ភ្នំពេញៈ តាមរយៈ​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​សហភាព​អឺរ៉ុប (EU) កិច្ច​ប្រជុំបាន​អះអាង​ជាថ្មី អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​របស់​អាស៊ាន-សហភាព អឺរ៉ុប​នៅក្នុង​វិស័យ​នានា ខណៈ​កម្ពុជា​អះអាង​ថា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការធ្វើការ​ជាមួយ​ប្រទេស​ហ្វីលីពីន​ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប​នាពេល​បន្ទាប់។

នៅ​ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចូលរួម​ក្នុង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​សហភាព​អឺរ៉ុប និង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន លើក​ទី ២៨ តាម​ប្រព័ន្ធ​វីដេអូ។ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅថ្ងៃនេះ។

កិច្ចប្រជុំ​បាន​ស្វាគមន៍​ចំពោះ​ការលើកកម្ពស់​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​តាម​ការឯកភាព​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប លើក​ទី ២៣ នៅ​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ និង​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​សមិទ្ធផល និង​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន-សហភាព​អឺរ៉ុប (២០១៨-២០២២)។

លោក ប្រាក់ សុខុន ថ្លែងថា ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប​ត្រូវបាន​កសាងឡើង​ដោយ​ឈរលើ​ការប្តេជ្ញាចិត្ត​រួម​ចំពោះ​ពហុភាគី​និយម សមភាព និង​ការគោរព​គ្នា​ទៅវិញ​ទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ។

លោក​បញ្ជាក់ថា៖ «គំនិត​ផ្តួចផ្តើម​នានា​ដែល​ពាក់ព័ន្ធ​ជាមួយ​អាស៊ាន​រួមមាន យុទ្ធសាស្ត្រ​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​សហភាព​អឺរ៉ុប គប្បី​គាំទ្រ​ដល់​មជ្ឈភាព​អាស៊ាន និង​បំពេញ​បន្ថែម​ជាមួយ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)»។

លោក​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​របស់​អាស៊ាន-សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់ រួមមាន​តាមរយៈ​ការសម្រេច​បាន​ប្រកប​ដោយ​សក្តានុពល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជ​សេរី​អាស៊ាន-សហភាព​អឺរ៉ុប (ASEAN-EU FTA)។

លោក​បន្តថា៖ «កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ បាន​ត្រៀមលក្ខណៈ​រួចរាល់ ក្នុង​ការធ្វើការ​ជាមួយ​ប្រទេស​ហ្វីលីពីន​ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប​នាពេល​បន្ទាប់ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត និង​សហភាព​អឺរ៉ុប ដើម្បី​ធានា​ឱ្យបាន​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ឆ្នាំ ២០២២»។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សហភាព​អឺរ៉ុប ចំពោះ​មជ្ឈភាព​អាស៊ាន និង​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន ដោយ​ឈរលើ​ជំនឿ​រួម​នៅក្នុង​សណ្តាប់ធ្នាប់​ពហុភាគី ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់ ជាពិសេស​នៅពេល​ដោះស្រាយ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការបារម្ភ​រួម។

នៅក្នុង​ការពិភាក្សា​អំពី​ទិសដៅ​អនាគត​នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន-សហភាព​អឺរ៉ុប កិច្ច​ប្រជុំបាន​អះអាង​ជាថ្មី​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សង្គម-វប្បធម៌​របស់​អាស៊ាន-សហភាព អឺរ៉ុប​នៅក្នុង​វិស័យ​នានា​រួមមាន ពាណិជ្ជកម្ម​ និង​វិនិយោគ សេដ្ឋកិច្ច​ឌីជីថល ការតភ្ជាប់ ទេសចរណ៍ ទីក្រុង ឆ្លាត ការការពារ​បរិស្ថាន​ និង​ការប្រែប្រួល​អាកាសធាតុ ការអភិរក្ស​ជីវសាស្ត្រ​ចម្រុះ ការគ្រប់គ្រង​គ្រោះមហន្តរាយ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ការបង្រួម​គម្លាត​អភិវឌ្ឍន៍ ទេសន្តរប្រវេសន៍ យុវជន​ និង​ការអប់រំ ជាដើម។

កិច្ចប្រជុំ​បានផ្តល់​យោបល់​ថា​តំបន់​ទាំងពីរ​មាន​ភាពចាំបាច់​ត្រូវ​ដោះស្រាយ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​សមធម៌ ខណៈ​ដែល​តំបន់​ទាំងពីរ​កំពុង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​ទើបត្រូវ​បាន​លើកកម្ពស់​ដោយ​ឈរលើ​ផលប្រយោជន៍​ទៅវិញ​ទៅមក និង​ការគោរព​គ្នា​ទៅវិញ​ទៅមក។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៤៥ នៃ​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​គាំទ្រ​សំណើ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​នៅ​ឆ្នាំ ២០២២ នៅ​ទីក្រុង​ព្រុចសែល៕