ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​បង្ហើប​ឱ្យដឹង​ថា អា​ជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​មាន​គម្រោង​បន្ត​ដាក់​បម្រាម​គោចរ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ទៀត​ទេ បន្ទាប់​ការអនុវត្ត​បម្រាម​គោចរ​រយៈពេល ​១​៤ ថ្ងៃ មាន​ស្ថាន​ភាព​ល្អប្រសើរ និង​អត្រា​ការឆ្លង​ថ្មី​នៃ​អ្នកជំងឺ​កូ​វីដ ១៩ មាន​ការ​ថយ​ចុះ​។

អភិ​បាលរ​ង​រាជធានី​ភ្នំពេញ លោក កើត ឆែ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី ៩​ សីហានេះ​ថា៖ «រដ្ឋបាល​រាជធានី​ភ្នំពេញមក​ទល់ពេ​លនេះ ការអនុវត្ត​បម្រាម​គោចរ​រយៈ​ពេល ១៤ ថ្ងៃ ទទួលបា​ន​លទ្ធផល​ល្អ ហើយ​រដ្ឋបាល​មិន​មាន​​គម្រោង​ក្នុង​ការបន្ត​បម្រាម​គោចរ​ទៀត​ទេ ប៉ុន្តែ​ទោះជា​យ៉ាង​ណាក៏​ដោយ​រង់ចាំ​ការប្រជុំ​វាយ​តម្លៃ​ចុង​ក្រោយ​»។

លោក​បន្តថា ជាធម្មតា​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នឹង​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​វាយ​តម្លៃ ស្ថានភាព​ជាក់​ស្តែង​និង​ការអនុវត្ត​បម្រាម​គោចរ​នៅមុន ១ ថ្ងៃ នៃ​ការកំ​ណត់​កាល​បរិច្ឆេទ​។

លោក​បាន​បញ្ជាក់​ថា៖ «យើង​ត្រូវ​ប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​មួយនៅ​ថ្ងៃ ១១ ​ឬ ១២ សីហា អាស្រ័យ​លើ​ពេល​វេ​លា​កំណត់​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ( ឃួ​ង ស្រេង) អ៊ីចឹ​ង​ក្រោយ​ការវាយ​តម្លៃ​រួចហើយ គឺ​យើង​នឹង​ចេញ​សេចក្តី​សន្និដ្ឋាន​មួយ​ថា​ យើង​បន្តឬ​មិន​បន្តទៀត។ «អ្វី​ក៏ដោយ​នៅពេល​ស្ថានភាព​ល្អប្រសើរ​យើង​គួរ​យល់​ហើយ ព្រោះ​យើង​ធ្វើ​សំណាក​អាជីវ​ផ្សារ​ដើម​គទាំង​មូល​អត់​មាន​អ្នក​ឆ្លង​ផង អ៊ីចឹ​ង​រឿងនេះ​កម្រ​ណាស់»​។

សូម​ជម្រាប​ថា សាលា​​រាជធានី​ភ្នំពេញបា​នចេញ​សេចក្តី​សម្រេច​មួយ​ដោយ​បាន​ដាក់​បម្រាម​គោចរ​រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា រហូតដល់​ថ្ងៃទី ១២ ខែសីហា​នេះ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ ១៩។ ក្នុង​បម្រាម​នោះ រាល់​ការប្រមូ​លផ្តុំភោ​ជនីយ​ដ្ឋាន​អាហា​​រដ្ឋា​នរួម​នឹង​ការធ្វើដំណើ​រ​ដែល​មិនចាំបាច់​ត្រូវ​ផ្អាក​ចាប់ពី​ម៉ោង ៩ យប់​ដល់​ម៉ោង ៣ ទៀបភ្លឺ៕

វីដេអូ៖