្ត្រី​ដែល​ទើបនឹង​សម្រាលកូន​រួច ប្រជាពលរដ្ឋ​ដែល​បានបញ្ចប់​ការធ្វើ​ចត្តាឡីស័ក ឬ​អ្នក​ដែល​បាន​វិលត្រឡប់​ពី​ក្រៅប្រទេស ដែល​បានបញ្ចប់​ការធ្វើ​ចត្តាឡីស័ក​ជាដើម។

គ.វ.ក-១៩ បញ្ជាក់ថា អ្នក​ដែល​ត្រូវ​បានផ្ដល់​ការចាក់​វ៉ាក់សាំង​នេះ​គឺ​មាន​អាសយដ្ឋាន​រស់នៅក្នុង​រាជធានី​ភ្នំពេញ។

គ.វ.ក-១៩ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ខាងលើ​ឱ្យ​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ដោយ​ភ្ជាប់​ទៅ​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន​នៅតាម​ទីតាំង កាលបរិច្ឆេទ និង​ពេលវេលា ដែល​ក្រសួង​បានកំណត់។

ទីតាំង​នឹង​ពេលវេលា​ដែល គ.វ.ក-១៩ ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​នោះ ទី១ ស្ថិតនៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង ទី ២ ស្ថិត​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។ ដំណើការ​នៃ​ការចាក់​វ៉ាក់សាំង​នឹង​ចាប់ពី​ថ្ងៃទី ៩ ខែសីហា​ដល់​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១ ចាប់ពី​ពេលវេលា​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ១១ ថ្ងៃត្រង់ និង​ម៉ោង ២ រសៀល ដល់​ម៉ោង ៤ ល្ងាច។

គ.វ.ក-១៩ បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ដូស​ទី ២ ត្រូវធ្វើ​ឡើង​នៅ ២១ ថ្ងៃ​ក្រោយ​ចាក់​ដូស​ទី ១ នៅ​ទីតាំង​ដែល​បាន​ចាក់​ដូស​ទី ១៕

វីដេអូ៖