ភ្នំពេញៈ ​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន ៧ កំពុងបើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ ១៩ ដូស​ទី៣ ដល់​ក្រុមគ្រូពេទ្យ និង​មន្ដ្រី​ជួរមុខ​ បន្ទាប់ពី​វ៉ាក់សាំង​ត្រូវបាន​ដឹក​ដោយ​ឧទ្ធម្ភាគចក្រ​ចំនួន ២ គ្រឿង ​ទៅដល់​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃទី ៧ ខែសីហា។

បើតាម​គណៈកម្មការ​ចំពោះ​កិច្ច គិត​ត្រឹម​ថ្ងៃទី ៧ ខែសីហា ពលរដ្ឋ​កម្ពុជា​ជាង ៨ លាន​នាក់​ស្មើនឹង​ជាង ៥០ ភាគរយ​នៃ​ពលរដ្ឋ​សរុប ១៦ លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ ១៩។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​តាមរយៈ​សារ​ជា​សំឡេង​ពិសេស​កាលពី​ថ្ងៃទី ៦ ខែសីហា ដោយបាន​ដាក់បទបញ្ជា​ឱ្យ​លោកស្រី​ ឱ វណ្ឌឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ នាំយក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ AstraZeneca សម្រាប់​ចាក់​ដូស​ទី៣ ឬ​ដូស​ជំរុញ (Boosting Dose) ដល់​គ្រូពេទ្យ​មន្ត្រីរាជការ និង​កងទ័ព​នៅតាម​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ជាបន្ទាន់។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី ការបញ្ជា​នេះ​ដោយសារ​មាន​បារម្ភ​ដល់​មន្ដ្រី​ជួរមុខ អាច​ប្រឈម​ហានិភ័យ​ឆ្លង​មេរោគ​កូវីដ ១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​ប្រភេទ Delta ខណៈ​ពលករ​ចំណាកស្រុក​កម្ពុជា​រាប់ពាន់នាក់ កំពុង​បន្ត​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ហើយ​ក្នុងនោះ​ក៏​មាន​ករណី​រកឃើញ​វិជ្ជមាន​កូវីដ ១៩ ប្រភេទ​បំប្លែង​ថ្មី​ផងដែរ។

លោក​បញ្ជាក់ថា៖ «អាច​ថា​ខានស្អែក​ ឬ​ខានស្អែកមួយ។ ចាប់ផ្តើម​អនុវត្ត​ការចាក់​ដូស​ទី៣ ឱ្យ​ផ្នែក​ជួរមុខ​នៅតាម​ព្រំដែន​កម្ពុជា-ថៃ​ទាំងអស់​ដែល​នៅ​ផ្តុំ​ទទួល​សេវា​ព្រោះ​បងប្អូន​ទាំងនេះ​នឹង​ទទួល​ហានិភ័យ​ បន្ទាប់ពី​បងប្អូន​រាប់ពាន់នាក់​ពី​ប្រទេស​ថៃ...ចូលមក [កម្ពុជា]»។

លោកស្រី ឱ វណ្ណឌីន ​បានឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន ២ គ្រឿង ដើម្បី​ដឹក​វ៉ាក់សាំង AstraZeneca ទៅកាន់​បណ្តា​ខេត្ត​ចំនួន ៦ ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​ខេត្ដ​ចំនួន ១ ត្រូវ​ដឹក​ដោយ​រថយន្ត​ដើម្បី​យក​វ៉ាក់សាំង​ទៅ​ចាក់​ដូស​ទី ៣ ដល់​មន្ត្រី​ជួរមុខ​នៅ​ថ្ងៃទី ៨ ខែ សីហា​ ឆ្នាំ ២០២១ តែម្ដង។ ខេត្ត​ទាំងនោះ​រួមមាន​ខេត្តកោះកុង ប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ និង​ខេត្ដ​ពោធិ៍សាត់​ដែលជា​ខេត្ដ​ទទួល​បាន​វ៉ាក់សាំង​តាមរយៈ​រថយន្ត។

លោកស្រី​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ពេល​នាំយក​អំណោយ​របស់លោក​នាយករដ្ឋមន្ដ្រី​ទៅ​ប្រគល់ជូន​លោកតា​លោកយាយ​អាយុ ១០០ ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ នៅ​ខេត្តកំពង់ធំ ស្ទឹងត្រែង និង​រតនគិរី​កាលពី​ថ្ងៃទី ៧ ខែសីហា​ថា ការចាក់​វ៉ាក់សាំង​ដូស​ទី៣ នេះ គឺ​លោកនាយក​រដ្ឋមន្ត្រី​បាន​យក​ចិត្ដ​ទុកដាក់​បន្ថែមទៀត​ដល់​ក្រុមគ្រូពេទ្យ និង​មន្ដ្រី​ជួរមុខ ដែល​កំពុង​បំពេញភារកិច្ច​ជួរមុខ នៅតាម​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

លោកស្រី​ថ្លែងថា៖ «ការចាក់​នេះ គឺ​នឹង​ចាប់ផ្ដើម​ជា​យុទ្ធនាការ​នៅ​ថ្ងៃស្អែក​នេះ [ថ្ងៃទី ៨ ខែសីហា] គឺ​គ្រប់​ខេត្ដ​ទាំងអស់​គាត់​បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃស្អែក​នេះហើយ»។

បើតាម​លោកស្រី​ ឱ វណ្ណឌីន ការចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី ៣ ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​គ្រប់​ដូស​រួចហើយ​នេះ គឺ​វា​បាន​ផ្ដល់នូវ​លទ្ធផល​ឆ្លើយតប​បន្ថែមទៀត ដើម្បី​រុញច្រាន​ឱ្យ​អង់ទីគ័រ​របស់​អ្នក​ដែល​ទទួល​វ៉ាក់សាំង​ឡើងខ្ពស់។

លោកស្រី​បន្តថា ការចាក់​ដូស​ទី​៣ នេះ​មិនមែន​មានន័យថា វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម​ ឬ​ស៊ីណូវ៉ាក់ មិនមាន​អង់ទីគ័រ​នោះទេ។ ប៉ុន្ដែ​ដោយសារ​បរិបទ​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូវីដ-១៩​ប្រភេទ Delta ពិសេស​ចំពោះ​ក្រុមគ្រូពេទ្យ និង​មន្ដ្រី​ជួរមុខ ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវីដ ១៩ ដែលមាន​ហានិភ័យ​ខ្ពស់។ ដូច្នេះ​ទើប​លោកនាយក​រដ្ឋមន្ដ្រី​មាន​ការគិតគូរ​ខ្ពស់​ដោយ​ភាពវៃឆ្លាត​ផ្ដល់​វ៉ាក់សាំង​ដូស​ទី ៣ ទៅដល់​ក្រុម​នេះ។

គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស កាលពី​ថ្ងៃទី ៧ ខែសីហា បាន​ណែនាំ​អំពី​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ AstraZeneca ដូស​ទី ៣ ចំពោះ​រដ្ឋបាល​រាជធានី-ខេត្ត​ទាំងអស់​ពិសេស​ខេត្ត​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​ដូស​ទី៣ ដែល​នឹង​ចាប់ផ្តើម​នា​សប្ដាហ៍​ទី ២ នៃ​ខែសីហា ២០២១ ថា ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ឈ្មោះ​អាស្ត្រាហ្សេនីកា ជា​ដូស​ជំរុញ ឬ​ដូស​ទី ៣ អាច​ចាក់​បាន​ចំពោះ​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​លើក​មុន ជា​វ៉ាក់សាំង​កូវីដ ១៩ ឈ្មោះ​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​តែប៉ុណ្ណោះ។ ចំណែក​បុគ្គល​ដែល​មក​ទទួល​វ៉ាក់សាំង​កូវីដ ១៩ ដូស​ទី៣ ត្រូវយក​មកជា​មួយ​នូវ​បណ្ណ​ចាក់​វ៉ាក់សាំង​លើក​មុន។

សេចក្ដី​ណែនាំ​បានបញ្ជាក់​ថា ត្រូវ​បញ្ចូល​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ ចាក់​វ៉ាក់សាំង​ឱ្យបាន​ពេញលេញ​ និង​ត្រឹមត្រូវ និង​សរសេរ​លើ​បណ្ណ​ចាក់​វ៉ាក់សាំង​របស់​បុគ្គល​ដែលមាន​ស្រាប់​ដោយ​សរសេរ​ថា៖ «លើក​ទី៣» ឈ្មោះ​វ៉ាក់សាំង «AZ» និង​ដោយ​បញ្ជាក់​ពី​ទីកន្លែង និង​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ រដ្ឋបាល​ខេត្ដ​ជាប់​ព្រំដែន​ទាំង ៧ កំពុង​អនុវត្ដ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដល់​ក្រុមគ្រូពេទ្យ និង​មន្ដ្រី​ជួរមុខ នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​របស់ខ្លួន។

តាមរយៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ នេះ រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ជូន​ដល់​មន្ដ្រីរាជការ ប្រធាន​មន្ទីរ-អង្គភាព​នានា ជុំវិញ​ខេត្ត​អភិបាលក្រុង-ស្រុក និង​មេឃុំ/ចៅសង្កាត់​ចាប់ពី​ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ តទៅ។

រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​បាន​រៀបចំ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​ចំនួន ២ ទីតាំង គឺ ទី១ សាលប្រជុំ (ធំ) សាលាខេត្ត​បន្ទាយមានជ័យ ទី២ សាលប្រជុំ (ធំ) គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ។

ចំណែក​រដ្ឋបាល​ខេត្ដ​កោះកុង ក៏​កំពុង​អនុវត្ដ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ នេះ​ផងដែរ កាលពី​ថ្ងៃ​ម្សិលមិញ។ រដ្ឋបាល​ខេត្ដ​នេះ​បានឱ្យដឹងថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង បង្ការ​វីរុស​កូវីដ ១៩ នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ៨ រហូតដល់​ថ្ងៃទី ១២ ខែ សីហា ​ឆ្នាំ ២០២១ ចាប់ពី​វេលា​ម៉ោង ៨:០០ នាទី​ព្រឹក រហូតដល់​ម៉ោង ៤:០០ នាទី​រសៀល នៅ​រៀងរាល់ថ្ងៃ​នៅតាម​ទីតាំង​ចំនួន ៣ គឺ​សាខា​កាកបាទក្រហម​ខេត្ដ​កោះកុង សាលាបឋមសិក្សា​បឹងព្រាវ និង​មណ្ឌល​សុខភាព​ភ្ញីមាស។

បើ​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្របខ័ណ្ឌ​ទូទាំង​ប្រទេស កំណើន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១ លទ្ធផល​ចាក់​វ៉ាក់សាំង​ចំពោះ​អ្នក​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ មាន​ចំនួន​ជាង ៧,៧ លាន​នាក់​ស្នើ​នឹង ៧៧,៩២% បើ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់។

ជាមួយគ្នានេះ លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ-យុវវ័យ​អាយុ​ចាប់ពី ១២ ឆ្នាំ ទៅដល់​ក្រោម ១៨ ឆ្នាំ​មាន​ចាក់​បាន​ចំនួន​ជាង ២៥ ម៉ឺន​នាក់ ស្មើនឹង ១២,៨២ ភាគរយ​បើ​ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ប្រមាណ ២ លាន​នាក់។

គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ បញ្ជាក់ថា សរុប​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង ៨ លាន​នាក់ ស្មើនឹង ៥០,២៨ ភាគរយ​បើ​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​សរុប ១៦ លាន​នាក់៕

វីដេអូ៖