បន្ទាយមានជ័យៈ អាជ្ញាធរក្រុង​ប៉ោយប៉ែត​សម្រេច​ផ្អាក​ការដ្ឋាន​សាងសង់​អគារ ១ កន្លែង និង​បន្ត​ស្រាវជ្រាវ​ពី​លក្ខណៈ​បច្ចេកទេស បន្ទាប់ពី​អគារ​ដែល​គ្រោង​សាងសង់​កម្ពស់ ៦ ជាន់​ស្ថិតនៅ​ចំណុច​ស្រះសួគ៌ ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បាក់​ប្លង់សេ នៅពេល​កំពុង​សាងសង់​បាន​ជាន់​ទី ១ បណ្តាលឱ្យ​កម្មករ​មួយចំនួន​រងរបួស​ក្នុង​នោះ​មាន​ម្នាក់​របួសធ្ងន់។

ហេតុការណ៍​បាក់​រលំ​ប្លង់សេ​អគារ​ផ្ទះសំណាក់​កម្ពស់ ៦ ជាន់​ស្មើនឹង ៤ ល្វែង​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១ ក្នុង​ពេល​កម្មករ​ប្រមាណ ២០ នាក់​កំពុង​ដំណើរការ​ចាក់​ប្លង់សេ​ជាន់​ទី ១ ហើយ​បណ្តាល​ឱ្យ​រលំបាក់​សង្កត់​កម្មការិនី​ម្នាក់ ដែល​ស្ថិតនៅក្រោម​ និង​កម្មករ ១ ចំនួន​ទៀត​របួសស្រាល។នេះ​បើតាម​លោក ព្រំ ពិសិដ្ឋ អធិការរង​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ។

លោក ព្រំ ពិសិដ្ឋ បានលើកឡើង​ទៀតថា មូលហេតុ​នៃ​បាក់រលំ​ប្លង់​សេ​នេះ អាចមកពី​ការសង់​ខុស​បច្ចេកទេស ដោយសារ​ជន្ទល់​ទម្រ​ប្លង់សេ​វែងៗ​ពេក ហើយ​យោល​ញ័រ​នៅពេល​ទ្រ​ទម្ងន់​ស៊ីម៉ងត៍​ធ្ងន់ និង​បុក​ពី​រថយន្ត​ក្រឡុក​ផង​ទើប​បណ្តាល​ឱ្យ​បាក់រលំ​បែបនេះ។

លោក​បន្តថា ដោយសារតែ​ការដ្ឋាន​សំណង់​នេះ មាន​គ្រោះថ្នាក់​ដល់​មនុស្ស ដូច្នេះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​សម្រេច​ផ្អាក​ការដ្ឋាន​នេះ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​នីតិវិធី​ស្រាវជ្រាវ​បន្ត និង​អនុវត្ត​ទៅតាម​ច្បាប់។

លោក​បាន​បញ្ជាក់ថា៖ «កម្មករ​ម្នាក់​ដែល​រងរបួស គឺជា​ស្ត្រី​ដែល​គាត់​នៅ​ខាងក្រោម​អគារ ហើយ​ពេល​បាក់រលំ​មក ក៏ត្រូវ​គាត់ ហើយ​​ចំណែក​កម្មករ ២ ទៅ ៣ នាក់​ផ្សេងទៀត គឺ​គ្រាន់តែ​រលាត់​ដៃ​រលាត់​ជើង​បន្តិចបន្តួច។ ចំពោះ​កម្មករ​ស្រី ដែល​ធ្ងន់ យើង​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបុរី ដើម្បី​បន្ត​ពិនិត្យ​និង​ថត ឆ្លុះ និង​ឃើញថា ជើង​នាង​មិន​បាក់​ទេ គ្រាន់តែ​របួស​គ្រាំ​ខ្លាំង​ប៉ុណ្ណោះ»។

ជាមួយ​គ្នា​នេះ លោក​ ព្រំ ពិសិដ្ឋ បានឱ្យដឹង​ទៀតថា ចំពោះ​ម្ចាស់​សំណង់​ដែលមាន​ឈ្មោះថា យឹម គឹមអៀង ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​មេក្រុម​ម៉ៅការ​សំណង់​ម្នាក់​ត្រូវបាន​កោះហៅ​មក​សាកសួរ​ដើម្បី​បន្ត​នីតិវិធី​តែ​មិនបាន​ឃាត់ខ្លួន​នោះទេ។ ចំពោះ​ជនរងគ្រោះ​វិញ លោក​បាន​ឱ្យ​ដឹងថា គឺមាន​ឈ្មោះ នី ស្រីនិច អាយុ ១៩ ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក ឡុង វុធ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ដែរ​ថា តាម​សំណើ​នៃ​គម្រោង​ដែល​បានអនុញ្ញាត​សាងសង់​អគារ​នេះ​គឺ​សង់​កម្ពស់​តែ ២ ជាន់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​បន្ទាប់ពី​ក្រុមការងារ​ចុះទៅ​ដល់​កើតហេតុ​នៅពេល​នេះ​ក្រុមបច្ចេកទេស​កំពុង​បន្ត​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការបាក់​រលំ​ប្លង់សេ​នេះ។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​មិន​ទាន់​ឆ្លើយ​អ្វី​បាន​នោះទេ តាម​លក្ខណៈ​បច្ចេកទេស គេ​កំពុង​សិក្សា ដែល​មិនទាន់​ដឹង​ពី​មូលហេតុ​អ្វី​ច្បាស់។ យោង​ឯកសារ​សំណង់​នោះ​មានច្បាប់​អនុញ្ញាត​សាងសង់​ដែល​ស្នើ​ត្រឹម​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ​នៃ​សាលាក្រុង​ប៉ោយប៉ែត។ ករណីនេះ​បើ​រកឃើញ​កំហុស​នឹង​អនុវត្ត​ទៅតាម​ច្បាប់»។

ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ដែរ កាលពី​ថ្ងៃទី ៨ សីហា​ ម្សិលមិញ ​ក៏មាន​ករណី​បាក់រលំ​ប្លង់សេ ក្នុងអំឡុងពេល​កំពុង​ចាក់បេតុង នៅ​ចំណុច​ការដ្ឋាន​មួយ​ដែល​ស្ថិតនៅក្នុង​សង្កាត់​ស្វាយដង្គំ ខេត្ត-ក្រុង​សៀមរាប ខេត្ត​សៀមរាម​ផងដែរ។

លោក ដា ចំរើន អធិការរង​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​រសៀល​ម្សិលមិញ​ថា មន្ត្រី​បាន​ចុះទៅ​កន្លែងកើតហេតុ ហើយ​ជំហាន​ដំបូង គឺ​រកឃើញថា ហេតុការណ៍​នេះ​មិនមាន​ធ្វើឱ្យ​កម្មករ​ណា​ម្នាក់​រងរបួស​នោះទេ។

លោក​បាន​រៀបរាប់ថា៖ «ក្រុម​ការងារ​យើង​បាន​សួរនាំ​បណ្តោះអាសន្ន​ហើយ។ ជំហាន​ដំបូង គឺ​មិនមាន​អ្នកណាម្នាក់​របួស​នោះទេ។ ការបាក់​ការចាក់​ប្លង់សេ​នេះ គឺមាន​លក្ខណៈ​ទ្រេត ព្រោះតែ​ចាប់ផ្តើម​ចាក់​បេតុង​ទៅ​វា​ទ្រេត ដោយ​មិនមាន​បាក់​ដល់​ក្រោម​នោះទេ»៕

វីដេអូ៖