ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ចេញ​សារាចរ​ណែនាំ​ចំនួន ៧ ចំណុច​ដល់​ក្រសួង ស្ថាប័ន​រដ្ឋ រដ្ឋបាល​រាជធានី-ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ ក្នុង​សារាចរ​នេះ ក៏​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ឯកជន រោងចក្រ សហគ្រាស ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ ១៩ ជា​ប្រចាំ​ទៅ​លើ​មន្ត្រី និង​បុគ្គលិក​របស់​ខ្លួន​ផង​ដែរ។

នេះ​បើ​យោង​តាម​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​នៃ​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ចុះ​ហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្ដិ​នៃ​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ នៅ​ថ្ងៃទី ១០ ខែ​សីហា​។

សារាចរ​ណែនាំ​នេះ​ក៏​យោង​តាម​ចំណារ​ចុះ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ របស់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈកម្មការជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។

ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការ​ណែនាំ​តាមរយៈ​សារាចរ​នេះ រួម​មាន ទី១ ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និង​ទីតាំង​ដែល​មាន​អង្គការ​ចាត់​តាំង ត្រូវ​ធ្វើ​តេស្ត ជា​ប្រចាំ​ទៅ​លើ​មន្ត្រី និង​បុគ្គលិក​របស់​ខ្លួន ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បន្ត​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​ក្នុង​តម្លៃ​ដើម។

២ តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​កូវីដ ១៩ ជា​តំបន់​បិទ​ខ្ទប់ ត្រូវ​បាន​កំណត់​ធ្វើ​ការ​វាយ​តម្លៃ​លើ​ប្រជាពលរដ្ឋ ដែល​មាន​ការ​ពាក់ព័ន្ធ និង​ធ្វើ​តេស្ត​រហ័ស ឬ​តេស្ដ PCR ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​សុខភិបាល។

៣ កន្លែង​យក​សំណាក​សាធារណៈ​ដោយ​មន្ត្រី​សុខាភិបាល​មូលដ្ឋាន ឬ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​សម្រាប់ ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព​ទិញ​ឧបករណ៍​តេស្ដ​រហ័ស ត្រូវ​រៀបចំ​នៅ​តាម​ស្រុក ខណ្ឌ ឬ​ឃុំ សង្កាត់។

ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ រហ័ស។ ហុង មិនា

៤ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បន្ត​លក់​ឧបករណ៍​តេស្ដ ២ ខែ​ទៀត ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​សម្បូរ និង​បន្សំ​ទៅ​នឹង​តម្លៃ​ទីផ្សារ។ បន្ទាប់​មក​ក្រសួង​នឹង​ធ្វើ​ការងារ​នេះ ឱ្យ​ទៅ​អង្គភាព​ណា​មួយ​ទទួល​ខុស​ត្រូវ ឬ​ទុក​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​តម្លៃ​សមស្រប។

៥ មន្ទីរពេទ្យ​ឯកជន និង​គ្លីនីក​ទាំង​អស់ ត្រូវ​ផ្តល់​សេវា​ធ្វើ​តេស្ត​រហ័ស​ដល់​ប្រជាពល​រដ្ឋ​ក្នុង​តម្លៃ​ទាប​សមស្រប ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល។

៦ ឱសថស្ថាន និង​ឱសថស្ថាន​រង ត្រូវ​លក់​ឧបករណ៍​តេស្ត​រហ័ស​ក្នុង​តម្លៃ​សមស្រប ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​យក​មក​ធ្វើ​តេស្ត ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់​ចត់​ដោយ​ក្រុម​ការងារ​សិក្សា និង​ស្រាវជ្រាវ​រក​ឱសថ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។

៧ មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំង​អស់ ត្រូវ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​ផ្តល់​ជូន​ដោយ ក្រសួង​សុខាភិបាល។ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ឧបករណ៍​របស់​រដ្ឋ​មាន​នៅ​លើ​ទីផ្សារ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្រសួង ស្ថាប័ន​រដ្ឋ រដ្ឋបាល​រាជធានី-ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​អនុវត្ត​ផ្សព្វផ្សាយ និង​តាម​ដាន​ការ​អនុវត្ត​សារាចរ​ណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់៕

វីដេអូ៖