ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ៨ ខែសីហា​ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ HUANG XULONG អាយុ ២១ ឆ្នាំ​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ និង​សារធាតុ​សង្ស័យ​សរុប​ចំនួន ១៦ គីឡូក្រាម។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៨ ខែសីហា ថា ទាក់ទង​ទៅនឹង​ការស្រាវជ្រាវ​រឹបអូស​គ្រឿងញៀន និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នេះ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយនឹង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​អធិការ​ខណ្ឌ​មួយចំនួន ដូចជា​អធិការ​ខណ្ឌចំការមន អធិការ​ខណ្ឌមានជ័យ និង​អធិការ​ខណ្ឌ​បឹង​កេងកង​ក្នុង​ការបង្ក្រាប​នេះ។ លោក​ថ្លែងថា៖ «ការរៀបចំ​បញ្ជូន ខាង​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​នីតិវិធី​បន្ទាប់​ជា​របស់​តុលាការ»។

លោក​ សាន សុខសីហា បន្ត​ថា​មុន​នឹង​ឈានទៅដល់​ការបង្ក្រាប​គ្រឿងញៀន​នេះ ដំបូង​ឡើយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន បុរស​ជា​ជនជាតិ​ចិន​រូបនេះ បន្ទាប់មកទៀត​កម្លាំង​សមត្ថកិច្ច​ក៏បាន​រុករក​ដល់​ទីតាំង​ដែល​មាន​ការស្តុក​គ្រឿងញៀន​សម្រាប់​ធ្វើការ​ជួញដូរ​នៅ​ទីតាំង​ខុនដូ ១ កន្លែង​ស្ថិត​នៅក្នុង​សង្កាត់​បឹងទំពុន ២ ខណ្ឌមានជ័យ ក៏បាន​រកឃើញ​សារធាតុ​ញៀន​ប្រមាណ​ជាង ១០ ប្រភេទ​ដែលមាន​ទម្ងន់ ១០ គីឡូក្រាម និង​សារធាតុ​សង្ស័យ​មួយចំនួនទៀត​ប្រហែលជា ៦ គីឡូក្រាម សរុប​ទាំងអស់​ចំនួន ១៦ គីឡូក្រាម។

លោក​ សាន សុខសីហា ​បញ្ជាក់ថា នេះ​មិនមែន​ជា​ករណី​ទី ១ ដែល​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​នោះទេ​ពោល​កន្លងមក​សមត្ថកិច្ច​បាន​បង្ក្រាបបាន​ជាច្រើន​ករណី​ប៉ុន្តែ​លោក​មិន​បាន​ចាំ​នោះទេ។

ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​គ្រឿងញៀន​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត និង​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជារឿយៗ បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ និង​អធិការ​ខណ្ឌ​ទាំងអស់​របស់​រាជធានី-ភ្នំពេញ​ឱ្យ​ខិតខំ​ប្រែង​យកចិត្ត​ទុកដាក់​ក្នុង​ការបង្ក្រាប​គ្រឿងញៀន​ទាំង​ករណី​ធំ និង​ការប្រើប្រាស់ ឬ​ចែកចាយ​ដែលមាន​លក្ខណៈ​ចាប់ពី​តូចតាច​ឡើងទៅ ពីព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​រួម និង​សកល​ដែល​ត្រូវមាន​ការចូលរួម​សហការ​គ្នា​ក្នុង​ការបង្ក្រាប។

បើតាម​លោក ស ថេត ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ និង​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ខាងលើនេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រយ:ពេល ២ ថ្ងៃ នៅ​ថ្ងៃទី ៦ និង​ទី ៧ ខែ​សីហា ២០២១ ក្នុង​ការចុះ​ស្រាវជ្រាវ​នៅ​ទីតាំង​ផ្សេងៗ​គ្នា ដោយ​រឹបអូស​គ្រឿងញៀន​ជាច្រើន​ប្រភេទ​សរុប​ជាង ១០ គីឡូក្រាម​ និង​សារធាតុ​សង្ស័យ​មួយចំនួនទៀត​ប្រហែល​ជា ៦ គីឡូក្រាម៕