ភ្នំពេញៈ មន្ត្រី​ប្រចាំការ​នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​ជិត ៣០ គោលដៅ​នៅ​ទូទាំងប្រទេស អនុវត្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​នៃ​មាត្រា​ ២៦ មាត្រា​ ៦០ និង​វិធានការ​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​ដឹក​ថ្ម ខ្សាច់ និង​ដី​លើស​ទម្ងន់​កម្រិត​កំណត់​។

ការអនុវត្ត​យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នក​បើកឡាន និង​ម្ចាស់​ឡាន​ធុន​ធ្ងន់ បាន​អះអាង​ថា ពួកគេ​មិនទាន់បាន​យល់ដឹង​អំពី​ច្បាប់ និង​ការអនុវត្ត​វិធានការ​ទាំងនេះ​ឱ្យ​បាន​ទូលំទូលាយ​។

លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៩ សីហា ថា មុននឹង​ឈានទៅ​អនុវត្ត​ច្បាប់​ស្តីពី​ផ្លូវថ្នល់​នៃ​មាត្រា​ ២៦ មាត្រា​ ៦០ និង​វិធានការ​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ក្រសួង​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ទៅដល់​សាធារណជន​ជា​ក្រុម​អ្នកបើកបរ និង​សាធារណជន​។

ប៉ុន្តែ​លោក​ថា នៅពេល​សមត្ថកិច្ច អនុវត្ត​វិធានការ​តឹងរ៉ឹង បែរជា​ពួកគេ​ស្រែកថា មិនបាន​យល់ដឹង​ច្បាប់​ទៅវិញ​។ ដូច្នេះ លោក​អះអាង​ថា ផ្អែក​តាម​គោលការណ៍​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ច្បាប់ ក្រសួង​បានដាក់​ចេញ​យុទ្ធនាការ​បន្ថែមទៀត អម​ជាមួយ​នឹង​ការអនុវត្ត​ច្បាប់​នៅ​កន្លែង​ថ្លឹង​រថយន្ត​ទាំង​ជិត ៣០ ​កន្លែង ទូទាំង​ប្រទេស​គឺ​ឱ្យ​មន្ត្រី​បច្ចេកទេស​តាម​ស្ថានីយ​បន្ត​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​ដោយផ្ទាល់​។

លោក​បាន​រៀបរាប់​ថា​៖ «​យើង អប់រំ​ពួកគាត់ ភ្ជាប់​ជាមួយ​នឹង​ការអនុវត្ត​ច្បាប់​តែម្តង កុំឱ្យ​ពួកគាត់ ចេះតែ​រិះគន់ ថា គាត់​មិនសូវ​បានដឹង​។ យុទ្ធនាការ​នេះ​គឺ​ចុះ​ផ្សព្វផ្សាយ​តាមរយៈ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ហ្នឹង​ទាំងអស់ ហើយ​ចាប់ផ្តើម​សកម្មភាព​ចុះ​អប់រំ ផ្សព្វផ្សាយ​នេះ​ចាប់ពី​ដើមខែ​សីហា​តទៅ​»​។

បើតាម​លោក តាំង ពៅ គិត​ចាប់ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុវត្ត​វិធានការ​តឹងរ៉ឹង​ក្នុង​ការបង្ក្រាប​រថយន្ត​ល្មើស​នឹង​ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ រយៈពេល​ជាង ១ ឆ្នាំនេះ គឺមាន​រថយន្ត​ធុន​ធ្ងន់​ចំនួន ១៧៧ ​គ្រឿង ត្រូវបាន​ឃាត់ទុក​រយៈពេល​ ១ ​ឆ្នាំ និង​ផាកពិន័យ​ជា​អន្តរកាល​។

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​បាន​ថ្លែងថា ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ឱ្យបាន​ទូលំទូលាយ​ច្បាស់​ណាស់ គឺត្រូវធ្វើ​ឡើងជា​ប្រចាំ ទាំង​មុនពេល ក្នុង​អំឡុងពេល និង​ក្រោយពេល​អនុវត្ត​ច្បាប់​។ លោក​បាន​បន្តថា ការអប់រំ​ផ្សព្វផ្សាយ​នេះ​គឺ​ត្រូវតែ​ធ្វើឡើង​រហូត​ទាល់តែ​ក្រុម​គោលដៅ​ទាំងនោះ ទទួល​បាន​សារ និង​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា​។

លោក​បាន​សង្កត់ធ្ងន់ថា​៖ «​សង្ឃឹមថា ការយោគយល់​របស់​ក្រសួង​ក្នុង​ពេលនេះ គឺជា​យោគយល់​លើកចុងក្រោយ ព្រោះ​បើ​ក្នុងន័យ​បច្ចេកទេស គឺ​ក្នុងករណី​មាន​ការតវ៉ា​បាន មាន​ការយោគយល់​ច្រើន គឺថា​ការអនុវត្ត​ច្បាប់​ហ្នឹង វា​មាន​ភាពកម្សោយ​។ សង្ឃឹមថា ខាង​អាជីវករ និង​អ្នកបើកបរ​ធុន​ធ្ងន់​នោះ មិន​ថា​ដឹក​ដែក ដឹក​ខ្សាច់ អីហ្នឹង​ឱ្យតែ​លើស​ទម្ងន់ នឹងមាន​ការសហការ​ជាមួយ​ក្រសួង និង​ការប្តេជ្ញា​ចូលរួម​ទាំងអស់​»​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹងថា ក្នុង​មាត្រា​ ៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​បាន​ចែងថា រាល់​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ២០% នៃ​ទម្ងន់​អនុញ្ញាត​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ រើ​ទំនិញ​ចេញ និង​ឃាត់​យានយន្ត​ទុក​រយៈពេល ១ ឆ្នាំ​។

ដូចនេះ​លោក តាំង ពៅ បាន​លើកឡើង​ថា​៖ «​សូម​ម្ចាស់​យានយន្ត​ទាំងអស់​ត្រូវ​ដឹង​អំពី​ទម្ងន់​ផ្ទុក​អនុញ្ញាត​នៃ​ប្រភេទ​យានយន្ត​របស់ខ្លួន​ចៀសវាង​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ដែលនាំឱ្យ​ខាតបង់​ថវិកា និង​ពេលវេលា​រកស៊ី​របស់ខ្លួន​។ សូម​អំពាវនាវ​ចំពោះ​ក្រុមហ៊ុន និង​ឯកជន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា​»៕