ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​កាលពី​ម្សិលមិញ​បាន​ថ្លែង​សារ​ពិសេស​អំពាវនាវ​ឱ្យ​បញ្ឈប់​ការស្នើសុំ​ជា​បន្តទៀត ពី​សំណាក់​ស្ថាប័ន ឬ​អ្នក​ដែល​ចង់​ស្នើសុំ​វ៉ាក់សាំង AstraZeneca ដើម្បី​ចាក់​ដូស​ទី​ ៣ ដោយ​រង់ចាំ​ការរៀបចំ​របស់​រាជរដ្ឋាភិបាល និង​គណៈកម្មការ ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​លើ​កិច្ចការងារ​នេះ​។ លោកនាយក​រដ្ឋមន្ដ្រី​បានឱ្យ​ដឹងថា ក្នុង​រយៈពេល​ថ្មីៗ​នេះ តែ​ប៉ុន្មាន​ថ្ងៃ​មាន​សំណូមពរ​ជាច្រើន​ពី​សំណាក់​អស់លោក លោកស្រី ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ស្នើសុំ​ចាក់ AstraZeneca ដូស​ទី​ ៣​។

លោក​បាន​ថ្លែងថា​៖ «​បញ្ហា​នេះ​ខ្ញុំ​សូម​បញ្ជាក់ជូន ដើម្បី​ចៀសវាង​ការលំបាក ប្រទេស​វា​លំបាក​ណាស់​ទៅហើយ កុំឱ្យ​លំបាក​តាំងពី​រឿង​ប៉ុណ្ណឹង​។ មាន​បញ្ហា​ ២ ដែល​យើង​មិនទាន់​អាច​ផ្ដល់​ជូន​បាន​ហើយ​សូម​ស្នើឱ្យ​បញ្ឈប់​ការស្នើសុំ​ជា​បន្តទៀត​ពី​សំណាក់​ស្ថាប័ន ឬ​អ្នក​ដែល​ចង់​ស្នើ​»​។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី​បញ្ហា​ទី​១ គឺ​នៅ​មិនទាន់​បាន​សិក្សា​អំពី​គម្លាត​រវាង​ដូស​ទី​១ ទី​២ និង​ដូស​ទី​៣ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង AstraZeneca នោះទេ​។

លោក​ថា រាជរដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​សុខាភិបាល​បាន​សិក្សា​តែ​ពី​គម្លាត​របស់​វ៉ាក់សាំង ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​តែប៉ុណ្ណោះ​ដែល​អាច​នឹង​ផ្ដល់​វ៉ាក់សាំង​ប្រភេទ AstraZeneca សម្រាប់​ការចាក់​ដូស​ទី​៣ ឬ​ជា​ដូស​ជំរុញ​បាន​។ ប៉ុន្ដែ​សម្រាប់​អ្នក​ចាក់ AstraZeneca វិញ គឺ​មិនទាន់​បាន​សិក្សា​ពី​គម្លាត​រវាង​ដូស​ទី​១ ​ដូស​ទី​២ ហើយ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សុខាភិបាល​មិនទាន់​បានកំណត់​អំពី​ការចាក់​ដូស​ជំរុញ​ផងដែរ​។

ចំណុច​ទី​២ ​គឺ​ពុំមាន​វ៉ាក់សាំង AstraZeneca គ្រប់គ្រាន់ ដើម្បី​ដំណើរការ​ចាក់​នោះទេ​។ ដូច្នេះ​អាច​ចាក់​ជូន​បានត្រឹមតែ​មន្ដ្រី​ជួរមុខ​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម​តែប៉ុណ្ណោះ ហើយ​ចំនួន​នេះ​ក៏​វា​មិនទាន់​គ្រប់គ្រាន់​នោះដែរ​។

លោក​ថា​៖ «​ខ្ញុំ​កំពុងតែ​បញ្ជា​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការធ្វើ​លទ្ធកម្ម ដើម្បី​ស្វះស្វែងរ​កនូវ​ការទិញ AstraZeneca យកមក​ចាក់​ជូន​បងប្អូន​ដែល​បាន​ចាក់ AstraZeneca ដែល​បាន​ចាក់​រួចមកហើយ​នេះ​»​។

លោក​បាន​អំពាវនាវ​ចំពោះ​អស់លោក លោកស្រី សម្រាប់​ការចាក់​ដូស​ទី​៣ គឺ​សូមឱ្យ​ផ្អាក​ការដាក់​សំណើ​ស្នើសុំ​។ លុះត្រាតែ​មាន​ការសិក្សា​ហ្មត់ចត់​អំពី​គម្លាត​រវាង​ដូស​ទី​១ ដូស​ទី​២ និង​ដូស​ទី​៣ ហើយ​រដ្ឋាភិបាល​មាន​វ៉ាក់សាំង ទើប​អាចឈាន​ទៅដល់​ការចាក់​ជូន​អ្នក​ដែល​បាន​ចាក់​ដូស​ទី​១ ​ដូស​ទី​២ នៃ​វ៉ាក់សាំង AstraZeneca បាន​។

លោក​បញ្ជាក់ថា សម្រាប់​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ហើយ​បែរជា​មក​ស្នើសុំ​ចាក់ AstraZeneca គឺ​មិន​ផ្ដល់ជូន​នោះទេ​។ វ៉ាក់សាំង​កំពុងមាន​តម្រូវការ​ចាក់​ដូស​ទី​៣ សម្រាប់​ឱ្យកម្លាំង​ជួរមុខ​កំពុង​ពង្រាយ​ទៅ​ចាក់​នៅតាម​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន ៧ ​ខេត្ដ​កាលពី​ថ្ងៃអាទិត្យ និង​កំពុង​បែងចែក​ទៅ​បណ្ដា​ខេត្ដ​ដទៃទៀត​។

លោកស្រី​ ឱ វណ្ណឌីន ​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក-១៩) បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​៣ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ គឺ​ត្រូវមាន​ចន្លោះ​ចាប់ពី​ ៦ ​ទៅ​ ៨ ​ខែ ដោយ​រាប់​ចាប់ពី​ថ្ងៃ​ដំបូង​នៃ​ការចាក់​ដូស​ទី​ ១​។ ការណ៍​នេះ​ដើម្បី​ការពារ​នូវ​ហានិភ័យ​ណាមួយ កើតឡើង​ជាយថាហេតុ ក្នុងពេល​ចាក់​ដូស​ទី​ ៣​។

គ.វ.ក-១៩ កាលពី​ម្សិលមិញ​បាន​ជូនដំណឹង ស្តីពី​ការចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​៣ ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ (​ទាំង​រដ្ឋ និង​ឯកជន​) ដល់​មន្ដ្រីរាជការ​ស៊ីវិល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៅ​រាជធានី​ភ្នំពេញ​។ គ.វ.ក-១៩ ឱ្យដឹងថា ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ​ដល់​មន្ត្រីរាជការ​ស៊ីវិល​ថ្នាក់ជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ ឬ​ស៊ីណូវ៉ាក់​ដូស​ទី​១ និង​ដូស​ទី​២ ​រួចរាល់ សូម​ទៅ​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​៣ ចាប់ពី​ថ្ងៃទី​ ១២ ខែ​សីហា ឆ្នាំ​ ២០២១ នៅតាម​មន្ទីរពេទ្យ​ជាតិ​នានា ដែលមាន​ទីតាំង​កាលបរិច្ឆេទ​ និង​ពេលវេលា​ដែល​ក្រសួង​បានកំណត់​។

គ.វ.ក-១៩ បញ្ជាក់ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​៣ ត្រូវជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ ឬ​ស៊ីណូវ៉ាក់​រួច​រាល់​ទាំង​ ២ ដូស ហើយ​ត្រូវមាន​គម្លាត​ពី​ ៦ ​ទៅ​ ៨ ​ខែ បន្ទាប់ពី​ដូស​ទី​១​។ ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ AstraZeneca ពុំទាន់​មាន​ការណែនាំ​ណាមួយ​ក្នុង​ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ ​នៅឡើយ​ទេ​។ ដូច្នេះ គ.វ.ក-១៩​​ នឹងធ្វើ​សេចក្ដី​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត នៅពេលដែល​មានការ​ណែនាំ​ណាមួយ​ជាក់លាក់​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​ដូស​ទី៣៕

វីដេអូ៖