បាត់ដំបងៈ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោយពី​បាន​ប្រើ​កាំភ្លើង​កែច្នៃ​បាញ់​ទៅលើ​ម្ដាយបង្កើត នៅ​ក្នុងផ្ទះ​បណ្ដាលឱ្យ​បាត់បង់​ជីវិត កាលពី​យប់​ថ្ងៃទី​ ៨ ខែសីហា នៅ​ភូមិ​កូនព្រហ្ម ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

លោក ប៉ាង ហៀង អធិការនគរបាល​ស្រុក​គាស់ក្រឡ ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ឈឿម សំណាង ភេទ​ប្រុស​អាយុ ២៦ ​ឆ្នាំ ចំណែក​ជនរងគ្រោះ​ត្រូវជា​ម្តាយ​ឈ្មោះ ធីវ មុនី អាយុ ៦២ ​ឆ្នាំ អ្នក​ទាំង​ ២ ​រស់នៅ​ភូមិ​កូនព្រហ្ម ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។

លោក​អធិការនគរបាល​ស្រុក​គាស់ក្រឡ បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ក្នុង​យប់​ថ្ងៃទី​ ៨ ខែសីហា ជនសង្ស័យ​បាន​ទៅ​គោះទ្វារ​ឱ្យ​ម្តាយ​របស់គេ​បើកទ្វារ នៅ​វេលា​ម៉ោង​ជិត​ ១១ ​យប់​។ ក្រោយពេល​បើកទ្វារ​ភ្លាម ជនសង្ស័យ​បាន​បាញ់​សំដៅ​ជនរងគ្រោះ​ ១ ​គ្រាប់​ត្រូវ​ចំ​ដើមដោះ​ខាងឆ្វេង​បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង​។

លោក​ថ្លែងថា​៖ «​នៅ​យប់នោះ​ជនសង្ស័យ​មិនដឹង​មកពីណា​មាន​ទាំង​កាំភ្លើង​ខ្យល់​សម្រាប់​បាញ់​ត្រី​ មាន​គ្រាប់​ព្រួញ​ដែក​ប្រវែង​ប្រមាណ​ ៣ ​តឹក​មកដល់​ផ្ទះ​បាន​គោះទ្វារ​ឱ្យ​ម្តាយ​របស់ខ្លួន​បើកទ្វារ ដែល​នៅក្នុង​ផ្ទះ​នោះ​ក្រៅពី​ម្តាយ​គាត់​នៅមាន​ក្មេង​ម្នាក់​ផងដែរ រីឯ​ឪពុក​មិន​នៅផ្ទះ​ទេ​។ អ៊ីចឹង​ពេល​បើកទ្វារ​ទៅ​ជនសង្ស័យ​តម្រង់​កាំភ្លើង​បាញ់​ទៅលើ​ជនរងគ្រោះ​តែម្តង​» ។

លោក​ ប៉ាង ហៀង បញ្ជាក់ថា ជនសង្ស័យ​ជា​មនុស្ស​បែកថ្នាំ ពេលខ្លះ​មាន​សតិ​ដឹង​ខុសត្រូវ តែ​ពេលខ្លះ​មិនដឹង​ខុសត្រូវ​ទេ​។ ក្រោយពេល​បាញ់សម្លាប់​ម្តាយ​ហើយ​រូបគេ​បាន​រត់​ទៅ​ពួន​នៅផ្ទះ​របស់ខ្លួន​ដែល​នៅ​ក្បែរ​នោះ តែ​ត្រូវ​សមត្ថកិច្ច​រកឃើញ និង​ឃាត់ខ្លួន​។ ​លោក​ថ្លែងថា​៖ «​ជនសង្ស័យ​ឆ្លើយ​ថា បាញ់​ម្តាយ​របស់​ខ្លួន​ពិតមែន មូលហេតុ​ដោយសារ​តែ​ម្តាយ​របស់​គេ​ជា​អាប​»​។

លោក​អធិការនគរបាល​ស្រុក​គាស់ក្រឡ​ថ្លែងថា ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់ពី​សមត្ថកិច្ច​បាន​សាកសួរ និង​ទទួលបាន​ការបំភ្លឺ​ច្បាស់​ពី​ពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​៕