កណ្ដាលៈ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល​ជិត​ ៨០ ​នាក់ បាន​ឆ្លង​ជំងឺ​គ្រុនឈីក និង​គ្រុនឈាម​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មាន​អ្នកជំងឺ​ជាច្រើន​បានជា​សះស្បើយ ខណៈ​​ដែល​មន្ត្រី​សុខាភិបាល​បាន​អះអាងថា ការធ្លាក់​ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​នេះ​​ ដោយសារ​ពលរដ្ឋ​រស់នៅ​ដោយ​ខ្វះ​ការយកចិត្ត​ទុកដាក់​លើ​ផ្នែកអនាម័យ​។

លោក ថន សុវណ្ណា អភិបាលស្រុក​ពញាឮ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ចំនួន ៧៨ ​នាក់​ នៅក្នុង​ស្រុក​របស់លោក​បាន​ឆ្លង​ជំងឺ​គ្រុនឈីក និង​គ្រុនឈាម​នេះ​ជា​បន្តបន្ទាប់ ចាប់តាំងពី​ខែកក្កដា​មក​។ ក៏ប៉ុន្តែ​ដោយសារ​តែ​មាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ អ្នកជំងឺ​ទាំងនោះ​បានជា​សះស្បើយ​ត្រឡប់​​មកវិញ​ជា​បន្តបន្ទាប់ ដោយ​ក្នុងនោះ​នៅ​សល់​តែ ៦ ​នាក់​ទៀត​ប៉ុណ្ណោះ ដែល​ពួកគាត់​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​។

លោក​បាន​រៀបរាប់ថា​៖ «​ពលរដ្ឋ​បាន​ឆ្លង​ជំងឺ​នេះ​ពី​កន្លែង​នោះ​ម្នាក់​ ២ ​នាក់ កន្លែង​នេះ​ម្នាក់​ ២ ​នាក់ មិនមែន​ផ្ទុះ​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះទេ ហើយ​ក៏​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​។ ក្រុមគ្រូពេទ្យ​យើង​បាន​យកចិត្ត​ទុកដាក់​លើ​ពួកគាត់ ហើយ​អាការ​ជំងឺ​របស់គាត់ ឃើញ​ថា​មិន​អី​ទេ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ ហើយ​ជា​ជិត​អស់​ដែរ​»​។

លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែរ​ថា តាម​ការសង្កេត ការឆ្លង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ពញាឮ គឺ​មិនមែន​ជា​ការផ្ទុះ​ជំងឺ​គ្រុនឈីក និង​គ្រុនឈាម ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះទេ​។ ក៏ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការឆ្លង​ជំងឺ​ពី​មនុស្ស​ម្នាក់​​ទៅ​ម្នាក់ទៀត ដោយសារ​តែ​ការខ្វះ​អនាម័យ ស្របពេល​ក្នុង​រដូវ​នេះ​គឺជា​រដូវភ្លៀង​ផង ដែល​ធ្វើឱ្យ​មូស​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​បានកកើតឡើង​ច្រើន​។

លោក​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នៃ​ការឆ្លង​ជំងឺ​នេះ​ដល់​អ្នកស្រុក​រួចមក មន្ត្រី​សុខាភិបាល​​បាន​ចុះទៅ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស​ និង​ដាក់​ថ្នាំ​អាលបែត​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែលជា​កន្លែង​កើតមាន​ជំងឺ​ទាំងនោះ​រួចហើយ​។ លោក អះអាងថា ក្នុងនោះ​មន្ត្រី​ក៏​បាន​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​រក្សា​អនាម័យ និង​ត្រូវ​គេង​ក្នុង​មុង​ជានិច្ច និង​មិនត្រូវ​បណ្តែតបណ្តាយ​ឱ្យ​ភ្នាក់ងារ​ចម្លង ដែល​ជា​មូស​នេះ​ខាំ​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​តែ​វា​ជា​រដូវភ្លៀង យើង​បានឱ្យ​មន្ត្រី​យើង ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ដាក់​ថ្នាំ​អាលបែត​ហើយ​។ យើង​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ចូលរួម​បំបាត់​ជម្រក​មូស ហើយ​កុំឱ្យ​ជុំវិញ​ផ្ទះ​គាត់ មាន​ដក់​ទឹក​អី​ណា ព្រោះ​វា​ជា​ប្រភព​នៃ​ការបង្កើត​ភ្នាក់ងារ​ចម្លង​»​។

កាលពី​ចុង​សប្តាហ៍ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ដែល​ជា​សះស្បើយ​ពី​ជំងឺ​គ្រុនឈីក​ជាង​ ៧០ ​នាក់​ នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ទេពប្រណម ស្ថិតនៅ​ឃុំ​វិហារហ្លួង ស្រុក​ពញាឮ​។

ក្នុងពេល​ចុះ​ជួប​សំណេះសំណាល​នោះ លោក​អភិបាលខេត្ត​​ក៏បាន​ផ្ដាំផ្ញើ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជុំវិញ​ជំងឺ​គ្រុនឈាម គ្រុនឈីក ពិសេស​គឺ​កូវីដ​ ១៩ ដែល​បញ្ហា​ទាំងអស់នេះ​តោង​ឱ្យ​ពលរដ្ឋ​យើង​ចាំបាច់​ត្រូវមាន​ការរស់នៅ​ស្អាត អនុវត្ត​វិធានការ «៣ ការពារ និង​ ៣ កុំ​» ឱ្យមាន​ប្រសិទ្ធភាព​។

ជាមួយ​នោះ​លោក​អភិបាលខេត្ត​ក៏បាន​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​សុខាភិបាល​ខេត្តកណ្ដាល​បាញ់ថ្នាំ​សម្លាប់​មេរោគ សម្លាប់​ដង្កូវទឹក​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈីក និង​គ្រុនឈាម​នៅ​ឃុំ​វិហារ​ហ្លួង​ឱ្យបាន​គ្រប់​ច្រកល្ហក​ផងដែរ ដោយ​ធ្វើយ៉ាងណា​កម្ចាត់​ប្រភព​ចម្លងជំងឺ​នេះ​ឱ្យអស់​៕