ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានបញ្ជាក់​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​បាន​ស្វាគមន៍​ការបន្ត​ការចរចា​លើ​អត្ថបទ​របស់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC textual negotiation) ដែលជា​ការឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ចិន ដើម្បី​រក្សា​ស្ថិរភាព​តំបន់ តាមរយៈ​ការគ្រប់គ្រង​ភាព​ខ្វែងគំនិត​គ្នា​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ ១៩៨២ ស្តីពី​ច្បាប់​សមុទ្រ ( 1982 UNCLOS)។

លោក ប្រាក់ សុខុន បាន​ថ្លែង​បែបនេះ​ក្នុង​ពេល​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី ២៨ កាលពី​ម្សិលមិញ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបទេស​កម្ពុជា​នា​ថ្ងៃទី ៧ ខែសីហា​នេះ។

សេចក្ដី​ប្រកាស​បានឱ្យដឹង​ថា កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​នៃ​ដំណើរការ​វេទិកា​តំបន់​អាស៊ាន និង​បាន​គូសបញ្ជាក់​អំពី​ការរួមចំណែក​យ៉ាងសំខាន់​ដល់​ការកសាង​ជំនឿ​ទុកចិត្ត សន្តិភាព សន្តិសុខ និង​ស្ថិរភាព នៅក្នុង​អាស៊ី-ប៉ាស៊ីហ្វិក។ ដើម្បី​បន្ត​រក្សាបាន​សន្ទុះ​វិជ្ជមាន​នេះ រដ្ឋមន្ត្រីការបរទេស​បាន​ចែករំលែក​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការជំរុញ​ដំណើរការ​វេទិកា​តំបន់​អាស៊ាន​ឆ្ពោះទៅមុខ តាមរយៈ​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​រាល់​បន្ទាត់​សកម្មភាព​ក្រោម​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ដំណាក់កាល​ទី ២ ឆ្នាំ ២០២០-២០២៥ (HPOA II) របស់​វេទិកា​តំបន់​អាស៊ាន។

លោក ប្រាក់ សុខុន ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​វេទិកា​តំបន់​អាស៊ាន​ដែលជា​វេទិកា​ពហុភាគី​និយម​សម្រាប់​កិច្ចសន្ទនា​ពិគ្រោះ​យោបល់ ការកសាង​ទំនុកចិត្ត និង​លើកកម្ពស់​ភាពជឿជាក់ សម្រាប់​អាស៊ី-ប៉ាស៊ីហ្វិក​ទាំងមូល ហើយ​អ្វី​ទាំងអស់​នេះ​គួរតែ​ត្រូវបាន​ឱបក្រសោប​ ដើម្បី​ប្រមូលផ្ដុំ​សាមគ្គីភាព​អន្តរជាតិ ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​រាតត្បាត​កូវីដ ១៩ ដោយ​គ្មាន​ការចោទប្រកាន់​គ្នា និង​ធ្វើ​នយោបាយូបនីយកម្ម។

តាមរយៈ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លោក​រដ្ឋមន្ដ្រី​បានបញ្ជាក់​ពី​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​ការបន្ត​ចរន្ត​ទំនាក់ទំនង ដែលជា​ជំហាន​ប្រកប​ដោយ​ការស្ថាបនា​ឆ្ពោះ​ទៅ​រក​ការលើកកម្ពស់​ទំនុកចិត្ត និង​ភាពជឿជាក់​គ្នា​រវាង​ភាគី​កូរ៉េ​ទាំងពីរ។

លោក​ថ្លែងថា៖ «ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​បាន​ស្វាគមន៍​ការបន្ត​ការចរចា​លើ​អត្ថបទ​របស់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC textual negotiation) ដែលជា​ការឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ចិន ដើម្បី​រក្សា​ស្ថិរភាព​តំបន់ តាមរយៈ​ការគ្រប់គ្រង​ភាពខ្វែង​គំនិត​គ្នា​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ រួមទាំង អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ ១៩៨២ ស្តីពី​ច្បាប់​សមុទ្រ ( 1982 UNCLOS)»។

កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ តំបន់ និង​អន្តរជាតិ ឆ្ពោះទៅរក​ការឆ្លើយតប​រួមគ្នា​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការស្តារឡើងវិញ​ពី​ជំងឺ​រាតត្បាត​កូវីដ ១៩ ។

កិច្ចប្រជុំ​បាន​អនុម័ត​សេចក្តីប្រកាស​រួម ស្តីពី​ការលើកកម្ពស់​របៀបវារៈ​ស្តីពី​យុវជន សន្តិភាព និង​សន្តិសុខ សំដៅ​បង្កើន​ការចូលរួម​របស់​យុវជន​ប្រកបដោយ​បរិយាប័ន្ន​នៅក្នុង​ការទប់ស្កាត់ និង​ដោះស្រាយ​ជម្លោះ ក៏ដូចជា​ក្នុង​ការកសាង​សន្តិភាព និង​ការរក្សា​សន្តិភាព។

កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ទិសដៅ​នាពេល​អនាគត​របស់​វេទិកា​តំបន់​អាស៊ាន និង​បាន​ឯកភាព​រក្សា​ដំណើរការ​វេទិកា​តំបន់​អាស៊ាន ជា​វេទិកា​មួយ​ដើម្បី​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈ​ការសន្ទនា ការពិគ្រោះ​យោបល់ និង​អនុវត្ត​សកម្មភាព​នានា​ដែល​គាំទ្រ​ដល់​ការកសាង​ទំនុកចិត្ត និង​ការជឿជាក់​ក្នុង​ចំណោម​អ្នកចូលរួម។

រដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​វេទិកា​តំបន់​អាស៊ាន​ក្នុង​ការសម្រួល​កិច្ចសហការ​ដែល​យក​អាស៊ាន​ជា​ស្នូល​លើ​បញ្ហា​នយោបាយ និង​សន្តិសុខ​តំបន់ ដែល​ជា​ការចាប់អារម្មណ៍ និង​ការបារម្ភ​រួមគ្នា។ ក្នុងន័យនេះ រដ្ឋមន្ត្រី​វេទិកា​តំបន់​អាស៊ាន​ក៏​បាន​ចែករំលែក​ទស្សនៈ​របស់​ខ្លួន​អំពី​តម្លៃ​នៃ​ការឈានចូល​ដំណាក់កាល​ការបង្ការ​ផ្នែក​ការទូត នៅក្នុង​ដំណើរការ​វេទិកា​តំបន់​អាស៊ាន ជាពិសេស​នៅក្នុង​ការគិតគូរ​ពិចារណា​លើ​ភាពស្មុគស្មាញ​ដែល​កំពុង​កើតមាន និង​ភាពមិន​ច្បាស់លាស់​ដែល​កំពុង​ប៉ះពាល់​ដល់​តំបន់៕