កំពង់ស្ពឺៈ តុលាការខេត្ត​កំពង់ស្ពឺ ឃុំខ្លួន​បុរស ២ នាក់​ ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃទី ៧ សីហា ពាក់ព័ន្ធ​ការ​ឆបោក​លុយ​ជាង ២ ម៉ឺន​ដុល្លារ ​ក្នុងការ​អូសទាញ​ជនរ​ង​គ្រោះ​ឱ្យ​ទិញ​អាហារ​បំប៉ន​ ដើម្បី​យក​ការប្រាក់ ដែល​ប្រព្រឹត្ត​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ចុង​សប្តាហ៍។

លោក ​ញ៉ែម សៅ ស្នងការរង​ទទួល​ផែន​នគរបាល​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ៨ សីហា​ថា ជន​ត្រូវ​ចោទ​ទាំង ២ នាក់ ឈ្មោះ វ៉ិ​ត សុខ​រឺ​ន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ដែល​អះអាងថា​ជា បុគ្គលិក​ក្រុម ហ៊ុន យូ​នី ស៊ី​ធី និង​មាន​លំនៅឋាន​នៅ​ភូមិ​អូរ​គគី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ។ ឈ្មោះ​ ជា ប៊ី​ន ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ខាងលើ​ជាមួយគ្នា និង​មាន​ទីលំនៅ ភូមិ​ក្រាំង​ពង្រ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ។

លោក​ប្រាប់ថា៖ «ជន​ទាំង ២ នាក់ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ជនរងគ្រោះ។ រឿងនេះ​យើង​មាន​ចំណាត់ការ​តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ខេត្ត សម សាមួន»។

ពាក់ព័ន្ធ​អង្គហេតុ​ក្នុង​រឿងនេះ​មិនត្រូវ​បាន​លោកស្នងការ​រង ​ញ៉ែម សៅ ប្រាប់ឱ្យដឹង​លម្អិត​ទេ។ ប៉ុន្តែ​បើ​យោងតាម​មន្ត្រីនគរបាល ១ រូប​ ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​នៅ​ថ្ងៃទី ៨ សីហា ថា មុន​មានការ​ឃាត់ខ្លួន​បុរស​ទាំង២នាក់​ខាងលើ គឺ​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ប្រុស​ស្រី ២ នាក់ កាលពី​ថ្ងៃទី ៥ សីហា។

មន្ត្រីនគរបាល​រូបនេះ​បន្ត​តាម​ពាក្យបណ្តឹង​ថា​មាន​បុរស ២ នាក់​ បាន​និយាយ​បញ្ចុះបញ្ចូល​ពួកគាត់​ឱ្យ​ទិញ​ឱសថ​បំប៉ន​សុខភាព​ពី​ក្រុមហ៊ុន​របស់​ពួកគេ។ ព្រោះ​មិន​ត្រឹមតែ​អតិថិជន​ចំណាយលុយ​ទិញ​ឱសថ​យកមកប្រើ​ហើយ​បានជា​ស្បើយ​ពី​ជំងឺ​ទេ តែ​ថែមទាំង​ចំណេញ​លុយ​ទៀត។

មន្ត្រី​ដដែល​បន្តថា​ជន​ត្រូវ​ចោទ​ទាំង២នាក់​បាន​និយាយ​បញ្ចុះ បញ្ចូល​ជនរងគ្រោះ​ថា អាហារ​បំប៉ន​សុខភាព​នេះ​ត្រូវបាន​វេជ្ជបណ្ឌិតល្បីៗ ដែល​បានបញ្ចប់​ថ្នាក់បណ្ឌិត ជា​អ្នកឯកទេស​ផ្នែក​សុខភាព​រាង កាយ​មនុស្ស និង​ព្យាបាល​ជំងឺ​ប្រើ​ឱសថ​អាហារ បំប៉ន​សុខភាព​នេះ។ ពេល​ទទួល ទាន​ចូលទៅ​ខាងក្នុង ឱសថ​នោះ​មាន​សមត្ថភាព​ព្យាបាល និង​ជួសជុល​សរីរាង្គ ផ្នែក​ខាងក្នុង​ខ្លួន​បាន១០០ភាគរយ​តែម្តង ដោយ​មិនចាំបាច់​ព្យាបាល​ជំងឺ ដោយ​លេបថ្នាំ ឬ ព្យួរសេរ៉ូម​ទេ។

មន្ត្រីនគរបាល​បន្តទៀត​ថា​ ជន​ត្រូវ​ចោទ​ទាំង ២ នាក់​ បាន​លួងលោម​ជនរងគ្រោះ​ទាំង២នាក់​ហើយ​បាន​ណែនាំ​ឱ្យ​ទិញ​អាហារ​បំប៉ន​ដែលជា​កញ្ចប់ តម្លៃ ២៥ ០០០ ដុល្លារ​អាមេរិក។ ទន្ទឹមនឹងនេះ​ជន​ឆបោក​ទាំង ២ នាក់ ​បាន​សន្យា​ផ្ដល់​ភាគលាភ​ក្នុង ១ខែ​ចំនួន៣ពាន់​ដុល្លារ​អាមេរិក​ឱ្យមក​ជនរងគ្រោះ​វិញ (ក្នុង​មនុស្ស​ម្នាក់)។

មិនតែប៉ុណ្ណោះ​អតិថិជន​នឹង​ទទួលបាន​កាត​មាស​ពី​ក្រុមហ៊ុន​សម្រាប់​ការ បំពេញការងារ​ក្នុង​ក្រុមហ៊ុន១ទៅ​ថៃ្ង​អនាគត​ហើយ​បើ​ពេល​ចូល​និ​វត្ដ​ន៍ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ប្រចាំខែ​ពី ១ ៥០០ ដុល្លារ​អាមេរិក ទៅ ៣ ៥០០ ដុល្លារ​អាមេរិក​ផង។ ពិសេស​បាន​ទៅលេង​នៅ​បរទេស​ទៀត៕