កណ្តាលៈ បុរស​ចំណាស់​ម្នាក់​ ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី ១០ សីហា ពាក់ព័ន្ធ​ករណី​រំលោភ​ក្មេងស្រី​ម្នាក់​អាយុ ១៣ ឆ្នាំ នៅ​ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម។

លោក រស់ សារិន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល​ប្រាប់​នៅ​ថ្ងៃទី ១០ សីហាថា ជនសង្ស័យ​ឈ្មោះ​ ទឹម ទូច អាយុ ៥៩ ឆ្នាំ។

រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស.ម. អាយុ ១៣ ឆ្នាំ។ ពួកគេ​រស់នៅក្នុង​ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល។

លោក​ថ្លែងថា៖ «រឿងនេះ​មុន​យើង​សម្រេចយក​ជនសង្ស័យ​ទៅ​តុលាការ គឺ​យើង​ស៊ើបអង្កេត​រួចហើយ។ ទោះបី​ជនសង្ស័យ​ប្រកែក​ក៏ដោយ ​តែ​នគរបាល​គេ​ប្រើ​ជំនាញ​ច្បាស់លាស់​ណាស់​ មុននឹង​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ»។

លោក​ឱ្យដឹង​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងរងគ្រោះ​ថា ជនសង្ស័យ​បាន​លួងលោម​ក្មេងរងគ្រោះ​រំលោភ​សេពសន្ថវៈ​បាន ៥ ដង​ កាលពី​អំឡុង​ខែមីនា ឆ្នាំ ២០២១ នៅក្នុង​ភូមិសាស្ត្រ ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល។

ក្នុង​ពេលធ្វើ​សកម្មភាព​រំលោភម្តងៗ ជនសង្ស័យ​តែង​គំរាម​ក្មេងរងគ្រោះ​ មិនឱ្យ​និយាយ​រឿងនេះ​ប្រាប់​នរណា​ឡើយ ព្រោះ​គាត់​នឹង​សម្លាប់ចោល។

ឈ្មោះ​ ទឹម ទូច សន្យា​ថា ឱ្យ​លុយ ចំនួន ៣ ម៉ឺន​រៀល និង​ទូរស័ព្ទដៃ ១ គ្រឿង នៅពេលដែល​ឈ្មោះ​ ទឹម ទូច លក់​គោ​របស់គាត់​ដាច់។

ករណីនេះ​លោក ហេង សុផល អធិការនគរបាល​ស្រុក​ល្វាឯម​ ប្រាប់​នៅ​ថ្ងៃទី ១០ សីហា​ដែរ​ថា បើតាម​ការរៀបរាប់រ​បស់​ម្តាយ​ក្មេងរងគ្រោះ​ ដែល​បាន​ជជីក​សួរ​កូន (ក្មេងរងគ្រោះ) គឺ​រឿងនេះ​ បានកើត ឡើង​កាលពី​ខែមីនា​ ឆ្នាំ ២០២១។

លុះ​ចូលដល់​ខែសីហា ឆ្នាំ​ដដែល​ទើប​ម្តាយ​ក្មេងរងគ្រោះ​ ដាក់ពាក្យ​បណ្តឹង​មក​លោក ដោយសារ​ឃើញ​អាការ​ក្នុង​ខ្លួន​របស់​កូន​ខុសធម្មតា។

ពេលនោះ​ម្តាយ បាន​ហៅ​កូន​សួរ​ហើយ​កូន​បាន​និយាយ​ពី​ដំណើររឿង​ប្រាប់​ទើប​ម្តាយ​ក្មេង​​បាន​ដាក់​ពាក្យ​ប្តឹង​។

លោក​ថា៖ «ខ្ញុំ​បាន​ហៅ​ជនសង្ស័យ​សួរ​ តែ​គាត់​ប្រកែក​រហូត។ ខ្ញុំ​ក៏​ធ្វើ​កំណត់ហេតុ​ទៅ​កា​រិ​យា​ល័យ​ជំនាញ​ហើយ​បាន​សុំ​យោបល់​អយ្យការ​ក៏​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង»។

លោក​បន្តថា​ ក្រោយពី​ទទួលបាន​ការឯកភាព ​ពី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​មក​ លោក​ក៏​ចាត់ការ​តាម​នីតិវិធី​តែម្តងទៅ៕