ភ្នំពេញៈ ក្រុមហ៊ុន​ឯកជន​ប្រមាណ ១០ ​ក្រុមហ៊ុន​ បានស្នើ​សុំ​សិទិ្ធ​នាំចូល​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​ ១៩ ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ៨ ខែសីហា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​ជាង ៨ លាន​នាក់​ ឬ​ស្មើនឹង ៥០,៩៥ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ ១៦ លាន​នាក់​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ថ្លែងប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា តាមរយៈ​កិច្ចប្រជុំ​រវាង​ក្រសួង​សុខាភិបាល​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី​ ២ ខែសីហា លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា មាន​ក្រុមហ៊ុន​ឯកជន​ប្រមាណ​ ១០ បាន​ស្នើសុំ​នាំចូល​ទាំង​ឧបករណ៍​ធ្វើតេស្ត​រហ័ស (Rapid Test) និង​វ៉ាក់សាំង បង្ការ​មេរោគ​កូវីដ​​ ១៩​។

លោក លឹម ហេង បន្តថា​៖ «​យើង​សង្ឃឹមថា ក្រសួង​សុខាភិបាល​នឹង​អាច​សម្រួល​​ចុះបញ្ជី​ដល់​ក្រុមហ៊ុន​ឯកជន​កាន់តែ​ឆាប់​ដើម្បី​នាំ​វ៉ាក់សាំង​ចូល​។ ការនាំចូល​វ៉ាក់សាំង និង​ឧបករណ៍​តេស្ដ​រហ័ស​នេះ​បើ​វ៉ាក់សាំង និង​ឧបករណ៍​តេស្ដ​រហ័ស​ដែលជា​របស់​រដ្ឋ​ប្រើ វិស័យ​ឯកជន​នឹង​នាំចូល​ផ្សេង​មិនឱ្យ​ដូច​របស់​រដ្ឋ​នោះទេ​»​។

លោក​បានឱ្យដឹងថា បើ​កាលណា​នាំចូល​ដូច​របស់​រដ្ឋ ខ្លាច​មាន​លក់​ច្រឡំ​គ្នា ដោយសារ​ខាង​រដ្ឋ ខ្លាច​លេចធ្លាយ​វ៉ាក់សាំង​របស់​រដ្ឋ ទៅ​លក់​នៅលើ​ទីផ្សារ​។ ខណៈ​រាជរដ្ឋាភិបាល​នាំចូល និង​បញ្ជា​ទិញ​វ៉ាក់សាំង គឺ​សម្រាប់​ចាក់​ដោយ​ឥត​គិត​ប្រាក់​ដល់​ពលរដ្ឋ ដូច្នេះ​មិនអាច​យកទៅលក់​លើ​ទីផ្សារ​បានទេ​។

បើតាម​លោក លឹម ហេង សភាពាណិជ្ជកម្ម​បាន​ស្នើសុំ​ក្រសួង​ជួយ​អន្តរាគមន៍​ដើម្បី​កំណត់​តម្លៃ​នៃ​ការធ្វើ​តេស្ដ និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ឱ្យបាន​សមរម្យ​នៅលើ​ទីផ្សារ​។ ក្រសួង​ក៏​ទទួលយក​សំណើ​នេះ និង​យល់ព្រម​ពិភាក្សា​រួមគ្នា​លើ​ការកំណត់​តម្លៃ​ឱ្យបាន​សមរម្យ​។

លោក​បញ្ជាក់ថា​៖ «​ពេលនេះ​យើង​មិនទាន់​អាច​កំណត់​តម្លៃ​នៃ​ការធ្វើ​តេស្ដ​រហ័ស និង​ការចាក់​វ៉ាក់សាំង​បានទេ​។ ប៉ុន្ដែ​គ្រាន់តែ​យើង​ដឹងថា ក្នុងពេល​ឆាប់ៗ​នេះ​នឹង​មាន​ក្រុមហ៊ុន​ឯកជន​មួយចំនួន​នឹង​អាច​នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ចូលមក​កម្ពុជា​»​។

លោក​បន្តថា បើ​ការនាំចូល​វ៉ាក់សាំង​មក​បាន​ច្រើន​ក្រុមហ៊ុន​ហើយ​នោះ​នឹង​អាច​សិក្សា​កំណត់​តម្លៃ​ទាំង​ការធ្វើ​តេស្ដ និង​ការចាក់​វ៉ាក់សាំង​ដើម្បី​កំណត់​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា កុំឱ្យ​មាន​ការដាក់​តម្លៃ​លើស​ហួសហេតុពេក​នាំឱ្យមាន​ការលំបាក​ចំពោះ​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ការស្នើសុំ​នាំចូល​វ៉ាក់សាំង​របស់​វិស័យ​ឯកជន​នៃ​សភា​ពាណិជ្ជកម្ម​នេះ គឺ​ដើម្បី​ចូលរួម​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋ​។ យើង​មិន​ត្រឹមតែ​ឧបត្ថម្ភ​ថវិកា​ជាមួយ​រដ្ឋ​ទេ ប៉ុន្ដែ​យើង​ធ្វើការ​នាំចូល​វ៉ាក់សាំង​ទៀត ដើម្បីឱ្យ​អ្នកមាន​ប្រាក់​អាចមក​ទទួល​សេវា​ឯកជន​»​។

លោក ម៉ម ប៊ុនហេង កាលពី​ថ្ងៃទី​ ២៧ ខែ កក្កដា ឆ្នាំ​ ២០២១ បានចេញ​លិខិត​មួយ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​អាហរ័ណ​នីហរ័ណ​ឱសថ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​អាច​ស្នើសុំ​នាំចូល​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​បានទទួល​ស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ចែកចាយ​បន្តទៅ​ផ្នែក​សេវា​សុខាភិបាល​ឯកជន​សម្រាប់​ចាក់​ជូន​ពលរដ្ឋ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

យោងតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ៤ ខែសីហា ថា មន្ទីរពេទ្យ Royal Phnom Penh បានទទួល​សិទ្ធិ​អនុញ្ញាតឱ្យ​នាំចូល និង​គ្រប់គ្រង​វ៉ាក់សាំង​ប្រភេទ Pfizer Biontech ហើយ​និង Moderna ពី​សហរដ្ឋ​អាមេរិក​ដល់​អ្នក​ដែល​អាចមាន​លទ្ធភាព​នឹង​ត្រូវការ​ប្រភេទ​វ៉ាក់សាំង​ទាំងនេះ​។ លោក​រដ្ឋមន្ដ្រី​បាន​សរសេរ​បញ្ជាក់ថា អ្នកមាន​លទ្ធភាព​ហើយ​ត្រូវការ​វ៉ាក់សាំង​ប្រភេទ​នេះ​គឺ​ត្រូវ​បង់ប្រាក់​សម្រាប់​ការចាក់​វ៉ាក់សាំង​ទាំងនេះ​។

តាមរយៈ​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​សម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ឬ​ដូស​ជំរុញ​ដល់​ក្រុមគ្រូពេទ្យ និង​មន្ដ្រី​ជួរមុខ​។ ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ ចំនួន​ ៧ កាលពី​ថ្ងៃទី​ ៨ ខែសីហា បាន​បើក​យុទ្ធនាការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​ប្រភេទ​ AstraZeneca ដូស​ទី​៣ ដល់​ក្រុមគ្រូពេទ្យ និង​មន្ដ្រី​ជួរមុខ ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​ចំនួន​ ២ ​ដូស​រួចហើយ​។

ចំណែក​ក្រសួង​ការពារជាតិ​នៅ​ថ្ងៃទី​ ៩ ខែ សីហា ឆ្នាំ​ ២០២១ បាន​ជូនដំណឹង​ស្តីពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​៣ ​ជូន​ដល់​កងទ័ព និង​គ្រួសារ​កងទ័ព​នៅក្នុង​អង្គភាព​របស់ខ្លួន​។

គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បានឱ្យ​ដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​ ៨ ខែ សីហា ឆ្នាំ​ ២០២១ មាន ៧៨,៧៣% ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ ១០ ​លាន​នាក់ និង​លើ​កុមារ-យុវវ័យ​អាយុ​ពី​ ១២ ​ឆ្នាំ​ទៅ​ក្រោម​ ១៨ ​ឆ្នាំមាន​ ១៤,១៩% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ប្រមាណ ២ ​លាន​នាក់​។

សរុប​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​បាន​ជាង ៨ លាន​នាក់ ស្មើនឹង​ ៥០,៩០ ​ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​ចំនួន ១៦ ​លាន​នាក់​។ រាជរដ្ឋាភិបាល​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ឱ្យបាន​ជាង ៨០% នៃ​ប្រជាពលរដ្ឋ​សរុប​ចំនួន​ប្រមាណ​ជា ១៦ ​លាន​នាក់​។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ៩ ខែសីហា ឆ្នាំនេះ​បាន​ប្រកាស​ពី​ការរកឃើញ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ចំនួន​ ២៣ ​នាក់​បន្ថែមទៀត ខណៈ​រកឃើញ​អ្នកឆ្លង​ថ្មី​ចំនួន​ ៥០៨ ​នាក់ និង​អ្នកជំងឺ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ថ្មី​មាន​ចំនួន​ ៦៦០ ​នាក់​។ ​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ ៥០៨ ​នាក់​នេះ​គឺមាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន​ ១២១ ​នាក់ និង​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ៣៨៧ ​នាក់​។

បើតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៩ ខែ សីហា ​ឆ្នាំ​ ២០២១ ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​សរុប​ចំនួន​ ៨២ ៣៩៩ ​នាក់ ​ក្នុងនោះ​អ្នកជា​សះស្បើយ​សរុប​ចំនួន​ ៧៦ ១៥៥ នាក់ និង​អ្នកស្លាប់​សរុប​កើនឡើង​ដល់​ចំនួន​ ១ ៥៨៥ ​នាក់​៕

វីដេអូ៖