មណ្ឌល​គិរីៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន ជនប្រដាប់អាវុធ​ម្នាក់ ដែល​បាន​បាញ់ប្រហារ​ ទៅលើ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្ពាន​មានជ័យ​ម្នាក់ឲ្យ​រងរបួស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ។

លោក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៩ ខែសីហា​ថា​ កាលពី​យប់​ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ មាន​អំពើ​ហឹ​ង្សា​ ក្នុង​គ្រួសារ​មួយ​ បាន​កើតឡើង នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ។

ក្នុងអំឡុង​ពេលនោះ លោក អ៊ុន លាង​អេង អាយុ ៣១ ឆ្នាំ នាយរង​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ពាន​មានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ជួយ​អន្តរាគមន៍​សម្របសម្រួល ​ដើម្បី​បញ្ឈប់​ករណី​អំពើ​ហឹ​ង្សា​នោះ ប៉ុន្តែ​ត្រូវបាន​ជនបង្ក​ម្នាក់​ឈ្មោះ​រស់ ពុទ្ធា​អាយុ ៤៦ ឆ្នាំ ដែលមាន​កាន់​អាវុធខ្លី​នៅក្នុង​ដៃ បាញ់ប្រហារ​ចំ​លើ​គល់​ដោះ​ខាងឆ្វេង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់។

លោក​បាន​ថ្លែងថា៖ «ក្រោយ​បាញ់ប្រហារ​មកលើ​មន្ត្រីនគរបាល​យើង​ឲ្យ​រងរបួស ជនបង្ក​ ក៏បាន​រត់គេចខ្លួន​បាត់​ទៅ។ ទោះយ៉ាងណា ករណីនេះ សមត្ថកិច្ច​យើងមិន​នៅ​ស្ងៀម​នោះទេ គឺ​កំពុង​ស្រាវជ្រាវ និង​តាម​ស្វែងរក​ចាប់ខ្លួន​ជនបង្ក ដើម្បី​ប្រគល់​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់»។

បើតាម​លោក កាន់ ពេញ មកទល់ពេលនេះ លោក លាង​អេង កំពុង​ស្ថិតក្រោម​ការពិនិត្យ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ពី​ក្រុមគ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្នុង​រាជធានី​ភ្នំពេញ​នៅឡើយ ប៉ុន្តែ​បាន​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ។

ជុំវិញ​ករណីនេះ ភរិយា​លោក លាង​អេង គឺ អ្នកស្រី ឡៃ សុធា អាយុ ២៨ ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​ មកទល់ពេលនេះ ក្រុមគ្រូពេទ្យនៅ​មិនទាន់​អនុញ្ញាត​ឲ្យ​គាត់​ជា​ប្រពន្ធ និង​ក្រុមគ្រួសារ​សាច់ញាតិ​ បាន​ចូលទៅ​សួរសុខទុក្ខ ឬក៏​មើលថែ​ប្ដី​នោះ​ទេ ​ព្រោះ​បារម្ភ​ពី​ការឆ្លង​រោគរាតត្បាត​កូ​វីដ ១៩​ បំ​លែង​ថ្មី Delta ដែល​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ថែមទៀត ​ដល់​ប្ដី​របស់គាត់ដែល​ទើបតែ​វះកាត់​រួច និង​កំពុង​បន្ត​ការព្យាបាល ​ដោយមាន​ការចាក់​បញ្ចូល​ឈាម​ និង​ការប្រើ​បំពង់ខ្យល់​អុកស៊ីសែន ដើម្បី​ជំនួយ​ដល់​ផ្លូវដង្ហើម​ផងដែរ។

អ្នកស្រី​បាន​និយាយថា៖ «នៅពេលនេះ ប្ដី​របស់ខ្ញុំ​កំពុងស្ថិត​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា គាត់​ត្រូវបាន​វះកាត់ និង​ឆ្លង​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ»។

ដោយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ប្ដី​ខ្លាំងពេក អ្នកស្រី សុធា បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា មកទល់ពេលនេះ អ្នក​ស្រី​​មិន​ចាប់​អារម្មណ៍ អំ​​ពី​រឿង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនប្រដាប់អាវុធ ដែល​បាញ់ប្ដី​អ្នក​ស្រី​​បាន​ឬ​មិនបាន​នោះទេ ហើយក៏​មិន​ខ្វល់​អំពី​ការប្ដឹង​ទាមទារ​សំណង​អ្វី​ពី​ជនបង្ក​នោះដែរ អ្វីដែល​អ្នកស្រី​កំពុង​ចង់ដឹង​បំផុត​នោះ​ គឺ​អំពី​ស្ថាន​ភាព​​នៃ​ជំងឺ​របស់​ប្ដី​អ្នក​ស្រី​ប៉ុណ្ណោះ។

អ្នកស្រី​បានបញ្ជាក់​ថា៖ «ខ្ញុំ​ជឿ​លើ​សមត្ថកិច្ច នឹងមិន​ឲ្យ​ជនដៃដល់​នោះ​រួចខ្លួន​ទេ ដូច្នេះ​ពេលនេះ​ ចាប់បាន​ឬ​មិនទាន់​ចាប់បាន​វា​មិន​សំខាន់​ទេ ព្រោះ​សមត្ថកិច្ច​គាត់​មាន​វិធី​ធ្វើការ​របស់គាត់​ហើយ។ រឿង​សំខាន់បំផុត​សម្រាប់​ខ្ញុំ​នៅពេលនេះ គឺ ប្ដី​របស់ខ្ញុំ បាន​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត និង​រង់ចាំ​ការអនុញ្ញាត​ពី​គ្រូពេទ្យ ដើម្បី​បាន​នៅ​កំដរ​មើ​ថែទាំ​គាត់​ដោយផ្ទាល់»៕