ភ្នំពេញៈ ក្រុម​រថយន្ត​ចល័ត​យោធ​ភូមិភាគ​ទី​៥ រួមជាមួយ​ក្រុមគ្រូពេទ្យ​របស់​កងពលតូច​ថ្មើរជើង​លេខ​ ៥១ បានបញ្ចប់​ដំណើរការ​ចល័ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​៣ ដល់​កងកម្លាំង​ជួរមុខ​ចំនួន​ ១០ ​អង្គភាព ក្នុង​ទិស​ទី​ ១ ខេត្តបន្ទាយមានជ័យ តាម​ការគ្រោងទុក​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​យោធភូមិភាគ​ទី​៥ នៅ​ថ្ងៃទី​ ១០ សីហា បានឱ្យដឹងថា កងកម្លាំង​ចម្រុះ​ជួរមុខ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដូស​ទី​៣ (​ដូស​ជំរុញ​) រួមមាន​ស្ថាប័ន​កងទ័ព​ចំនួន​ ៩ ​អង្គភាព រួមជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​សរុប​ចំនួន​ ១០ ​អង្គភាព ដែល​បាន​ដំណើរ​ការចាក់​ចាប់ពី​ម៉ោង​ ៦:៣០ ​នាទី​ព្រឹក ដល់​ម៉ោង​ ១៦:០០ ​នាទី​រសៀល បានបញ្ចប់​តាម​ផែនការ​ថ្នាក់លើ​។

ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការចាក់​វ៉ាកសាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ជូន​កងកម្លាំងចម្រុះ ទិស​ទី​១ បន្ទាយមានជ័យ នៅ​ថ្ងៃទី​ ១០ សីហា លោក​ សេង ធារិន មេបញ្ជាការរង និង​ជា​នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​លើកឡើងថា ក្រុម​រថយន្ត​ចល័ត​យោធភូមិភាគ​ទី​ ៥ និង​ក្រុមគ្រូពេទ្យ​របស់​កងពលតូច​ថ្មើរជើង​លេខ​ ៥១ ដឹកនាំ​ដោយ​លោក សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​ ៥១ បាន​ដំណើរការ​ចល័ត​ចាក់​ចាប់ពី​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ ដល់​ព្រំប្រទល់​ខេត្តបាត់ដំបង​ជាង​ ១៥០ ​គីឡូម៉ែត្រ​។

លោក​ សេង ធារិន បញ្ជាក់ថា​៖ «​អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​កងទ័ព​គ្រប់លំដាប់​ថ្នាក់ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កងកម្លាំង​ជួរមុខ​ឱ្យបាន​លឿន​បំផុត ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​ជូន​កងកម្លាំង ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​បិទខ្ទប់​ជួរមុខ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចាប់តាំងពី​ខែធ្នូ ឆ្នាំ​ ២០២០ គិត​មកដល់​ពេល​នេះ​រយ:ពេល​ជាង​ ៨ ​ខែ​ហើយ​»​។

ជាមួយ​នឹង​យុទ្ធនាការ​នៅ​ខេត្ត​បន្ទាយមានជ័យ កងកម្លាំង​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៥ ក៏បាន​ចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ដូស​ទី​ ៣ សម្រាប់​កងកម្លាំង​ជួរមុខ​នៅ​ខេត្តបាត់ដំបង​ជា​បន្តបន្ទាប់​ផងដែរ​។

លោក ឯក សំអូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​ថ្លែងថា វ៉ាក់សាំង AstraZeneca ដែល​ចាក់​ជូន​កម្លាំង​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៥ ដូស​ទី​៣ ​នាពេលនេះ គឺជា​ការផ្តល់​ជូន​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ​វិធានការ សម្រាប់​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក​ថ្លែងថា​៖ «​ដូច្នេះហើយ បងប្អូន​ត្រូវគោរព​ដឹងគុណ​ចំពោះ​សម្តេច​ [​ហ៊ុន សែន​]​។ ទោះបីជា​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ទាំង​ ២ ​ដូស និង៣ ​ដូស ហើយ​សូម​បន្ត​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន វិធានការ​សុខាភិបាល ៣ការពារ និង​៣កុំ​»​។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បានទទួល​វ៉ាក់សាំង​ដូស​ទី​៣ ​នេះហើយ ជាមួយ​នឹង​កងកម្លាំង​ដទៃទៀត​»​។

លោក ឈឿន ត្រៃយ៉ុង នាយក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ សីហាថា ការទទួលបាន​វ៉ាក់សាំង​ដូស​ទី​៣ ​នេះ​នឹង​ធ្វើឱ្យ​កងកម្លាំង​ជួរមុខ​របស់​យើង មាន​កម្លាំង​ស្មារតី និង​មាន​សុវត្ថិភាព​ថែម ១ ​កម្រិត​ទៀត ពី​ជំងឺ​កូវីដ​ ១៩​។

បន្ថែម​ពីនេះ​លោក​ថ្លែងថា រដ្ឋបាលខេត្ត​ក៏​មិន​ភ្លេច​ជំរុញ​ឱ្យ​កងកម្លាំង​ជួរមុខ​នៅតែ​ប្រកាន់ខ្ជាប់​វិធានការ ការពារ​បន្ថែមទៀត ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​នេះ​។ ជាពិសេស គឺ​យុទ្ធនាការ​ក្នុង​ការទទួល​យក​ពលករ​ខ្មែរ​រាប់ម៉ឺន​នាក់ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ និង​ការបញ្ជូន​ពួកគេ​ដោយ​សុវត្ថិភាព ដោយ​គ្មាន​ការចម្លង​ជំងឺ​នេះ ចូល​សហគមន៍​។

លោក​បាន​គូសបញ្ជាក់ថា​៖ «​យើង​យកចិត្ត​ទុកដាក់​លើ​កម្លាំង​ជួរមុខ​យើង​ណាស់ ព្រោះ​ពួកគាត់​នឹង​ត្រូវ​ប្រឈម​នឹង​ការវិលត្រឡប់​របស់​បងប្អូន​ពលករ​យើង មកពី​ថៃ ដែល​រដ្ឋាភិបាល​បើកទ្វារ​ព្រំដែន​ទទួល​ពួកគាត់​។ កម្លាំង​ជួរមុខ​យើង គឺ​សំខាន់​ណាស់​»៕