ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតប្រារព្ធខួបលើកទី៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ក្នុងទិវាអាស៊ាន ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២១។
យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា កម្ពុជានឹងទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានជាលើកទី៣ ក្នុងអំឡុងពេលមិនដល់ ៥ ខែទៀតទេ បន្ទាប់ពីប្រទេសប្រ៊ុយណេ ដែលកំពុងធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ។ កម្ពុជាបានចូលរួមក្នុងសមាគមនេះក្នុងឆ្នាំ ១៩៩៩។
លោក ហ៊ុន សែន បានថ្លែងថា៖ «ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការ ដែលផ្ដោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្ដែង ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុច្ឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ»។
លោកនាយករដ្ឋមន្ដ្រីបន្តថា៖ «កាន់តែសំខាន់ជាងនេះទៅទៀតដោយមានការគាំទ្រ និងសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅ កម្ពុជានឹងខិតខំធានាឱ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន នៅក្នុងតំបន់ទាំងមូលដោយមិនទុកអ្នកណាម្នាក់ចោលឡើយ»។
លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា អាទិភាពចំពោះមុខរបស់អាស៊ាននៅពេលនេះ គឺការធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀតពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឱ្យផុតពីវិបត្តិវីរុសកូវីដ ១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា។
លោកបានបញ្ជាក់ថា៖ «ការងារបន្ទាន់របស់យើង គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្ត្រទូលំទូលាយទាំង ៥ នៃក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានដែល រួមមាន ទី១ ការពង្រឹងប្រព័ន្ធសុខាភិបាល ទី២ ការពង្រឹងសន្តិសុខមនុស្សជាតិទី៣ ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ ទី៤ ការពន្លឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និងទី៥ ការបោះជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងភាពធន់រឹងមាំ»។
លោកនាយករដ្ឋមន្ដ្រីថ្លែងថា កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ានដោយផ្តោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្តើមសំខាន់ៗដែលបានឯកភាពរួចហើយ ក្រោមផែនការលម្អិតនៃសហគមន៍ទាំង ៣ របស់អាស៊ាននៅឆ្នាំ ២០២៥ ក្នុងនោះរួមមានផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងផែនការការងារដំណាក់កាលទី ៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។
លោកនាយករដ្ឋមន្ដ្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថាពេលដែលយើងបង្ហូតទង់អាស៊ាននៅថ្ងៃនេះ (ទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១) គ្រប់គ្នានឹងចងចាំនូវដំណើរដ៏វែងឆ្ងាយដែលបានឆ្លងកាត់អស់ពេលជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះ និងមានមោទនភាពក្នុងនាមជាប្រជាជនអាស៊ានចាប់តាំងពីការកកើតអង្គការនេះមក»។
លោកបានថ្លែងថា៖ «នៅពេលដែលយើងបន្តដំណើររួមគា្នទៅមុខ ខ្ញុំមានជំនឿជឿជាក់ថា អាស៊ានត្រៀមលក្ខណៈបានយ៉ាងល្អក្នុងការជម្នះរាល់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដើម្បីគូសបញ្ជាក់សាជាថ្មីថា យើងមានការប្ដេជ្ញាចិត្ត និងសមត្ថភាពក្នុងការពង្រឹង និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់សម្រាប់សុខុមាលភាពប្រជាជនរបស់យើង»៕