The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល​ចាប់​ខ្លួន​​បុរស​ ៥ ​នាក់ រឿង​​ប្រមូល​ផ្ដុំគ្នា​ភ្នាល់​ល្បែង​ទឹកភ្លៀង




នគរបាល​ចាប់​ខ្លួន​​បុរស​ ៥ ​នាក់ រឿង​​ប្រមូល​ផ្ដុំគ្នា​ភ្នាល់​ល្បែង​ទឹកភ្លៀង

Content image - Phnom Penh Post
នគរបាល​បាន​ចាប់ខ្លួន​បុរស​ ៥ ​នាក់​ ករណីប្រមូល​ផ្ដុំគ្នា​ភ្នាល់​ល្បែង​ទឹកភ្លៀង កាលពីថ្ងៃទី ៨ សីហា។ រូបថត ​ប៉ូលិស

នគរបាល​ចាប់​ខ្លួន​​បុរស​ ៥ ​នាក់ រឿង​​ប្រមូល​ផ្ដុំគ្នា​ភ្នាល់​ល្បែង​ទឹកភ្លៀង

បាត់ដំបងៈ នគរបាល​បាន​ចាប់ខ្លួន​បុរស​ ៥ ​នាក់ ​កាលពី​ថ្ងៃទី​ ៨ ខែសីហា នៅក្នុង​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ពេលដែល​ពួកគេ​កំពុង​ភ្នាល់​ល្បែង​ទឹកភ្លៀង ហើយ​នគរបាល​បាន​កំពុងតែបន្ត​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។

លោក ឈឿង គឹមសុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​​ ៩ ​សីហាថា សមត្ថកិច្ច​របស់លោក​កំពុង​បន្ត​សាកសួរ​ទៅលើ​បុរស​ចំនួន​ ៥ ​នាក់ ​ពាក់ព័ន្ធ​លេងល្បែង​ភ្នាល់​ទឹកភ្លៀង​។ ចំពោះ​ឈ្មោះ​បុរស​ទាំង​ ៥ ​នាក់​នោះ​ គឺ​លោក​សុំ​មិនទាន់​បញ្ចេញ​បានទេ​ព្រោះ​ស្ថិតក្នុង​នីតិវិធី​ស្រាវជ្រាវ និង​សាកសួរ​នៅឡើយ​។

លោក​ប្រាប់ថា​៖ «​ជា​នីតិវិធី​យើង​ត្រូវតែ​សាកសួរ​ជនល្មើស​ដើម្បី​ធ្វើ​កំណត់ហេតុ​មុន​បញ្ជូនទៅ​តុលាការ​»​។

លោក គឹមសុង រៀបរាប់ថា​ការចុះ​ឃាត់ខ្លួន​ជន​ទាំង​ ៥ ​នាក់​នេះ​ គឺ​លោក​ទទួលបញ្ជា​ពី​លោក សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ព្រះរាជអាជ្ញា​ កែវ សុជាតិ អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​។

ការឃាត់ខ្លួន​បុរស​ទាំង​ ៥ ​នាក់​ នៅវេលា​ម៉ោងជាង​ ៣ ​រសៀល ថ្ងៃទី​ ៨ ​សីហា ខណៈ​ពួកគេ​កំពុង​ឈរ​លេង​ភ្នាល់​ទឹកភ្លៀង​។

លោក គឹមសុង បាន​ថ្លែងថា​៖ «​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​មិនមាន​ទីតាំង​ពិតប្រាកដ​ទេ​។ អ៊ីចឹង​យើង​ប្រើ​ជំនាញ​របស់​យើង​ដើម្បី​ចាប់​ជនល្មើស​»​។

លោក​បន្តទៀតថា​សមត្ថកិច្ច​របស់លោក​បាន​ឃាត់​ជនសង្ស័យ​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរចារ ក្រុង​បាត់ដំបង និង​ចំណុច​ក្នុង​ព្រលានយន្តហោះ​ស្ថិត​នៅ​ភូមិ រំចេក​ ៤ សង្កាត់​រតនៈ ក្រុង-ខេត្ត បាត់ដំបង​។ ចំពោះ​សម្ភារ​ដែល​សមត្ថកិច្ច​ដក​ហូត​បាន​មាន​ទូរស័ព្ទ​ចំនួន​ ៧ ​គ្រឿង វិទ្យុទាក់ទង​ (​អាយកូម​) ​ចំនួន​ ៥ ​គ្រឿង ​ព្រមទាំង​រថយន្ត​ ៣ ​គ្រឿង​ផង​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍