ភ្នំពេញៈ សមត្ថកិច្ចបានឃាត់យានយន្តចំនួន ១ ១០១ គ្រឿង ធ្វើការអប់រំនិងពិន័យមនុស្សចំនួន ១ ៩៣៤ នាក់ និងបញ្ជូនទៅតុលាការចំនួន ១ នាក់ថែមទៀត ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) នៅព្រឹកថ្ងៃទី ៩ ខែសីហានេះ បានឲ្យដឹងថា នៅថ្ងៃទី ៨ ខែសីហា សមត្ថកិច្ចបានធ្វើការឃាត់យានយន្តចំនួន ១ ១០១ គ្រឿង ធ្វើការអប់រំពិន័យមនុស្សចំនួន ១ ៩៣៤ នាក់ និងបញ្ជូនទៅតុលាការចំនួន ១ នាក់ថែមទៀត ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល។

ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា នៅថ្ងៃទី៨ខែសីហា សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១ ២០៩ ករណី ទៅលើទីតាំងសរុបចំនួន ១ ៣៩១ និងពិន័យបានប្រាក់សរុបចំនួន ៣៨ ៤០០ ០០០ រៀល។

គិតត្រឹមថ្ងៃទី ៨ ខែសីហា សមត្ថកិច្ចបានបញ្ជូនមនុស្សដែលពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទៅតុលាការ កើនដល់ ៣៧ នាក់ហើយ ខណៈយានយន្តដែលឃាត់មានចំនួនសរុប ៤ ៦៨៩ គ្រឿង៕