
ការអនុវត្ដបម្រាមគោចរចាប់តាំងពីថ្ងៃទី ៣០ រហូតដល់យប់ថ្ងៃទី ៦ ខែសីហានេះ ។ ហ៊ាន រង្សី
ភ្នំពេញៈ អំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល បម្រាមគោចរ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ ឃាត់យានយន្តល្មើសច្បាប់បានចំនួន ១ ៥៩៧ គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន ៥១ នាក់ (ស្រី ១២ នាក់) ក្នុងនោះបញ្ជូនសំណុំរឿងចំនួន ២៦ នាក់ ទៅតុលាការ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក សាន សុខសីហា បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នាថ្ងៃនេះថា ការអនុវត្ដបម្រាមគោចរចាប់តាំងពីថ្ងៃទី ៣០ រហូតដល់យប់ថ្ងៃទី ៦ ខែសីហានេះ គឺសមត្ថកិច្ចបានឃាត់យានយន្តល្មើសច្បាប់បានចំនួន ១ ៥៩៧ គ្រឿងក្នុងនោះមានរថយន្តចំនួន ៤៧៣ គ្រឿង។
លោកបានថ្លែងថា៖ «យើងបានធ្វើការផាកពិន័យនៅនឹងកន្លែងបានយានយន្តសរុបចំនួន ៣៨៩ គ្រឿងនៅក្នុងនោះមានរថយន្តចំនួន ១១០ គ្រឿង។ ក្រៅពីនោះយកមករក្សាទុក ដើម្បីរង់ចាំធ្វើការផាកពិន័យ»។
បើតាមលោក សុខសីហា ក្នុងរយៈពេលនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ៥១ នាក់ក្នុងនោះស្រី ១២ នាក់ ហើយបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ២៦ នាក់។ ក្រៅពីនេះធ្វើការពិន័យខ្លះ និងណែនាំអប់រំខ្លះ។
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នេះបានចេញសេចក្ដីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥ ៩នាទី នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាលនេះត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២១ យប់ ដល់ម៉ោង ៣ ទៀបភ្លឺ លើកលែងតែក្នុងករណីចាំបាច់ដែលរដ្ឋបាលរាជធានីបានលើកលែងប៉ុណ្ណោះ៕