កំពង់ឆ្នាំងៈ ប្រជាពុទ្ធបរិស័ទ​ជាង​ ២០០ ​នាក់​នៅក្នុង​ភូមិ​សិរី ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ បាន​ប្រមូលគ្នា​តវ៉ា​នៅ​វត្ត​អង្គសិរី ដើម្បី​ទាមទារ​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បណ្ដេញ​ព្រះចៅ​អធិការ​វត្ត​ស្ដីទី ព្រះនាម ប៊ូ ច័ន្ទមុន្នី ចេញពី​វត្ត​ដោយ​ចោទប្រកាន់​ព្រះអង្គ​ថា បាន​ប្រព្រឹត្ត​កំហុសឆ្គង​ជាច្រើន ដែល​ធ្វើឱ្យ​អាប់ឱន​ដល់​វិស័យ​ព្រះពុទ្ធសាសនា​។ ប៉ុន្តែ​ខាង​មន្ត្រី​សង្ឃ​ថា ជាការ​ចោទប្រកាន់​ខុស​។

លោក គឹម សុផាត នាយ​នគរបាល-ប៉ុស្តិ៍​ឃុំ​ខុនរ៉ង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែសីហា ថា ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ ប្រជាពុទ្ធបរិស័ទ ហាក់ដូចជា​មិន​ពេញចិត្ត ចំពោះ​ព្រះចៅ​អធិការ​ស្តីទី​វត្ត​អង្គសិរី ព្រះនាម ប៊ូ ច័ន្ទមុន្នី នោះទេ​។ ពួកគេ​បាន​បង្កើត​អធិករ​ជាច្រើន​ជាមួយ​ព្រះអង្គ ដោយ​ចោទប្រកាន់​ព្រះអង្គ​ថា កិបកេង​បច្ច័យ​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យកឋិន​បុណ្យផ្កា ដែល​ពុទ្ធបរិស័ទ បាន​ចូលបុណ្យ​សម្រាប់​ការកសាង​នៅក្នុង​វត្ត​ទៅ​ទុក​ចាយវាយ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ព្រះអង្គ​បាន​បដិសេធ​ដោយ​អះអាងថា ព្រះអង្គ​ទទួល​តែ​បច្ច័យ ដែល​ពុទ្ធបរិស័ទ ប្រគេន​ព្រះអង្គ​សម្រាប់​ពិធី​បង្សុកូល​ប៉ុណ្ណោះ​។

លោក​ សុផាត បន្តថា​៖ «​ក្រុម​អ្នកភូមិ​ក៏​បាន​ចោទប្រកាន់​ព្រះអង្គ​ថា បាន​រើសអើង ដោយ​មិន​និមន្ត​ទៅ​ចូលរួម​ពិធីសូត្រមន្ត នៅផ្ទះ​គ្រួសារ​ក្រីក្រ​ទេ ដោយ​រក​លេស​ជាប់រវល់​កម្មវិធី​នេះ កម្មវិធី​នោះ​។ ជាពិសេស​បាន​ទទួល​ស្រោច​ទឹក អ្នក​ដែលមាន​ជំនឿ​លើ​មន្តអាគម​អូមអាម បង្ក​ការប្រមូលផ្ដុំ​ល្មើស​នឹង​បម្រាម​របស់​ក្រសួងសុខាភិបាល​»​។

បើតាម​លោក សុផាត ក្រុម​អ្នកភូមិ​បាន​អះអាង​ថា ពួកគេ​នឹងមិន​ចូលរួម​ធ្វើបុណ្យ​នៅក្នុង​វត្ត​អង្គសិរី​ទៀតឡើយ ប្រសិនបើ អាជ្ញាធរ​ពាក់ព័ន្ធ​មិនអាច​រក​ដំណោះស្រាយ បណ្ដេញ​ព្រះចៅអធិការ​ស្តីទី​វត្ត​អង្គសិរី ព្រះនាម ប៊ូ ច័ន្ទមុន្នី ចេញពី​វត្ត​នេះ​ទេនោះ​។

ជុំវិញ​ករណីនេះ លោក ថោង មាឃ ប្រធាន​ការិយាល័យ​សង្គមកិច្ច និង សុខុមាលភាព​សង្គម ស្រុក​បរិបូណ៌​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ករណី​អធិករ​រវាង​ប្រជាពុទ្ធបរិស័ទ និង​ព្រះចៅអធិការ​វត្ត​អង្គសិរី​ស្ដីទី​ខាងលើនេះ បាន​កើត​ឡើង​ជាង​ ១ ​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​នៅពេល​អាជ្ញាធរ​កោះហៅ​មក​សាកសួរ ដើម្បី​រក​ដំណោះស្រាយ បែរ​ជា​ក្រុម​អ្នកភូមិ​មិន​ចូលរួម ហើយ​ដាក់បន្ទុក​មកលើ អាជ្ញាធរ​ជំនាញ និង​គណៈសង្ឃ​ទៅវិញ​។

លោក មាឃ បញ្ជាក់ថា​៖ «​កាលពី​ថ្ងៃទី​ ៧ ខែ សីហា ឆ្នាំ​ ២០២១ ស្រាប់តែ​ក្រុម​អ្នកភូមិ​បាន​អធិករ​មកលើ​ព្រះតេជគុណ ប៊ូ ច័ន្ទមុន្នី ជាថ្មី​ម្ដងទៀត ដោយ​ព្រមាន​ថា ពួកគេ​នឹងមិន​ចូលរួម​ដាក់​បាត្រ ឬ​នាំ​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ​នៅក្នុង​វត្ត​នេះ​ទេ ប្រសិន​បើ​នៅមាន​វត្តមាន​ព្រះតេជគុណ ប៊ូ ច័ន្ទមុន្នី នៅក្នុង​វត្ត​អង្គសិរី​ទៀត​»​។

ការតវ៉ា​លើក​នេះ ក្រុម​អ្នកភូមិ​បាន​ចាប់យក​ព្រះសង្ឃ​ជាច្រើន​ទៀត មក​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ដាក់​សម្ពាធ​ទៅលើ ព្រះតេជគុណ ប៊ូ ច័ន្ទមុន្នី ដើម្បី​ឱ្យ​ព្រះអង្គ​សម្រេច​ព្រះទ័យ និមន្ត​ចាកចេញ​ពី​វត្ត ដោយ​អង្គឯង​។ ប៉ុន្តែ អ្វីដែល​អ្នកភូមិ​បាន​ធ្វើ «​កំពុងតែ​ជឿ​លង់ ទៅ​លើ​ផ្លូវខុស រក​ផ្លូវ​ទៅ​នរក​ដោយ​មិនដឹង​ខ្លួន​»​។ នេះ​បើតាម​ព្រះសង្ឃ​ដីកា​របស់​ព្រះតេជគុណ អៀង រឿន ព្រះអនុគណ​ស្រុក​បរិបូណ៌​។

ព្រះអង្គ​មាន​ព្រះថេរដីកា​ថា កាលពី​ ៥ ​ឆ្នាំមុន​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង គណៈកម្មការ​អាចារ្យវត្ត​អង្គសិរី​បាន​នាំគ្នា​ដង្ហែ ព្រះតេជគុណ ប៊ូ ច័ន្ទមុន្នី ពី​វត្ត​ត្រពាំងចាន់​ឱ្យ​មក​គង្គ​នៅ​វត្ត​អង្គសិរី ដោយ​មិនបាន​ស្នើសុំ​ការអុញ្ញាត​ពី​អាត្មា ដែលជា​អនុគណ​ស្រុក​ផង ព្រោះ​ពេលនោះ គេ​យល់ថា គេ​នឹង​បាន​ប្រយោជន៍​ពី​ព្រះតេជគុណ​ ប៊ូ ច័ន្ទមុន្នី ព្រោះ​ព្រះអង្គ​ចេះ​ស្រោច​ទឹក ធ្វើ​យ័ន្ត និង​ធ្វើ​ខ្សែ​គាថា​។ នៅ​ឆ្នាំ​ដំបូង​លោក​បាន​កសាង​កុដិ និង​ជួសជុល​សាលាឆាន់ និង​ដឹកនាំ​ធ្វើការ​សម្អាត​បរិស្ថាន​ក្នុង​ទីធ្លា​វត្ត​បានល្អ រហូត​មាន​ការតែងតាំង​ជា​ព្រះចៅអធិការ​ស្ដីទី​ក៏​ស្រាប់តែ​មាន​អធិករ​កើតឡើង​តែម្ដង​។

ព្រះអង្គ​មាន​សង្ឃដីកា​បញ្ជាក់ថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​ ៨ សីហា អាត្មា​ត្រូវបាន​ព្រះមេគណ​ចាត់តាំង​ឱ្យ​កោះ​មក​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ ប៉ុន្តែ​អ្នកភូមិ​មិន​អញ្ជើញ​មក​ទេ គឺ​មានតែ​ព្រះតេជគុណ ប៊ូ ច័ន្ទមុន្នី បាន​ចូលមក​ដោះស្រាយ ហើយ​ព្រះអង្គ​ថា​នឹងមិន​និមន្ត​ទៅណា​នោះទេ ព្រោះ​ព្រះអង្គ​គ្មាន​កំហុស​ឡើយ និង​សុំឱ្យ​អាត្មា និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយផ្ដល់​យុត្តិធម៌​សម្រាប់​ព្រះអង្គ​។ យ៉ាងណា​ក៏ដោយ​ករណីនេះ​អាត្មា​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​ព្រះមេគណ​ខេត្តហើយ​»៕

វីដេអូ៖