ភ្នំពេញៈ ជន​ជាប់ឃុំ​ចំនួន ៤ នាក់ ​ជាប់ចោទ​ពី​បទ​ល្មើស​ហិង្សា និង​គ្រឿងញៀន ដែល​បាន​ហែក​គុក​រត់​ចេញពី​ពន្ធនាគារ​ខេត្ដ​កណ្ដាល​នឹង​ត្រូវ​ផ្ដន្ទាទោស​បន្ថែម​លើ​ទោស​មាន​ស្រាប់ តាមរយៈ​បទល្មើស​ជាក់ស្ដែង ក្រោយពី​ពួកគេ​បាន​ហែក​គុក​រត់គេចខ្លួន​រយៈពេល​ប្រហែល ១ ម៉ោង ប៉ុន្តែ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មកវិញ​កាលពី​ថ្ងៃទី ៧ ខែសីហា។ នេះ​បើតាម​លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល។

លោក ចាត ស៊ីនាង បាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ជន​ជាប់ឃុំ​ចំនួន ៤ នាក់​ក្នុង​នោះ ៣ នាក់​ជា​ក្មេងស្ទាវ​ជាប់ចោទ​ក្នុង​បទល្មើស​គ្រឿងញៀន និង​ម្នាក់ទៀត​ជា​មនុស្ស​វ័យ​កណ្ដាល​ជាប់ចោទ​ក្នុង​បទល្មើស​ហិង្សា។ ពួកគេ​ទើប​បញ្ជូនមក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ដ​កណ្ដាល​បាន​ប្រហែល ១ សប្ដាហ៍ និង​កំពុង​ស្ថិតក្នុង​ការធ្វើ​ចត្ដាឡីស័ក​នៅឡើយ។

លោក ស៊ីនាង បានឱ្យដឹងថា​ខណៈពេល​ដែល​មន្ដ្រី​ពន្ធនាគារ​នាំ​ពួកគេ​ទៅ​ហាត់​កីឡា​កាលពី​ថ្ងៃទី ៧ ខែសីហា ពួកគេ​បាន​ឆ្លៀតឱកាស​ហែក​របង​បន្លា​លួស​លួច​រត់​ចេញពី​ពន្ធនាគារ​តែម្ដង ប៉ុន្ដែ​ត្រូវ​ឃាត់ខ្លួន​បាន​វិញ។

លោក​បាន​ថ្លែងថា៖ «ក្នុងចំណោម​ជន​ជាប់ឃុំ​ដែល​ហែក​គុក​លួច​រត់​នេះ គឺ​យើង​ឃាត់​ខ្លួន​បាន ៣ នាក់​មកវិញ​ភ្លាម ប៉ុន្ដែ​មាន​ជន​ជាប់ឃុំ​ម្នាក់​ដែល​ជាប់ចោទ​ក្នុង​បទល្មើស​ហិង្សា​បាន​រត់​ទៅ​ពួន​នៅលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ។ មន្ដ្រី​ពន្ធនាគារ​បាន​សហការ​ជាមួយ​នគរបាល និង​ប្រជាពលរដ្ឋ ប្រើពេល​ជិត ១ ម៉ោង​ទើប​ឃាត់ខ្លួន​ជនល្មើស​មកវិញ​បាន»។

លោក ស៊ីនាង បាន​បន្តថា៖ «ជន​ជាប់ឃុំ​ដែល​ហែកគុក​រត់ចេញ​បាន​ម្នាក់ ដោយសារ​មាន​សកម្មភាព​រហ័ស​ពេក ទើប​សមត្ថកិច្ច​យើង​តាម​មិនទាន់។ ជន​ចាប់​ឃុំ​នេះ​លោត​ផ្លោះ​របងលួស​ពន្ធនាគារ​ជាង ៥ ម៉ែត្រ​រួច​ដោយ​រលូន និង​ហែក​ដែក​លួស​របង​ដូច​ហែកក្រដាស»។

លោក​បាន​អះអាងថា ក្រោយ​ឃាត់ខ្លួន​ជនល្មើស​បានមក​វិញ លោក​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​លើ​ករណីនេះ ព្រោះ​ករណីនេះ​ជា​ករណី​បទល្មើស​ជាក់ស្ដែង។ ដូច្នេះ​ជនល្មើស​ទាំង ៤ នាក់​នេះ​នឹងត្រូវ​តុលាការ​ផ្ដន្ទាទោស​បន្ថែម​លើ​បទចោទ​ដែលមាន​ស្រាប់។ «ករណីនេះ​ខ្ញុំ​សូម​យោបល់​ទៅ​ព្រះរាជអាជ្ញា គាត់​បានឱ្យ​យើង​រៀបចំ​របាយការណ៍ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ដើម្បី​កាត់ទោស​បន្ថែម​ពី​បទល្មើស​មួយទៀត។ បទល្មើស​នេះ ជនល្មើស​អាច​នឹងត្រូវ​បន្ថែម​ឆ្នាំ​ក្នុងការ​ឃុំខ្លួន​ពួកគេ»៕