កោះកុងៈ អាជ្ញាធរ​ស្រុកស្រែ​អំបិល​កំពុង​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​អតីត​អធិការនគរបាល​ស្រុក​ទន្ទ្រាន​យក​ដីព្រៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ចំណុច​វាលពួច ភូមិ​ព្រាំង ឃុំ​ដងពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក​ស្រែអំបិល​ថ្លែង​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​មាន​ការឈូសឆាយ​ដីព្រៃ ស្ថិតនៅ​ភូមិ​ព្រាំង ឃុំ​ដងពែង ស្រុកស្រែ​អំបិល ដោយ​មាន​លោក ម៉ា ទី អតីត​អធិការនគរបាល​ស្រុកស្រែ​អំបិល​នៅ​ពីក្រោយ​ខ្នង លោក​បាន​ចាត់​ឱ្យ​មន្ត្រី​របស់​លោក​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ករណីនេះ​ហើយ​កាលពី​រសៀល​ថ្ងៃទី​ ៧ សីហា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនទាន់​អាច​ប្រាប់ថា រឿងរ៉ាវ​យ៉ាងណា​នោះទេ ព្រោះ​ពេលនេះ​មន្ត្រី​កំពុង​ចុះ​ពិនិត្យ​ និង​ធ្វើ​កិច្ចការ​ហ្នឹងហើយ​។ បើ​មាន​លទ្ធផល​យ៉ាងណា​ចាំ​ជម្រាបជូន​ពេល​ក្រោយ​»​។

លោក ទី យោង មេឃុំ​ដងពែង​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​ឈូសឆាយ​ដីព្រៃ​នេះ​គឺ​មិនមែន​នៅក្នុង​ឃុំ​ដងពែង​ទាំងអស់​នោះទេ គឺមាន​ការ​ឆ្វៀល​ចូល​ត្រង់​ព្រំប្រទល់​ឃុំ​ដង​ពែង និង​ឃុំ​ជីខលើ​។ ក្នុងនោះ​មាន​ការកាយព្រំ​ចូល​ដី​ក្នុង​ឃុំ​ជីខលើ ប្រមាណ​ជាង​ ១០ ​ហិកតា​។

លោក​ថ្លែងថា​៖ «​ការឈូសឆាយ​កាយ​ហ្នឹង​មិនមែន​ជា​ការឆ្វៀល​ដីឯកជន​ទេ​ណា គឺ​ដី​ព្រំប្រទល់​ឃុំ​។ ខ្ញុំ​យល់ថា គួរតែ​ទុកឱ្យ​យើង​អាហ្នឹង បើ​គេ​ចង់​ធ្វើ​យ៉ាងម៉េច​អី​យ៉ាងម៉េច អាហ្នឹង​ឱ្យគេ​ឆ្លង​មក​យើង​សិន​។ ប៉ុន្តែ​មកដល់​ពេលនេះ មិនទាន់​ឃើញ​គេ​ឆ្លង​យើង​ផង​»​។

លោក ស៊ុន ឃាង មេឃុំ​ជីខលើ ថ្លែង​ពី​ម្សិលមិញ​ថា មិនមាន​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​ដូច​ការផ្សព្វផ្សាយ​នោះទេ​។ ករណីនេះ​គឺជា​ការកាយ​ព្រំដី​បន្ទាប់ពី​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​។

លោក​ថា អាជ្ញាធរ​ស្រុក​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​ប៉ុន្តែ​មិនដឹងថា មាន​ការសម្រេច​យ៉ាងណា​នោះទេ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ចុះទៅ​ជាមួយ​អាជ្ញាធរ​ស្រុក​កាលពី​ម្សិលមិញ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​ដឹងថា អាជ្ញាធរ​ស្រុក​គាត់​សម្រេច​យ៉ាងណា​នោះទេ ហើយ​ទំហំ​ផ្ទៃដី​ក៏​ខ្ញុំ​មិនបាន​ដឹង​ច្បាស់​ថា មាន​ប៉ុន្មាន​ដែរ ព្រោះ​ខាង​ស្រុក​គាត់​វាស់វែង​»​។

ទោះយ៉ាងណា លោក ស៊ុន ឃាង បញ្ជាក់ថា ដី​នៅ​ទីតាំង​នោះ អាជ្ញាធរខេត្ត​បានសម្រេច​កាត់​ឆ្វៀល​មកឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យផល​នៅ​ទីនោះ​រូចរាល់​ហើយ គ្រាន់តែ​មិនទាន់​បានធ្វើ​បណ្ណ​កម្មសិទ្ធិ​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹងថា ដី​ដែល​ទើប​កាយ​ព្រំ​ថ្មី​នោះ​មាន​ទំហំ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​កាលដែល​ខ្ញុំ​បាន​ស្នើសុំ​ឱ្យ​ខេត្ត​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​ប្រមាណ​ជា​ជាង​ ៣​ ពាន់​ហិកតា រាប់បញ្ចូល​ទាំង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទាំង​គម្រប​ព្រៃឈើ ទាំង​គម្រោង​របៀង​នៃ​ដី​តំបន់ ហើយ​ពលរដ្ឋ​ដែល​អាស្រ័យផល​នៅ​ទីនោះ​ភាគច្រើន​គឺ​ធ្វើ​ចម្ការ​ចន្ទី​»​។

លោក សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង ថ្លែង​ពី​ម្សិលមិញ​ថា​ករណីនេះ​លោក​បានឱ្យ​អាជ្ញាធរ​ស្រុក​ចុះទៅពិនិត្យ​ស្រាវជ្រាវ ហើយ​លទ្ធផល​មិនទាន់​ដឹងថា យ៉ាងណា​នោះទេ​។ ប៉ុន្តែ​បើតាម​សេចក្តី​រាយការណ៍​របស់​អភិបាលស្រុក​បានឱ្យដឹង​ថា ការឈូសឆាយដី​នៅ​ទីនោះ​គឺ​មិនមាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ហេតុនេះ ស្រុក​កំពុង​ណែនាំ​ឱ្យ​ម្ចាស់​ទីតាំង​ទៅ​ធ្វើការ​សុំច្បាប់​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ការកាយ​ព្រំ ឬ​ធ្វើការ​ឈូសឆាយ​។

លោក​បាន​ថ្លែងថា​៖ «​ដី​ហ្នឹង​បាន​អនុក្រឹត្យ​កាត់ចេញ​ជា​ដី​ប្រជាពលរដ្ឋ​ហើយ តែ​បញ្ហា​គឺ​គាត់​ធ្វើការ​អភិវឌ្ឍ​ដី​ហ្នឹង​គ្រាន់តែ​គាត់​មិនបាន​សុំច្បាប់​មក​អាជ្ញាធរខេត្ត​តែ​ប៉ុណ្ណឹង​ទេ​បាទ​។ អ៊ីចឹង​ដី​ហ្នឹង​អត់​មាន​នៅក្នុង​ឧទ្យាន​ជាតិ ឬ​ដី​រដ្ឋ​មួយណា​ទេ គឺ​រដ្ឋាភិបាល​បាន​កាត់ចេញ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ហើយ មានន័យថា ជា​ដី​គាត់​ស្រាប់​គាត់​ប្រមូល​ទិញ​ប្រមូល​អី​ពី​ពលរដ្ឋ​អ៊ីចឹងទៅ​»​។

លោក​ សុទ្ធី បាន​បញ្ជាក់ថា នេះ​មិនមែន​ជា​ការរំលោភ​ទន្ទ្រាន​យក​ដី​រដ្ឋ​នោះទេ ប៉ុន្តែ​អាជ្ញាធរ​តម្រូវ​ឱ្យ​គាត់​ធ្វើយ៉ាងណា​ដើម្បី​អាច​ឈូសឆាយ​បាន​ត្រឹមត្រូវ​។ ពោល គឺ​ត្រូវតែ​មាន​ការសុំ​ធ្វើ​បណ្ណ​កម្មសិទ្ធ​។ សុំច្បាប់​ពី​រដ្ឋបាលខេត្ត និង​ស្រុក​ដើម្បី​អភិវឌ្ឍ ដី​ឱ្យ​បាន​ត្រឹមត្រូវ​កុំឱ្យ​មាន​ការជាន់​ទៅ​លើដី​របស់​ប្រជាពលរដ្ឋ​ផ្សេងទៀត​។

មិនអាច​ទាក់ទង​ទៅ​អតីត​អធិការនគរបាល​ស្រុកស្រែ​អំបិល​លោក​ ម៉ា ទី បាន​ទេពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​៕