កណ្ដាលៈ តុលាការ​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​ ៨ សីហា​ បានសម្រេច​ឃុំខ្លួន​ប្តី​ប្រពន្ធ​ក្នុង​ពន្ធនាគារ​ខេត្ត បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ ២ ​ថ្ងៃ នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​។

លោក​ ឡាក់ ម៉េងធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ជន​ត្រូវ​ចោទ ឈ្មោះ ស៊ឹម វិរៈ ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ ​មាន​របរ​ជា​ជាងដែក និង​ប្រពន្ធ​ឈ្មោះ ថន សោរ អាយុ​ ៣៧ ​ឆ្នាំ​ ជា​កសិករ​រស់នៅ​ភូមិ​អន្លង់ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ក្នុង​ពន្ធនាគារ​ហើយ​។

លោក​ថ្លែងថា​៖ «​តុលាការ​បាន​ជូនដំណឹង​មក​ការិយាល័យ​ខ្ញុំ​។ ​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ពី​ល្ងាចម្សិលមិញ​ (​ថ្ងៃទី​ ៨ ​សីហា​) ​ពាក់ព័ន្ធ​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​»​។

ពាក់ព័ន្ធ​អង្គហេតុ​នៃ​ការឃុំ​​ខ្លួន​ ២ ​នាក់​ប្តី​ប្រពន្ធ​នេះ ភ្នំពេញ ប៉ុស្ដិ៍ ​មិនអាច​ទាក់ទង លោក ឯក លន់ អធិការនគរបាល​ស្រុក​មុខកំពូល ដើម្បី​សុំ​ការបញ្ជាក់​បានទេ កាលពី​ម្សិលមិញ​។

ក៏ប៉ុន្តែ​បើតាម​កំណត់ហេតុ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដែល​ ភ្នំពេញ ប៉ុស្តិ៍​ ទទួលបាន​កាលពី​ម្សិលមិញ​បាន​បង្ហាញថា ជន​ត្រូវ​ចោទ​​ទាំង​ ២ ​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ម៉ោង​ប្រមាណ​ ៩ ​យប់​ថ្ងៃទី​ ៦ សីហា នៅផ្ទះ​របស់​ពួកគេ​ក្នុងភូមិ​អន្លង់ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។

កំណត់ហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ផាត ប៊ុនធឿន ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ​ មាន​​លំនៅ​ក្នុងភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ជនរងគ្រោះ​បាន​មក​សុំ​ប្តី​ប្រពន្ធ​ខាងលើ​ធ្វើជា​កម្មករ​​ផ្សារដែក​។

បើតាម​កំណត់ហេតុ​ដដែល ការរស់នៅ​ធ្វើជា​កម្មករ​ជាមួយ​ប្តី​ប្រពន្ធ​ខាងលើ​អស់​ពេល​ប្រមាណ​ ២ ​ខែ​មុន​ថ្ងៃកើតហេតុ​ គឺ​ជនរងគ្រោះ​មិន​ទទួលបាន​ប្រាក់​ឈ្នួល​ទេ ដោយ​ជន​ត្រូវចោទ​បាន​លើក​ហេតុផល​ថា​ពួកគេ​បាន​ចំណាយ​លើ​ការហូបចុក​ប្រចាំថ្ងៃ​សម្រាប់​ជនរងគ្រោះ​ជំនួស​ប្រាក់ខែ​អស់ហើយ​។

កំណត់ហេតុ​បានបង្ហាញ​ទៀតថា នៅ​មុនពេល​កើតហេតុ​នា​ថ្ងៃទី​ ៦ សីហា ដោយសារ​តូចចិត្ត​ពេក ជនរងគ្រោះ​បាន​ទិញ​ស្រាថ្នាំ​មក​ផឹក​តែម្នាក់ឯង​នៅ​​ផ្ទះ​ប្តី​ប្រពន្ធ​នោះ រហូតដល់​វេលា​ម៉ោង​ប្រហែល​ ៩ ​យប់​។

ពេលនោះ​ជនរងគ្រោះ​ស្រវឹង​​ស្រា និង​បាន​ស្រែក​ឡូឡា​ទាំងយប់ ហើយ​ជន​ត្រូវ​ចោទ​បាន​ឃាត់ តែ​ជនរងគ្រោះ​មិន​ព្រមស្តាប់​តាម​។

កំណត់ហេតុ​បន្តទៀតថា ដោយ​ឃាត់​មិន​ស្តាប់ ទាំង​ ២ ​នាក់​ប្ដី​ប្រពន្ធ​ក៏បាន​ចាប់​ជនរងគ្រោះ និង​យក​ខ្សែ​គោ​ប្រវែង​ប្រហែល​ ២ ​ម៉ែត្រ​ចង​ជនរងគ្រោះ​​ភ្ជាប់​នឹង​សសរផ្ទះ​។ ​ពេលនោះ​អ្នកជិតខាង​ឃើញ​ក៏​រាយការណ៍​​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​សំបួរមាស​​ចុះមក​ឃាត់ខ្លួន​តែម្តង​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ទាំង​ ២ ​នាក់​ប្ដី​ប្រពន្ធ នោះបាន​សារភាពថា ពួកគេ​ពិតជា​បាន​យក​ខ្សែ​នីឡុង​ពណ៌ស​ចង​ជនរងគ្រោះ​ភ្ជាប់​នឹង​សសរផ្ទះ​របស់ខ្លួន​ពិតប្រាកដ​មែន​៕