ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ប្រាប់​ដល់​ប្រធាន​មន្ទីរពេទ្យ​ថ្នាក់ជាតិ មជ្ឈមណ្ឌល​ជាតិ មន្ទីរពេទ្យ​រាជធានី-ខេត្ត-ស្រុក-ខណ្ឌ មណ្ឌល​សុខភាព និង​សេវា​សុខាភិបាល​ឯកជន រួម​ជាមួយ​នឹង​មន្ទីរពេទ្យ មន្ទីរ​ពហុព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មន្ទីរសម្ភព​រៀបចំ​ចាត់ចែង និង​អនុវត្ត​ការទទួល​យក​អ្នកជំងឺ​ព្យាបាល​នៅតាម​សេវាសាធារណៈ នៅក្នុង​អំឡុងពេល​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នាពេល​បច្ចុប្បន្ន។

យោងតាម​លិខិត ១ ច្បាប់​របស់លោក ម៉ម ប៊ុនហេង ដែល ​ភ្នំពេញ ប៉ុស្តិ៍ ទទួលបាន​នៅ​ថ្ងៃទី ៦ ខែសីហា បានឱ្យ​ដឹងថា រយៈកាល​កន្លងមកនេះ​មាន​បាតុភាព​បាន​កើតឡើង​ជារឿយៗ ដែល​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​បាន​ទៅរក​កន្លែង​ព្យាបាល​នៅតាម​សេវា​សាធារណៈ​មន្ទីរពេទ្យ​រដ្ឋ និង​សេវា​សុខាភិបាល​ឯកជន (គ្លីនិក​ឯកជន) បែរជា​មិន​ទទួលយក​ពួកគាត់​មក​ធ្វើការ​ព្យាបាល​ដែល​ធ្វើឱ្យ​ជះឥទ្ធិពល​មិនល្អ​មកលើ​ក្រសួង​សុខាភិបាល​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូពេទ្យ។ ចំពោះ​បញ្ហា​នេះ​ក្រសួងសុខាភិបាល​សូម​ធ្វើ​ការណែនាំ​ចំនួន ៥ ចំណុច។

ទី ១ ចំពោះ​មន្ទីរពេទ្យ​ជាតិ និង​មជ្ឈមណ្ឌល​ជាតិ ត្រូវតែ​ប្រកាន់យក​គោលការណ៍​ទទួល​សង្គ្រោះ ព្យាបាល​អ្នកជំងឺ​ជាដាច់ខាត ដោយ​អាច​ប្រើប្រាស់​តេស្ដ​រហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ ក្នុង​ការញែក​អ្នកជំងឺ​កូវីដ ១៩។

ក្នុងករណី​ដែល​ធ្វើតេស្ត​ទៅ​ឃើញ​អវិជ្ជមាន​កូវីដ ១៩ ត្រូវបញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​តាម​ផ្នែក និង​តាម​បច្ចេកទេស​ព្យាបាល​ធម្មតា និង​ក្នុងករណី​ធ្វើតេស្ត​ទៅ​ឃើញ​វិជ្ជមាន​កូវីដ- ១៩ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​បន្ទប់​ដាច់ដោយឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩។

មន្ទីរពេទ្យ​ជាតិ មជ្ឈមណ្ឌលជាតិ ត្រូវមាន​លេខ​ទូរស័ព្ទ​សម្រាប់​ឱ្យ​អ្នកជំងឺ​មកពី​ខាងក្រៅ​ធ្វើ​ទំនាក់ទំនង (មាន​ក្នុង​ឧបសម្ព័ន្ធ)។

ទី ២ ចំពោះ​មន្ទីរពេទ្យបង្អែក​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​មណ្ឌល​សុខភាព​ក៏​ត្រូវតែ​ប្រកាន់យក​គោលការណ៍​ទទួល​សង្គ្រោះ ព្យាបាល​អ្នកជំងឺ​ជាដាច់ខាត ដោយ​អាច​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ ក្នុង​ការញែក​អ្នកជំងឺ​កូវីដ ១៩។

ក្នុងករណី​ធ្វើតេស្ត​ទៅ​ឃើញ​អវិជ្ជមាន​កូវីដ ១៩ ត្រូវបញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​តាម​ផ្នែក និង​តាម​បច្ចេកទេស​ព្យាបាល​ធម្មតា និង​ក្នុងករណី​ធ្វើ​តេស្ត​ទៅ​ឃើញ​វិជ្ជមាន​កូវីដ ១៩ ត្រូវបញ្ជូន​អ្នកជំងឺ​ទៅ​បន្ទប់​ដាច់ដោយឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩។

ប្រសិនបើ​មន្ទីរពេទ្យបង្អែក​ណា​គ្មាន​កន្លែង​ព្យាបាល​ជំងឺ​កូវីដ ១៩ ទេ​ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យបង្អែក​រាជធានី- ខេត្ត។ រាល់​ការបញ្ជូន​ត្រូវធ្វើ​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​មន្ទីរពេទ្យ​បង្អែក​រាជធានី- ខេត្ត ដែលមាន​ជូន​ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ ដោយ​ប្រាប់​ពី​មូលហេតុ​នៃ​ការបញ្ជូន និង​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​ត្រូវបញ្ជូន​ឱ្យ​បានដឹង​ជាមុន។

ក្រសួង​សុខាភិបាល​បន្ត​ទៀតថា ចំណែក​ចំណុច​ទី៣ ចំពោះ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន (មន្ទីរពេទ្យ មន្ទីរ​ពហុព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មន្ទីរសម្ភព) ត្រូវតែ​ប្រកាន់យក​គោលការណ៍ ទទួល​សង្គ្រោះ ព្យាបាល​អ្នកជំងឺ​ជាដាច់ខាត ដោយ​អាច​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ ក្នុង​ការញែក​អ្នកជំងឺ​កូវីដ ១៩ បើ​សង្ស័យថា អ្នកជំងឺ​មាន​ជំងឺ​កូវីដ ១៩។

ក្នុងករណី​ធ្វើតេស្ត​ទៅ ឃើញ​អវិជ្ជមាន​កូវីដ ១៩ ត្រូវ​ទទួលយក​អ្នកជំងឺ​ព្យាបាល​ធម្មតា ទៅតាម​បច្ចេកទេស​ព្យាបាល និង​ក្នុងករណី​ធ្វើតេស្ត ទៅ​ឃើញ​វិជ្ជមាន​កូវីដ ១៩ ត្រូវដាក់​អ្នកជំងឺ​ក្នុង​បន្ទប់​ព្យាបាល​ដាច់​ដោយឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ (ប្រសិនបើ​មាន​ការអនុញ្ញាត​ឱ្យ​ព្យាបាល​អ្នកជំងឺ​កូវីដ ពី​ក្រសួងសុខាភិបាល) និង​បញ្ជូនទៅ​មណ្ឌល​ព្យាបាល អ្នកជំងឺ​កូវីដ​ ឬ​មន្ទីរពេទ្យ​រដ្ឋ​ដែលមាន​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ (ប្រសិនបើ​ពុំមាន​ការអនុញ្ញាត​ឱ្យ​ព្យាបាល​ជំងឺ​កូវីដ ១៩ ពី​ក្រសួងសុខាភិបាល)។

នៅក្នុង​លិខិត​លោក ម៉ម ប៊ុនហេង បាន​ព្រមាន​ថា ក្នុងករណី​ដែល​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ណា ដែល​មិន​អនុវត្ត​តាម​ការណែនាំ​នេះ ក្រសួង​សុខាភិបាល​នឹងមាន​វិធាន​ការបិទ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​នោះ មិន​អនុញ្ញាត​ឱ្យទទួល​ព្យាបាល​អ្នកជំងឺ​តទៅទៀត​ឡើយ។

ចំណែក​ចំណុច​ទី ៤ រាល់​ករណី​អ្នកជំងឺ​វិជ្ជមាន​កូវីដ ១៩ ដែល​ត្រូវ​បញ្ជូនទៅ​មណ្ឌល​ព្យាបាល​កូវីដ ១៩ ត្រូវធ្វើ​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​មណ្ឌល​ព្យាបាល​កូវីដ- ១៩ ដែលមាន​ជូន​ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ ដោយ​ប្រាប់​ពី​មូលហេតុ​នៃ​ការបញ្ជូន និង​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​ត្រូវបញ្ជូន​ឱ្យបាន​ដឹង​ជាមុន។

ឯ​ចំណុច​ទី ៥ ដែលជា​ចំណុច​ចុងក្រោយ អនុគណៈកម្មការ​បច្ចេកទេស និង​ព្យាបាល​កូវីដ-១៩ និង​នាយកដ្ឋាន​មន្ទីរពេទ្យ ត្រូវ​ត្រួតពិនិត្យ តាមដាន​ការងារ​នេះ​ជាប្រចាំ​ និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្នុង​ករណី​មាន​បាតុភាព​មិន​ប្រក្រតី​កើតឡើង៕