ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន ៧ ២៦០ ​លាន​រៀល​ទៀត ដល់​បណ្ដា​ខេត្ដ​ចំនួន ១៨ ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ចត្ដាឡីស័ក​ចាប់ពី​ថ្ងៃទី​ ៩ ដល់ ថ្ងៃទី​ ២២ ខែ សីហា ឆ្នាំ​ ២០២១​។

យោងតាម​លិខិត​របស់​ក្រសួងសុខាភិបាល​ជូន​លោក ហ៊ុន សែន អំពី​តារាង​បន្ថែម​ថវិកា​ជូន​ទៅតាម​បណ្ដា​ខេត្ដ​សម្រាប់​ត្រៀម​ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី​ ២២ ខែ សីហា ​ឆ្នាំ​ ២០២១ រួមមាន ខេត្ដ​បាត់ដំបង បន្ទាយមានជ័យ​ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ តាកែវ កំពង់ចាម កំពង់ឆ្នាំង កែប កំពង់ស្ពឺ កំពង់ធំ ស្ទឹងត្រែង ព្រះសីហនុ និង​ខេត្ដ​សៀមរាប​។

តាម​តារាង​បន្ថែម​ថវិកា​ឧបត្ថម្ភ​ដល់​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន​នេះ​បាន​ឱ្យ​ដឹងថា ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន​ ៧ ២៦០ ​លាន​រៀល​ទៀត​នេះ ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ចត្ដាឡីស័ក​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ជាង ១៨ ០០០ ​នាក់​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ថ្លែងប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ​កាលពី​ម្សិលមិញ ទាក់ទង​នឹង​ការទទួលបាន​ថវិកា​ឧបត្ថម្ភ​សម្រាប់​ការរៀបចំ​ការធ្វើ​ចត្ដាឡីស័ក​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ដ​កំពង់ស្ពឺ​ថា កន្លងមក​ខេត្ត​មិន​ធ្លាប់​ជួបប្រទះ​បញ្ហា​អ្វី​ទេ ខណៈ​ថវិកា​ឧបត្ថម្ភ​លើក​នេះ ខេត្ដ​កំពង់ស្ពឺ ទទួល​បាន​ចំនួន ៤៥០ ​លាន​រៀល​។

លោក​ឱ្យដឹងថា បច្ចុប្បន្ន​ខេត្ដ​កំពង់ស្ពឺ​អាច​គ្រប់គ្រង​សភាពការណ៍​បាន ចំពោះ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ខណៈ​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ គិត​ត្រឹម​ថ្ងៃទី​ ១០ ខែសីហា មាន​ចំនួន​សរុប​ជាង ៤ ​ពាន់​នាក់ ​ក្នុង​នោះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​នៅ​សេសសល់​តែ​ជាង ១០០ ​នាក់​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​អ្នក​ដែល​កំពុង​ធ្វើ​ចត្ដាឡីស័ក​ក្នុង​ខេត្ដ​យើង​មកដល់ពេលនេះ នៅសល់​ជាង​ ១ ​ពាន់​នាក់ កំពុង​ធ្វើ​ចត្ដាឡីស័ក​ក្នុង​មណ្ឌល​ចត្ដាឡីស័ក​ចំនួន​ ២៤ នៅ​ទូទាំង​ខេត្ដ​។ អ្នកជំងឺ​យើង​នៅសល់តែ​ជាង​ ១០០ ​នាក់​ទេ កាលពី​ម្សិលមិញ​ (៩ ​សីហា​) ​យើង​ព្យាបាល​ជាសះស្បើយ​ជាង​ ៤០ ​នាក់​ទៀត​»​។

បើតាម​លោក​អភិបាលខេត្ត​កំពង់ស្ពឺ នៅ​មិនមាន​ការឆ្លង​ចូល​ប្រភេទ​មេរោគ​កូវីដ​ ១៩ បំប្លែង​ថ្មី ដែលតា​ Detla ​ដល់​ប្រជាពលដ្ឋ​នៅក្នុង​ខេត្ដ​ទេ​។

លោក ងួន រតនៈ អភិបាល ខេត្ត​បាត់ដំបង​បាន​ឱ្យ​ដឹង​ដែរ​ថា ថវិកា​ឧបត្ថម្ភ​បន្ថែម​សម្រាប់ ការរៀបចំ​ធ្វើ​ចត្ដាឡីស័ក​នេះ​អាច​នឹង​មកដល់​នៅ​ថ្ងៃទី​​ ១៣ ខែសីហា ដោយ​ខេត្ដ​បាត់ដំបង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន ៨៤០ លាន​រៀល​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ខ្ញុំ​កំពុង​ចុះ​ចែក​អំណោយ​ដល់​ពលករ នៅ​កន្លែង​ចត្ដាឡីស័ក​។ ថវិកា​ដែល​សម្ដេច​បន្ត​ឧបត្ថម្ភ​នេះ​យើង​បានទទួល​ហើយ ដើម្បី​ប្រើ​ឱ្យ​ការរៀបចំ​ការធ្វើ​ចត្ដាឡីស័ក​ជា​បន្តបន្ទាប់​ទៀត ចំពោះ​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ​»​។

បើតាម​លោក​អភិបាលខេត្ដ បច្ចុប្បន្ន​ខេត្ដ​បាត់ដំបង​មាន​ពលរដ្ឋ​កំពុង​ធ្វើ​ចត្ដាឡីស័ក​ចំនួន​ជាង​ ១ ៣០០ ​នាក់ ​នៅ​តាម​មណ្ឌល​ចត្ដាឡីស័ក​ចំនួន ២០​។ រីឯ​អ្នកជំងឺ​កូវីដ​ ១៩ កំពុង​ព្យាបាល​មាន​ជាង​ ១ ​ពាន់​នាក់​។

តាមរយៈ​សារ​ពិសេស​កាលពី​ថ្ងៃទី​ ៦ ខែសីហា លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​រៀបចំ​មណ្ឌល​ចត្តាឡីស័ក​ និង​មណ្ឌល​ព្យាបាល​នៅតាម​បណ្តា​រាជធានី-ខេត្ត​បន្ថែមទៀត ដើម្បី​ទទួលយក​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ព្រំដែន​គោក បន្ទាប់ពី​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ និង​ការរកឃើញ​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើង​នៃ​វីរុស​កូវីដ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​លើ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ឥឡូវ​យើង​បាន​សង្កេតឃើញ​អំពី​វត្ដមាន​នៃ​បងប្អូន​ជន​រួមជាតិ​របស់​យើង ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការព្យាបាល នៅក្នុង​ប្រទេស​របស់ខ្លួន​វិញ​។ យើង​ក៏បាន​ខិតខំ​សម្រួល​ឱ្យ​បងប្អូន​ដែលមាន​ជំងឺ​បាន​ឆ្លងកាត់​ព្រំដែន​មក​ទទួល​សេវា​ព្យាបាល​នៅ​ខាង​ទឹកដី​របស់​យើង​បូក​បន្ថែម​ទៅដោយ​ការបញ្ជូន​ស្បៀង​ទៅកាន់​ទឹកដី​ថៃ ដើម្បី​ជួយ​ផ្គត់ផ្គង់​បងប្អូន​នៅ​ទីនោះ​»៕