The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជនជាតិ​ភាគតិច​ លើក​ពី​កង្វល់​នៃ​ការកាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍




ជនជាតិ​ភាគតិច​ លើក​ពី​កង្វល់​នៃ​ការកាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍

Content image - Phnom Penh Post
ជនជាតិដើម​ភាគតិច​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក​។ រូប ហ្វេសប៊ុក

ជនជាតិ​ភាគតិច​ លើក​ពី​កង្វល់​នៃ​ការកាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍

ភ្នំពេញៈ ការនៅ​តែ​បន្ត​កើតមាន ការកាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍ និង​ភាពយឺតយ៉ាវ​ក្នុង​ការចុះបញ្ជី​ដី​សមូហភាព​របស់​ជនជាតិដើម​ភាគតិច នៅតែ​ជា​បញ្ហា​ប្រឈម ដែល​នៅតែ​បន្តធ្វើ​ឱ្យ​សហគន៍​ជនជាតិដើម​ភាគតិច ទទួលរង​គ្រោះ និង​ជួប​ការលំបាក ខណៈ​ដែល​ពួកគេ ត្រូវការ​រស់នៅ​ពឹង​អាស្រ័យ​ទៅលើ​ធនធាន​ធម្មជាតិ​ទាំងនោះ​។

នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សមាគម ជនជាតិ​ដើម​ភាគតិច​ក្នុង​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក​លើក​ទី​ ២៧ និង​លើក​ទី​ ១៧ នៅ​កម្ពុជា ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ៩ ខែសីហា ក្រោម​ប្រធានបទ រដ្ឋបាល​ពិភពលោក​នឹង​មិន​បោះបង់ចោល​នរណា​ម្នាក់​ឡើយ ជនជាតិ​ដើម​ភាគតិច និង​ការទាមទារ​កិច្ច​គាំពារ​សង្គម​ដាច់ដោយឡែក​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់ថា ដោយឡែក សមាជិក​សហគមន៍​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការចុះបញ្ជី​ដី​សហគមន៍​ជា​សមូហភាព បាន​ស្នើ​ចាកចេញ​ពី​សមាជិក​សហគមន៍​ក្នុង​ហេតុផល​ផ្សេងៗ ពិសេស​ហេតុផល​សេដ្ឋកិច្ច និង​ការលក់​ដី​។ នេះ​ក៏​ព្រោះតែ​ពួកគាត់​បាន​រង់ចាំ​យូរពេក ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​សមូហភាព និង​មាន​ការញុះញង់​ពី​អ្នកដើរ​ប្រមូល​ទិញ​ដី ឬ​មេភូមិ មេឃុំ ក្នុង​ការប្រមូលទិញ​ដី​សហគមន៍​លក់​ឱ្យ​ឈ្មួញ​។ «​ក្រៅពីនេះ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក៏​ខ្វះ​ការសហការ​រវាង​សហគមន៍ អង្គការ​ដៃគូ និង​អាជ្ញាធរ​ក្នុងការ​អនុវត្ត​នីតិវិធី រួមទាំង​ការដោះស្រាយ​បញ្ហា​ដែល​កើតមាន​ក្នុង​សហគមន៍​ឱ្យមាន​ប្រសិទ្ធភាព ជាពិសេស​បញ្ហាដីធ្លី​របស់​សហគមន៍​»​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា ការកាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍​ពី​អ្នក​ខាងក្រៅ​ (​ឈ្មួញ និង​ក្រុមហ៊ុន​) និង​មួយចំនួន​ពី​អ្នក​ខាងក្នុង​សហគមន៍​ខ្លួនឯង ដូចជា​ដីព្រៃ​បម្រុង​ទុក ដីស្រែ ដីចម្ការ​វិលជុំ ដី​ឃ្វាល​គោក្របី ដីព្រៃ​ជំនឿ​តំណម​តាមបែប​ប្រពៃណី​ ឬ​ទីតាំង​ប្រភពទឹក ឬ​ទីតាំង​កប់​សព ដែលជា​ហេតុនាំឱ្យ​បាត់បង់​ទីតាំង​គោរព​ជំនឿ​ប្រពៃណី​នឹង​អត្តសញ្ញាណ​តាមរយៈ​ការកាប់​រាន​ ដោយសារ​ការចាប់យក ឬ​ដោយសារ​ការទិញ-លក់​ខុសច្បាប់​ ឬ​បន្លំ​ឯកសារ​ខុសច្បាប់ ។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​ថា បញ្ហា​ដែល​កំពុង​កើតឡើង​ក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច គឺ​សង្គ្រាម​ដីធ្លី​នៅក្នុង​ដែន​សហគមន៍ និង​ការអប់រំ​សម្រាប់​ជនជាតិដើម​ភាគតិច​នៅមាន​កម្រិត​ទាប​បំផុត ខណៈ​ដែល​អ្នករៀន​បាន​ខ្ពស់​មាន​ប្រមាណ ២ ឬ​ ៣% ប៉ុណ្ណោះ​។ «​បញ្ហា​ការអប់រំ​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា អង្គការ​សមាគមជាតិ និង​អន្តរជាតិ គួរតែ​បង្កើន​អាហារូបករណ៍ ដល់​កូនចៅ​របស់​ជនជាតិដើម​ភាគតិច​ឱ្យបាន​ច្រើន​»​។

មួយវិញទៀត គឺ​បញ្ហា​ការទន្ទ្រាន​យក​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច ពី​អ្នកមាន​លុយ​ និង​អ្នកមានអំណាច ធ្វើឱ្យ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​ការរស់នៅ​របស់​ជនជាតិ​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក តែម ផារ័ត្ន តំណាង​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ឱ្យដឹងថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​សន្យា​ក្នុង​ការសម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធ្វើ​យ៉ាងណា ចេញ​បណ្ណកម្មសិទ្ធិ​ដី​សមូហភាព ជូន​សហគមន៍​ជនជាតិដើម​ភាគ​ឱ្យបាន​ឆាប់ ដើម្បី​កុំឱ្យ​មានការ​រំលោភបំពាន​ដីធ្លី​។

លោក​ ឯក ប៊ុនថា អគ្គនាយករង​តំណាងឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹង​ដែរ​ថា ក្នុងនាម​ក្រសួង​តែងតែ​ជំរុញ​ឱ្យ​មាន​អាជ្ញាធរ ជាពិសេស​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅតាម​បណ្តា​ខេត្ត​ដែលមាន​ជនជាតិដើម​ភាគតិច ចុះ​ស្រាវជ្រាវ និង​ធ្វើការ​សិក្សា​ចងក្រង ជា​ឯកសារ​ដើម្បី​ការពារ និង​អភិរក្ស រួមជាមួយ​ការចុះបញ្ជី​ដី​សមូហភាព​របស់​ជនជាតិ​ដើម​ភាគតិច​។

លោក​បន្តថា​៖ «​បច្ចុប្បន្ននេះ ក្រសួង​បានធ្វើ​កិច្ចការ​នេះ នៅ​ខេត្ត​ភូមិភាគ​ឦសាន​ប្រទេស ដោយ​ក្នុងនោះ​មាន​ក្រសួង​ស្ថាប័ន​មួយចំនួន​បាន​ប្រគល់​ដី​សមូហភាព​ជូន​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​វិញ​ដែរ​ហើយ សម្រាប់ធ្វើ​ជា​ទីសក្ការបូជា ដែល​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​»​។

លោក​បន្តថា ក្រៅពីនេះ ក្រសួង​វប្បធម៌​ក៏​នឹង​រៀបចំ​ឱ្យមាន​មជ្ឈមណ្ឌល​សម្រាប់​តាំងពិព័រណ៍​អចិន្រៃ្តយ៍​នូវ​សម្ភារ​ប្រើប្រាស់​របស់​ជនជាតិដើម​ភាគតិច​ផងដែរ សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជនជាតិ​ដើម​ភាគតិច​។

ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​មាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​ទឹកដី ព្រៃភ្នំ ក្រំ​ថ្ម បឹងបួ ស្ទឹង ទន្លេ ជ្រោះ ។​ល​៕

អត្ថបទគួរចាប់អារម្មណ៍