
អ្នកធ្វើដំណើរពេលយប់ក្នុងម៉ោងបិទបម្រាមគោចរ បង្ហាញឯកសារដល់មន្ត្រីនគរបាលក្នុងរាជធានីភ្នំពេញ។ រូបថត នគរបាល
ភ្នំពេញៈ សមត្ថកិច្ចឃាត់យានយន្តចំនួន ៣ ៥៨៨ គ្រឿង ធ្វើការអប់រំ និងពិន័យមនុស្សចំនួន៦ ៦២៩ នាក់ និងបញ្ជូនទៅតុលាការចំនួន ៣៦ នាក់ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងកូវីដក្នុងរយៈពេល ៧ ថ្ងៃនៃខែសីហានេះ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក.) ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ សីហា សមត្ថកិច្ចបានឃាត់យានយន្តចំនួន ៣ ៥៨៨ គ្រឿង ធ្វើការអប់រំ និងពិន័យមនុស្ស ៦ ៦២៩ នាក់ និងបញ្ជូនទៅតុលាការចំនួន ៣៦ នាក់ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល។ ក្នុងសេចក្តីជូនដំណឹងឱ្យដឹងថា ក្នុងរយៈពេល ៧ ថ្ងៃមកនេះសមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៤ ២២៩ ករណី លើទីតាំងចំនួន ៧ ១៥៩ និងពិន័យជាប្រាក់ ២៨៧ ៧០០ ០០០ រៀល។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងពីម្សិលមិញថា ចាប់តាំងពីអនុវត្តវិធានការរដ្ឋបាលរហូតមកដល់ថ្ងៃទី ៧ ខែសីហា សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឃាត់យានយន្ត ១ ៦៩២ គ្រឿងក្នុងនោះមានរថយន្ត ៥០០ គ្រឿង។
លោកថា នៅយប់ថ្ងៃទី ៧ ខែសីហា សមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន ៩៥ គ្រឿង ក្នុងនោះមានរថយន្ត ២៧ គ្រឿង។ ធ្វើការផាកពិន័យនៅនឹងកន្លែងបាន ២០ គ្រឿង ដែលមានរថយន្ត ៥ គ្រឿង ក្រៅពីនោះយកទៅរក្សាទុកនៅតាមខណ្ឌក្នុងនោះសមត្ថកិច្ចក៏បានឃាត់មនុស្សចំនួន ១៥ នាក់ផងដែរ។
លោកថ្លែងថា៖ «មើលតាមរបាយការណ៍ជាក់ស្តែង យើងឃើញថា ពី ១ ថ្ងៃទៅ ១ ថ្ងៃ ការល្មើសមានការថយចុះដូចយប់មិញ [យប់ថ្ងៃទី ៧ សីហា] ជាក់ស្តែងសល់តែ ៩០ ករណីជាងទេ។ អ៊ីចឹងមានន័យថា យើងពី ១ ថ្ងៃទៅ ១ ថ្ងៃ ពលរដ្ឋមានការយល់ដឹង និងគោរពសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ទាក់ទងនឹងការអនុវត្តបម្រាមគោចរហ្នឹង»។
លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងថ្លែងពីម្សិលមិញថា ក្នុងការបិទខ្ទប់ខេត្តកោះកុងចាប់ពីថ្ងៃអនុវត្តវិធានការរហូតមកដល់ថ្ងៃទី ៧ ខែសីហា មិនមានពលករឆ្លងដែននោះទេ ខណៈការអនុវត្តវិធានការបម្រាមគោចរក្នុងខេត្តមិនមានបាតុភាពអ្វីគួរកត់សម្គាល់ឡើយ។
លោកបានថ្លែងថា៖ «ពលរដ្ឋមានការយល់ដឹងស៊ីជម្រៅពីបញ្ហាកូវីដដោយសារគាត់បានជួប ហើយឆ្លងកាត់រាប់ពាន់ហើយ។ បែបមានបងប្អូនគ្រួសារ ឬក៏មិត្តភក្តិគាត់មានឈឺជំងឺហ្នឹង អ៊ីចឹងគាត់រាងខ្លាចហើយ។ នៅមានអ្នកល្មើសខ្លះដែរ តែតិចតួចសមត្ថកិច្ចបានធ្វើការណែនាំខ្លះ ឃាត់គាត់ខ្លះអ៊ីចឹងទៅដែរ តែមិនធ្ងន់ធ្ងរ»។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក សៅ សារឿន ថ្លែងថា សមត្ថកិច្ចបានចុះធ្វើការល្បាត សង្កេត ពិនិត្យ ជារៀងរាល់ថ្ងៃ ដោយទទួលបានលទ្ធផលជាក់ស្តែងពលរដ្ឋមានការចូលរួមបានល្អ មិនមានករណីល្មើសធ្ងន់ធ្ងរត្រូវចាប់បញ្ជូនទៅតុលាការនោះទេ។
លោក សៅ សារឿន ថ្លែងថា៖ «យើងអត់ទាន់ប្រើវិធានការច្បាប់ខ្លាំងទេ។ ពេលនេះយើងធ្វើការអប់រំណែនាំគាត់ឱ្យបានយល់ដឹងសិន។ អ្នកល្មើសល្មមៗយើងឱ្យគាត់ធ្វើអាវ៉ង់ ណែនាំកុំឱ្យមានលើកក្រោយទៀត អ៊ីចឹងទៅ។ ឥឡូវស្ងាត់អត់មានអ្នកដើរឆ្វេចឆ្វាចទេ មានតែអ្នកដែលគាត់ធ្វើការយប់ ដែលចេញពីកាស៊ីណូ ពីអីហ្នឹង ហើយពួកគាត់មានលិខិតធ្វើដំណើរមានអីត្រឹមត្រូវ»៕