កំពតៈ ខេត្តកំពត​នឹងដាក់​ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ​នៅ​ថ្ងៃទី ១២ ខែសីហា ខាងមុខនេះ ដោយ​ជំរុញ​រដ្ឋបាល​ក្រុង​មួយ​នេះ​ឱ្យ​បម្រើសេវា​សាធារណៈ និង​កិច្ចអភិវឌ្ឍន៍​ជូន​ពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ។

ក្រុង​បូកគោ​គឺជា​រដ្ឋបាល​ក្រុង​មួយ​ត្រូវបាន​រដ្ឋាភិបាល​ទើប​បង្កើត​ថ្មី​ហើយ​ត្រូវ​បាន​ធ្វើការ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​កាលពី​ថ្ងៃទី ២៥ ខែកក្កដា។

រដ្ឋបាល​ខេត្តកំពត​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃទី ៦ ខែសីហា ថា៖ «នៅ​ថ្ងៃទី ១២ ខែសីហា ខាងមុខនេះ​នឹង​ឈានដល់​ការរៀបចំ​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ​ជា​ផ្លូវការ ដើម្បី​បម្រើសេវា​រដ្ឋបាល សេវាសាធារណៈ និង​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន​ជូន​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត»។

បើតាម​ហ្វេសប៊ុក​ដដែល​នេះ​លោក ជាវ តាយ អភិបាល​ខេត្តកំពត​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​របស់លោក​កាលពី​ថ្ងៃទី ៦ ខែសីហា បាន​ថ្លែងថា ការបង្កើត​រដ្ឋបាល​ក្រុង​បូកគោ​នេះ​មាន​គោលដៅ​លើកកម្ពស់​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ។

ប្រភព​ដដែល​បញ្ជាក់ថា លោក​បាន​ជំរុញ​ដល់​មន្ត្រីរដ្ឋបាល​ក្រុង​បូកគោ​ដែល​ទើប​បង្កើត​ថ្មី​នេះ​ឱ្យ​យកចិត្ត​ទុកដាក់​ប្រើ​ធនធាន​ដែលមាន​ស្រាប់​ឱ្យអស់​លទ្ធភាព​ ដើម្បី​បម្រើ​ផលប្រយោជន៍ សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យបាន​កាន់តែ​រីកចម្រើន​បន្ថែមទៀត​ជូន​ពលរដ្ឋ។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា ទីតាំង​អគារ​រដ្ឋបាល​ក្រុង​បូកគោ គឺ​ត្រៀម​ដាក់​ឲ្យ​ដំណើរការ​ដើម្បី​បម្រើ​ការងារ​នៅ​សណ្ឋាគារ​មួយកន្លែង​ដែល​ផ្ដល់​ដោយ​ឯកជន​ ដែល​មាន​ទីតាំង​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ ៣ ទល់​ចំណុចប្រសព្វ​ផ្លូវ​ឡើង​ឧទ្យាន​ព្រះមុនីវង្ស​បូកគោ​ស្ថិតនៅក្នុង​សង្កាត់​បឹងទូក៕