កំពង់ធំៈ មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ​នឹង​ចុះទៅ​ធ្វើ​កំណត់ហេតុ​ទីតាំង​ទួលបុរាណ​ថ្មី ១ កន្លែង​ស្ថិតនៅក្នុង​បរិវេណ​ដីចម្ការ​ប្រជាពលរដ្ឋ ត្រង់ចំណុច​ព្រៃទទឹង​នៃ​ភូមិ​ពាមអាទិត្យ ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល្ល័ង្ក​នៅក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​ទទួល​ព័ត៌មាន​បាន​ពី​ប្រជាពលរដ្ឋ​ដែល​ប្រទះឃើញ​កាលពី​ពេលថ្មីៗ​នេះ។

លោក ហ៊ិន សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៨ ខែសីហា​ឆ្នាំ ២០២១ នេះ​ថា លោក​នឹង​ដឹកនាំ​មន្ត្រី​ទៅពិនិត្យ​មើល និង​ធ្វើ​កំណត់ហេតុ​ទីតាំង​ទួល​បុរាណ​នេះ ដើម្បី​ប្រមូល​ព័ត៌មាន និង​កំណត់ និង​ចុះបញ្ជី​ជា​ទីតាំង​ជា​ទីទួល​បុរាណ ដែល​កំណត់ដោយ​ច្បាប់។

លោក ហ៊ិន សោភ័ណ បន្តថា នៅពេល​ទីទួល​បុរាណ​នេះ​ត្រូវ​បាន​ចុះបញ្ជី លោក​នឹង​ឱ្យ​ប្រជាពលរដ្ឋ ម្ចាស់​ចម្ការ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះហត្ថលេខា​ទទួលស្គាល់ ដោយ​មិនឱ្យ​មានការ​ឈូសឆាយ ឬ​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​ទីទួល​បុរាណ​នេះ ព្រមទាំង​ចូលរួម​ថែរក្សា​ការពារ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង។

លោក ហ៊ិន សោភ័ណ បន្ថែមថា តាម​កំណត់​របាយការណ៍​របស់​ការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ ស្រុក​ប្រាសាទបល្ល័ង្ក​នៅ​ទីទួល​ប្រាសាទបុរាណ​នេះ មាន​បំណែក​ដុំថ្ម​ជា​រូប​បដិមា។ ទោះជា​យ៉ាងណា បើ​ពិនិត្យ​ដោយ​ភ្នែក​ហាក់​លំបាក​បន្តិច​ក្នុង​ការកំណត់ លុះត្រាតែ​ធ្វើ​កំណាយ​ឱ្យបាន​ត្រឹមត្រូវ​ទើប​អាច​កំណត់​បាន​ថា វា​អាច​ថា​នឹងមាន​គ្រឹះ​ប្រាសាទ និង​ជា​តំបន់​ទីសក្ការបូជា​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សម័យមុន។

លោក សោភ័ណ ថ្លែងថា៖ «តាម​ការសន្និដ្ឋាន ទីតាំង​នេះ​គឺជា​ទីសក្ការ​បូជា​កាលពី​សម័យ​កណ្តាល​ចន្លោះ​ពី ៣០០ ទៅ ៥០០ ឆ្នាំមុន ពួកគាត់​បាន​លើក​តម្កល់​រូប​បដិមា ដោយ​ឃើញ​រូប​ព្រះពុទ្ធ (ថ្មគោល)។ យ៉ាងណា ខ្ញុំ​ចុះទៅ​អាទិត្យ​ហ្នឹងហើយ ដោយ​ដំបូង​ឡើយ​យើង​ធ្វើ​កំណត់ហេតុ​ជា​ទីទួល​បុរាណ ឬ​ទី​ប្រាសាទបុរាណ»។

លោក ស៊ាប សីហា មគ្គុទេសក៍​ទេសចរណ៍​ប្រចាំ​នៅ​ខេត្តសៀមរាប និង តំបន់​ជុំវិញ​ប្រាប់ឱ្យដឹង​ដែរ​ថា ការកំណត់​ទីតាំង​នេះ​ជា​ទីទួល​បុរាណ ព្រោះ​នៅ​តំបន់​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​រូប​បដិមា និង​រណ្តៅ​ដែល​ត្រូវបាន​គេ​ជីក​យក​បដិមា​ជាដើម។ មួយវិញទៀត នៅ​ជុំវិញ និង​នៅ​មិន​ឆ្ងាយ​ពី​ទីទួល​បុរាណ​នេះ មាន​ប្រាសាទ​ដូន​ម៉ៅ ប្រាសាទ​តាម៉ៅ ប្រាសាទ​អូរប្រាសាទ និង​ប្រាសាទ​អំបែក​ជាដើម។

លោក​ថ្លែងថា៖ «នៅ​ទីទួល​នេះ យើង​ឃើញ​ថ្ម និង​រូប​បដិមា សុទ្ធតែ​រូបចម្លាក់​ពី​បុរាណ ដែល​រចនាប័ទ្ម​ដូច​ប្រាសាទ​បាយ័ន។ អ៊ីចឹង​ហើយ​បាន​យើង​កំណត់​ទីតាំង​នេះ ជា​ទីទួល​បុរាណ។ ប៉ុន្តែ ទីតាំង​នេះ​វា​ក្លាយទៅជា​ទីវាល​ចម្ការ​ពលរដ្ឋ​អស់ហើយ និង​មួយវិញទៀត នៅ​ជុំវិញ​ទីតាំង​នេះ​ក៏​មាន​គ្រឹះ​ប្រាសាទបុរាណ​ដែរ»។

លោក ស៊ាប សីហា បាន​សន្និដ្ឋានថា ទីតាំង​ទួល​បុរាណ​នេះ​ជា​ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​បាន​រស់នៅ និង​ត្រូវ​បានរៀបចំ​ជា​ទីសក្ការបូជា​កាលពី​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ក្នុង​សតវត្សរ៍ ១២ ឬ ១៣៕