ព្រះសីហនុៈអាជ្ញាធរ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដាក់​ការសង្ស័យ​ករណី​គ្រោះ​អគ្គិភ័យ ដែល​បង្ក​ឲ្យ​មនុស្ស​យ៉ាងតិច៤នាក់​រងរបួស​ធ្ងន់​ និង​ស្រាល កាលពី​ម៉ោង២:៣០នាទី​ទៀបភ្លឺ ថ្ងៃទី៨ សីហា ថា ជា​ករណី​ប៉ុនប៉ង​ឃាតកម្ម ខណៈ​មាន​បណ្តឹង របស់​ជនរងគ្រោះ​ ដែលជា​ប្រពន្ធ​ ប្តឹង​ជនសង្ស័យ​ជា​ប្តី​ចុង​ក្នុងករណី​អគ្គិភ័យ​នេះ។

លោក នួន ប៊ុន​ថុល អភិបាលក្រុង​កោះរ៉ុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ៣នាក់ ក្នុង ចំណោម​គ្នា៤នាក់ ដែល​ក្នុងនោះ​មាន​ទាំង​កុមារា អាយុ៧ឆ្នាំ​ម្នាក់​ផងដែរ បាន​រងរបួស​ធ្ងន់ ដោយ​ឆេះ​រលាក​ពេញ​ទាំង​ខ្លួន។

ពួកគេ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កោះរ៉ុង​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​សង្គ្រោះ​របស់​ក្រុមហ៊ុន​ GTVC របស់លោក ឧកញ៉ា ទៀ វិចិត្រ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​ព្យាបាល។

លោក ប៊ុន​ថុល ថ្លែងថា៖«យោងតាម​ការពិនិត្យ​អង្កេត​នៅ​កន្លែងកើតហេតុ និង​វត្ថុតាង​ដែល​មន្ត្រី​ជំនាញ​យើង​បាន​រកឃើញ ករណី​គ្រោះ​អគ្គិភ័យ​នេះ គឺ មិនមែនជា​ឧប្បទ្ទវហេតុ ដែល​កើតឡើង​ដោយ​ចៃដន្យ ឬ ដោយ​ភាព​ធ្វេសប្រហែស​នោះទេ ប៉ុន្តែ វា​អាចជា​អំពើ​ប៉ុនប៉ង​ឃាតកម្ម»។

បើតាម​លោក ប៊ុន ថុល គ្រោះ​អគ្គ​ភ័យ​នោះ មិន​បង្ក​ឲ្យ​ឆេះ​ផ្ទះ ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ឡើយ គឺ ឆេះ​តែ​ពូក ខ្នើយ និង​ភួយ មុង​ប៉ុណ្ណោះ។ នៅ​ទីតាំង​កើតហេតុ សមត្ថកិច្ច​បាន​រកឃើញ​មាន​ដប​សាំង​ចំណុះ១លីត្រ នៅ​ពីលើ​គំនរ​ពូក​ខ្នើយ ដែល​ឆេះ​នោះ​ផងដែរ។ នៅពេលនេះ​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណីនេះ ដើម្បី​ស្វែងរក​ការពិត។

ទោះយ៉ាងណា អ្នកស្រី គីម កួន អាយុ៤៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់-ក្រុង​កោះរ៉ុង ដែល​បាន​រងរបួស​ដោយ​ឆេះ​រលាក​ខ្នង​មួយ​ចំហៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​គ្រោះ​អគ្គិភ័យ​នោះ គឺ​ជា​អំពើ​របស់​ប្ដី​ចុង​ទី៣របស់គាត់ ឈ្មោះ កែវ ឆ្លូញ អាយុ៥១ឆ្នាំ ដែល​បានធ្វើ​មកលើ​គាត់ ក្នុង​ចេតនា​ប៉ុនប៉ង​ដុត​សម្លាប់​គាត់ និងកូនៗព្រមទាំង​ចៅ​របស់គាត់។

អ្នកស្រី​គឹម កួន ដែល​នៅពេលនេះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំការចេក ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា៖«ខ្ញុំ​បាន​ទ្រាំ​ឈឺចាប់​គ្រប់បែបយ៉ាង ទោះជា​ត្រូវ​គាត់ [កែវ ឆ្លូញ] វាយដំ ច្រំ​ធាក់​យ៉ាងណាក៏ដោយ ព្រោះ​ចង់​ឲ្យ​គាត់​កែខ្លួន។ ប៉ុន្តែ​គាត់​មិន​ត្រឹមតែ​មិន​កែខ្លួន ថែមទាំង​យក​សាំង​មកចាក់​ស្រោច​ដុត​ប៉ង​សម្លាប់​ពួក​ខ្ញុំ​ជា​ប្រពន្ធ​និង​កូនចៅ​ទាំងយប់​ថែមទៀត»។

ជាមួយគ្នានេះ អ្នកស្រី​បាន​អំពាវនាវ សុំ​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​គាត់ និង​កូនចៅ​របស់គាត់។

ជុំវិញ​ករណីនេះ លោក ហេង គីម​អាន អធិការ​ក្រុង​កោះរ៉ុង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​លោក កែវ ឆ្លូញ ដែលមាន​របួសស្រាល គឺរលាកជើង​បន្តិចបន្តួច មក​សួរនាំ។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ គាត់​មិនបាន​សារភាព​នោះទេ បើទោះជា ប្រពន្ធ​កូន​របស់គាត់ បានដាក់​ការសង្ស័យ និង ចោទប្រកាន់​មកលើ​គាត់​ក៏ដោយ។

លោក​គីម​អាន ថ្លែងថា៖«នៅពេលនេះ ក្រុម​សមត្ថកិច្ច​យើង នៅ​មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា វា​បង្កឡើង​ពី​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ ហើយក៏​មិនទាន់​សម្រេច​ចោទប្រកាន់ ទៅលើ​ជនសង្ស័យ​ណា​ម្នាក់​បានដែរ ល្គឹកណា​យើង​នៅ​មិនទាន់​ប្រមូលបាន​ភ័ស្ដុតាង​គ្រប់​ជ្រុងជ្រោយ»។

ចំណែក​លោក ណេង ឡេង អាយុ៣៨ឆ្នាំ ជា​ឪពុក​កុមារា​រងគ្រោះ ឈ្មោះ ឡេង សុ​ម៉ា​ណា​ឌី អាយុ៧ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​នឹងដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​ឪពុកក្មេក​របស់គាត់ គឺ លោក កែវ ឆ្លូញ ទៅ​តុលាការ ដើម្បី​ឲ្យ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​កូនប្រុស​របស់គាត់ ដែល​ត្រូវបាន​គេ​ដុត​ប៉ុនប៉ង​សម្លាប់។

លោក​ថា៖«ករណីនេះ ខ្ញុំ​ជឿថា គ្មាន​នរណា​ក្រៅពី​ឪពុកក្មេក​របស់ខ្ញុំ​នោះទេ។ ខ្ញុំ​នឹងដាក់​ពាក្យ​ប្ដឹង​គាត់​ទៅ​តុលាការ ដោយ​ចោទប្រកាន់​គាត់​ពីបទ​ប៉ុនប៉ង​ឃាតកម្ម មកលើ កូនប្រុស​ខ្ញុំ ម្ដាយក្មេក និង ប្អូនថ្លៃ​របស់ខ្ញុំ តែ​មិនបាន​សម្រេច»។

លោក ឡេង បាន​ឲ្យ​ដឹង​ដែរ​ថា មកទល់ពេលនេះ កូនប្រុស​របស់គាត់ បានដឹងខ្លួន​ឡើងវិញ​ហើយ ប៉ុន្តែ​ស្នាមរបួស​របស់​កូន​គាត់ ធ្ងន់ធ្ងរ​ខ្លាំងណាស់ គឺ​ត្រូវ​ឆេះ​រលេះរលួយ​ស្បែក ស្ទើរតែ​ទាំងអស់។

ចំណែក​ប្អូនថ្លៃ​ប្រុស​របស់គាត់ គឺ លោក ឃុ​យ ប្រកាន អាយុ២១ឆ្នាំ ក៏មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដូច​កូនប្រុស​របស់គាត់​ផងដែរ៕